តួកគីស្នើជាផ្លូវការឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាហ្សាម៉ាន់

រដ្ឋាភិបាលតួកគីបានស្នើជាផ្លូវការឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាហ្សាម៉ាន់ (Zaman) នៅកម្ពុជា ដោយថាមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅប្រទេសតួកគីកាលពីខែមុន។

សំណើជាផ្លូវការឲ្យបិទសាលាហ្សាម៉ាន់នៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាផ្លូវការរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក  (Ilhan Khemal Tug) នៅព្រឹកថ្ងៃចន្ទនេះ ។

ឆ្លើយតបនឹងសំណើនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំថា កម្ពុជាកំពុងពិនិត្យលើករណីមួយនេះ ដោយធ្វើការសហការជាមួយនឹងស្ថាប័នដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា លោកសុំមិនធ្វើការអធិប្បាយបន្ថែមឡើយ បើទោះជាអ្នកសារព័ត៌មានព្យាយាមសួរបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកម្ពុជាលើករណីនេះយ៉ាងណានោះ។

លោកនិយាយថា៖រដ្ឋាភិបាលខាងស្ថានទូតតួកគីបានលើកសំណើចំពោះក្រសួងការបរទេស ស្នើសុំឲ្យមានការបិទសាលាហ្សាម៉ាន់ ហើយបច្ចុប្បន្ននេះយើងកំពុងតែធ្វើការពិនិត្យពិចារណាលើសំណើនេះដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូច្នេះវាជាព័ត៌មានដែលយើងអាចផ្តល់ជូននៅពេលនេះបាន យើងអត់មានព័ត៌មានដែលចូលជ្រៅជាងនេះទៀតទេណា ដូច្នេះបញ្ហាឥលូវហ្នឹង យើងអាចនិយាយបានថា យើងកំពុងតែពិនិត្យ យើងមិនអាចប្រកាន់ជំហរណាមួយទេ ឧទាហរណ៍ដូចដែលប្អូនលើកឡើងអញ្ចឹង បើនិយាយថា យើងចាត់ទុកអង្គការហ្នឹងជាអង្គការភេវរកម្ម វាជាការមួយបង្ហាញពីជំហរបាត់ទៅហើយ

ឯកអគ្គរដ្ឋទូតតួកគី លោក អីលហាន កេនម៉ាល់ ទុក  (Ilhan Khemal Tug) ធ្លាប់បានធ្វើសន្និសីទកាសែតមួយនៅស្ថានទូតរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ដោយបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគាំទ្រគ្រប់រូបភាព និងចង់ឃើញសាលាហ្សាម៉ាន់ បញ្ចប់សកម្មភាពគ្រប់យ៉ាងនៅកម្ពុជា។ សាលាហ្សាម៉ាន់នៅកម្ពុជាត្រូវបានចោទប្រកាន់ថាមានពាក់ព័ន្ធនឹងអង្គការភេវរកម្មចលនា លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen)។

សំណើនោះធ្វើឡើងក្រោយពីកងប្រដាប់អាវុធតួកគីបានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារយោធាបណ្តេញប្រធានាធិបតីបច្ចុប្បន្នលោក រីស៊ីប តាយីប អេដូហ្កាន់ (Recep Tayyip Erdogan) ពីអំណាចកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយរដ្ឋាភិបាលតួកគីបានចោទសមាជិកចលនាសង្គមអ៊ីស្លាមសេរីរបស់លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) ជាអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។

ប្រធានក្រុមហ៊ុនហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) ធ្លាប់បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ ខែកក្កដា ច្រានចោលនូវការដែលថាសាលាហ្សាម៉ាន់ជាប់ទាក់ទងនឹងការធ្វើរដ្ឋប្រហារនៅតួកគី ហើយស្នើឲ្យរដ្ឋាភិបាលតួកគីបង្ហាញភស្តុតាងច្បាស់លាស់។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្លាប់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា កាលពីថ្ងៃទី៣ ខែសីហា ថា ហ្សាម៉ាន់ជាសាលាមួយមានគុណភាពល្អ។ ទោះជាយ៉ាងណាលោកថា ការសម្រេចបិទសាលានេះឬយ៉ាងណានោះ វាជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល។

លោកនិយាយថា៖ក្រសួងអប់រំមិនមែនជាស្ថាប័នដែលត្រូវសម្រេចរឿងការងារការបរទេសដែរ អញ្ចឹងខ្ញុំក៏អត់មានការអ្វីដែលត្រូវលើកឡើងដែរ គ្រាន់តែកន្លងទៅ សាលានេះជាសាលាមួយដែលមានគុណភាពល្អ ប៉ុន្តែក្រសួងក៏មិនមានព័ត៌មានអីពាក់ព័ន្ធនឹងសាលាហ្សាម៉ាន់ដែរ ហើយក៏មិនមែនជាសមត្ថកិច្ចរបស់ក្រសួងអប់រំក្នុងការពិនិត្យរឿងនេះដែរ នេះជាកិច្ចការរបស់រាជរដ្ឋាភិបាល

វីអូឌីមិនអាចទាក់ទងសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់ លោក ដេត សុខឧត្តម នៅថ្ងៃនេះបានទេ ដោយទូរសព្ទរបស់លោកហៅចូលច្រើនដង ប៉ុន្តែមិនបានទទួល។

គួរបញ្ជាក់ថា សមាជិកនៃចលនារបស់លោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)  បានបង្កើតបណ្តាញនៃសាលារៀននិងសាកលវិទ្យាល័យដែលដំណើរការនៅក្នុងប្រទេសជាង១០០លើសកលលោក។ ក្នុងនោះ សាលាហ្សាម៉ាន់នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ អាទីឡា យូសេហ្វ ហ្គូលីឃឺ (Atilla Yusef Guleker) ដែលជាអតីតអ្នកកាសែតនៅប្រទេសតួកគីនិងត្រូវបានគេស្គាល់ថាជាសមាជិកនៃចលនាលោក ហ្វេទុឡា ហ្គូឡេ (Fethullah Gulen)។

សាលាអន្តរជាតិហ្សាម៉ាន់នៅកម្ពុជាត្រូវបានបង្កើតឡើងដំបូងសម្រាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ក្នុងឆ្នាំ១៩៩៧។ សាលានេះត្រូវបានផ្តល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យជាប្រចាំដោយក្រសួងអប់រំ យុវជន និងកីឡា រហូតមកដល់ពេលនេះហ្សាម៉ាន់មានសាខាចំនួន៤នៅរាជធានីភ្នំពេញ ហើយមានសិស្សជាង២ពាន់នាក់ ចាប់ពីមត្តេយ្យដល់សាកលវិទ្យាល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ