លោក ហ៊ុន សែន៖ ការកាប់បំផ្លាញព្រៃឈើស្មើកាប់ក្បាលខ្ញុំ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឲ្យមន្ត្រីរបស់ខ្លួន ឲ្យពង្រឹងប្រសិទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើ ដោ​យថា ការបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោកថា «ស្មើកាប់ក្បាលរបស់លោក»។

ក្នុងវេទិកាជាតិ «ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ» ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២២ខែសីហានេះ លោក ហ៊ុ​ន សែន បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលលោកថា ជួយកសា​ង​បន្តិ​ច​​​បន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃនៅតាមខេត្តមួយចំនួនទៅវិញ។

លោក ហ៊ុន សែន រំឭកថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាកដូចប​ង្ក្រាបឧក្រិដ្ឋជន​ ជួញដូ​រគ្រឿងញៀ​ននោះទេ។

លោកថា៖ «គ្រឿងញៀនចុះថាវាលំបាកក្នុងការត្រួតពិនិត្យ ដោយសារគេលួចលាក់ អាខ្លះលេ​បទៅ​ក្នុ​​ង​ពោះ​​ ខ្លះដាក់ក្នុងនេះ ខ្លះដាក់ក្នុងនោះ។ ប៉ុន្តែឈើរឿងស្អីទៅរួច ព្រោះវាដា​ក់លើឡា​នពេញ​ៗ​ហ្នឹង»។

លោក ហ៊ុន​ សែន ថ្លែងទៀតថា លោកស្អប់ជាទីបំផុតមនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រក​ក្រោមស្លាក​ជួយ​​កសាងតិចតួចនេះ។ លោកបញ្ជាក់ថា មន្ត្រីដែលបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើ លោក​ថាមិន​ខុសអីពីកាប់ក្បាលលោកនោះទេ។

លោកថា៖ «កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ។ អញ្ចឹងបា​ន​ជាខ្ញុំ​​ករុ​ណា​ខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស ​ខ្ញុំ​ករុណ​ខ្ញុំ​ តែ​​​​ង​រំឭកហើយ ថាកុំឲ្យមានការអត់អោនជាមួយ​អ្នកប្រព្រឹត្តអំពើអាណាធិបតេយ្យ អំពីបញ្ហាកា​ប់បំផ្លា​ញព្រៃ​​ឈើ​​ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។

សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះមួយរូប គឺលោក អ៊ូច ឡេង លើកឡើងថា លោកហាក់គ្មានជំនឿលើ​កា​រប្តេជ្ញាចិត្តជាថ្មីទៀតរបស់ប្រមុខរដ្ឋាភិបាលនោះទេ ដោយលោកថា មន្ត្រីដែលជាប់​ពាក់ព័ន្ធនឹងកា​រកា​ប់​បំ​​ផ្លា​​​​​ញព្រៃឈើនេះ លោកថា ភាគច្រើនជាមន្ត្រីស្និទ្ធនឹងរដ្ឋាភិបាល ដែលលោកថា ប្រព័ន្ធច្បា​​​ប់បច្ចុ​ប្បន្នមិ​ន​ហ៊ា​ន​​កាត់ទោសពួកគេទេ។

លោកថា៖ «អ្នកដែលរកស៊ីឈើ សុទ្ធតែជាមន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាឧកញ៉ា ដែលជាកូន​ចៅ​បង្កើ​​តរបស់គាត់។ អាហ្នឹងហើយ ដែលយើងមានការព្រួយបារម្ភថា បញ្ជារបស់សម្តេ​ចមិនមានប្រសិ​ទ្ធភា​ពទា​ល់តែសោះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៥ បានបង្កើតក្រុមការងារពិសេសមួយ ឲ្យបង្ក្រា​បប​ទល្មើស​ព្រៃឈើ ព្រមទាំងផ្តល់អំណាចដល់ក្រុមការងារនោះ អាចប្រើអា​វុធស្វ័យ​ប្រវត្តិបាញ់រះពីលើអាកា​ស​ទៀ​តផង ឲ្យតែ​ការបង្ក្រាបនោះមានប្រសិទ្ធភាព។

ប៉ុន្តែច្រើនឆ្នាំមកនេះ គ្មានឧកញ៉ាណាម្នាក់ ត្រូចបានចោទប្រកាន់ពីបទល្មើសព្រៃឈើនោះទេ បើទោះបីលោក ហ៊ុន សែន ធ្លាប់និយាយចំឈ្មោះ​ឧកញ៉ាមួយចំនួនថា ពួកគាត់ជាប់ពាក់​ព័ន្ធនឹងឧក្រិ​ដ្ឋកម្មព្រៃ​​ឈើក៏ដោយ។

ទោះជាយ៉ាងណា ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នៅថ្ងៃនេះ លោក ហ៊ុន សែន បាន​ប្រ​កាស​ប្រាប់អ្នកចូលរួមថា រដ្ឋាភិបាលនឹងបន្តសហការជាមួយក្រុមអង្គការជាដៃគូ ដើម្បីទប់ស្កាត់​បទល្មើ​ស​​ព្រៃឈើ​នេះ ឲ្យមានប្រសិទ្ធភាពនិងផ្តល់កម្លាំងសហការ បើមានការស្នើសុំ។

បើតាមរបាយការណ៍ ធនាគារពិភពលោក ឲ្យដឹងថា គម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០ភាគរយនៅក្នុងឆ្នាំ២០០៦ មកនៅតិចជាង ៤៧ភាគរយ នៅឆ្នាំ២០១៤ និងប្រមាណជា ៤៥ភាគរយនៃតំបន់ដីសើមធម្មជាតិកាលពីដើមរបស់កម្ពុជា ត្រូវបានបាត់បង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ