អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាង​ត្បូង ចំ​ពេលមាន​ភាព​តាន​តឹង​ខ្លាំង

(រូបភាពពី Reuters)

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃនេះ ដែលបង្កឲ្យមានការព្រមានពីការសងសឹកពីកូរ៉េខាងជើង ខណៈដែលភាពតានតឹងបានកើនឡើងកាន់តែខ្លាំង ដោយសារតែអ្នកកាទូតកូរ៉េខាងជើងចុះចូលនឹងក្រុងសេអ៊ូល។

កូរ៉េខាងជើងបានក្លាយជារដ្ឋកាន់តែឯកោថែមទៀត បន្ទាប់ពីការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៤របស់ខ្លួនកាលពីខែមករា ហើយការបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយកាលពីខែកុម្ភៈកន្លងមកនេះបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរឹតបន្តឹងទណ្ឌកម្ម ដែលនាំឲ្យក្រុងព្យុងយ៉ាងតបតវិញ ដោយការបាញ់គ្រាប់មីស៊ីលជាច្រើនថែមទៀត។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថាកងទ័ពអាមេរិកប្រហែល២ម៉ឺន៥ពាន់នាក់ កំពុងចូលរួមក្នុងសមយុទ្ធការពារសេរីភាពអ៊ុលឈី ដែលនឹងបន្តរហូតដល់ថ្ងៃទី២ខែកញ្ញា។ គណៈកម្មការយោធាអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិក បាននិយាយថាខ្លួនបានជូនដំណឹងទៅកងទ័ពកូរ៉េខាងជើងថា សមយុទ្ធនេះមិនមែនជាសកម្មភាពបង្កហេតុទេ។

កូរ៉េខាងជើងបានចាត់ទុកសមយុទ្ធនេះជាការត្រៀមខ្លួនសម្រាប់ឈ្លានពាន ហើយនៅព្រឹកថ្ងៃចន្ទនេះបានគំរាមវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងតែងតែចាត់ទុកសកម្មភាពបែបនេះជាការគំរាម។

កាលពីសប្ដាហ៍មុន កូរ៉េខាងត្បូងបានប្រកាសថា លោក ថែ យ៉ុងហូ អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ បានចុះចូលនិងបានធ្វើដំណើរជាមួយក្រុមគ្រួសាររបស់លោកទៅដល់ក្រុងសេអ៊ូល ដែលនេះគឺជាការវាយប្រហារមួយទៅលើរបបគ្រប់គ្រងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ