នាយករដ្ឋមន្ត្រីបញ្ជាអភិបាលរាជធានីថ្មី ឲ្យដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់បឹងកក់

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានបញ្ជាផ្ទាល់មាត់ ឲ្យអភិបាលរាជធានីភ្នំពេញ ដែលទើបឡើងកាន់តំណែងថ្មី ដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់បឹងកក់ ដែលនៅសេសសល់។

ការបញ្ជានេះ ធ្វើឡើងក្រោយពីតំណាងសហគមន៍នៅតំបន់បឹងកក់ បានឡើងថ្លែងដោយត្អួញត្អែរពីបញ្ហា ជម្លោះដីធ្លីនេះ ដែលបានអូសបន្លាយជាច្រើនឆ្នាំ ដោយពួកគាត់ បានចោទអាជ្ញាធរថ្នាក់ក្រោមថាមិនរាយការណ៍ឲ្យដល់នាយករដ្ឋមន្រ្តី។

ថ្លែងនៅក្នុងវេទិកាជាតិលើកទី២ ​ស្តីពី ​«ការការពារ ​និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃអង្គារទី២២សីហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញថ្មី គឺ លោក ឃួង ស្រេង ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ឲ្យអស់។

លោកមានប្រសាសន៍ថា៖ «បឹងកក់នៅសល់ប៉ុន្មានៗ អីប៉ុន្មាន ដីនៅសល់ក្រែលតើ នៅសល់បញ្ចប់ទៅឲ្យវាឆាប់ចប់ទៅ​ ឥឡូវនៅសល់ដីប៉ុន្មាន ព្រោះដីហ្នឹង ការដែលវាស់ហ្នឹង គឺមានបងប្អូនចេះតែតវ៉ា ដែលខ្ញុំក្ដាប់បានអាវាស់ហ្នឹងចេញអនុក្រឹត្យទៅហើយ គឺវានៅសល់ដីអាដី ដែលនៅសល់ដោះស្រាយឲ្យបងប្អូនទៅ»។

តំណាងសហគមន៍បឹងកក់អ្នកស្រី ប៊ូវ សោភា សាទរ ចំពោះរដ្ឋាភិបាល ដែលបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញថ្មី បញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់។ អ្នកស្រីបន្តថា នៅពេលដែលរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីនៅបឹងកក់ចប់ហើយ ពួកគាត់អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ដោយថាការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី ដោយសារការតវ៉ារឿងដីធ្លី។

អ្នកស្រីថា៖ «បើសិនជាករណីនៅតំបន់បឹងកក់ដោះស្រាយចប់។ អ្វីដែលខ្ញុំសង្ឃឹមជឿជាក់ជាងហ្នឹងទៀត គឺសូមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ព្រោះគាត់គឺជាសកម្មជនតវ៉ារឿងដីធ្លី គាត់ជាប់ពន្ធនាគារថ្ងៃដែលគាត់រត់រកកិច្ចអន្តរាគមន៍នៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ហ្នឹងឯង ដែលត្រូវជាប់ពន្ធនាគារដល់ពេលនេះ»។

ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ លោក សៀ ភារម្យ ក៏សាទរចំពោះចំណាក់ការរបស់រដ្ឋាភិបាលផងដែរ។ លោកបន្តថា បើរដ្ឋាភិបាលបើកឲ្យមានវេទិការ ជួបជាមួយពលរដ្ឋជារៀងរាល់ឆ្នាំនេះ វាជារឿងល្អដើម្បីធ្វើការដោះស្រាយបញ្ហាដែលកើតឡើងកន្លងមក។

លោកថា៖ «បើសិនអាច គាត់គួរតែបញ្ចប់នៅវប្បធម៌ហិង្សារបស់អាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនមកបំពានមកលើពលរដ្ឋខ្លួន ដែលជាឱកាសមួយនៅក្នុងការបំផ្លាញ​សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច ហើយជាបំបាក់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីផងដែរ…យើងគួរតែ យល់នៅទង្វើល្អ ដូចជា ឯកឧត្តម ជា សុផារ៉ា ​គាត់ដោះស្រាយប៊ូឌីង គឺថាល្អមែនទែន អាហ្នឹងហើយ គឺជាការសន្សំនៅសន្លឹកឆ្នោត ហើយសិនធ្វើដូចជាជ្រោយចង្វារ ដូចជា បឹងកក់ បុរីកីឡាវិញ គឺជាបំផ្លិចបំផ្លាញសន្លឹកឆ្នោត ដោយខ្លួនឯង ជាអ្នកនៅខាងក្រោមថ្នាក់ជាតិ»។

បើតាមអ្នកស្រី ប៊ូវ សោភា ពលរដ្ឋចំនួន ២៥គ្រួសារទៀត នៅមិនទាន់ទទួលបានដំណោះស្រាយ ក្នុងនោះមានចំនួន៧គ្រួសារ នៅភូមិ១ ដែលត្រូវបានក្រុមហ៊ុនបូមខ្សាច់ពន្លិច កាលពីឆ្នាំ២០១០។ ចំណែក១៦គ្រួសារទៀត នៅភូមិ១ ផ្លូវរថភ្លើងដែលទទួលបាន ចុងសន្លឹកហើយ ប៉ុន្តែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ និងអ្នកខ្លះទៀត មិនព្រមទទួលយកដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ។

ពលរដ្ឋនៅតំបន់បឹងកក់ឲ្យដឹងទៀតថា ពួកគាត់ មានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីនជាង១០ឆ្នាំដោយកន្លងមក ពួកគេបាននាំគ្នាដាក់ញត្តិ រកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនានាឲ្យជួយដោះស្រាយ ដោយអ្នកខ្លះត្រូវជាប់គុក ដោយសារការតវ៉ា។ ហើយតំណាងសហគមន៍បឹងកក់ដ៏ល្បីល្បាញ អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញ ចាប់ខ្លួនម្តងទៀតកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ។

កាលពីឆ្នាំ២០១១ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដោយបានកាត់ដីចំនួន ១២.៤៤ ហិចតា ឲ្យប្រជាពលរដ្ឋជាង៧០០គ្រួសារ នៅតំបន់បឹងកក់។ ទោះជាយ៉ាង បញ្ហានៅតំបន់បឹងកក់ នៅតែបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ដោយនេះ ទំនងបណ្តាលមកពីទំនាស់ផលប្រយោជន៍ និងយន្តការដោះស្រាយមានភាពមិនប្រក្រតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ