តុលាការ​ឥណ្ឌា​ហាម​ឃាត់​ប្រពៃណី​លែង​លះ​ប្រពន្ធ​ដ៏​ឆាប់​រហ័ស​នៅ​វប្បធម៌​ឥស្លាម

តុលាការ​កំពូល​ឥណ្ឌា បាន​សម្រេច​​ថា ប្រពៃណី​លែង​លះ​ប្រពន្ធ​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​វប្បធម៌​ឥស្លាម មិន​ត្រឹម​ត្រូវ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នោះ​ឡើយ ដែល​ការ​សម្រេច​បែប​នេះ គូស​បញ្ជាក់​ពី​ជោគ​ជ័យសម្រាប់​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​សង្គម​ឥណ្ឌា។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សាល​ក្រម​មួយ​ដែល​មាន​សំឡេង​គាំ​ទ្រ ៣ ទល់​នឹង​សំឡេង​ជំទាស់ ២ តុលារការ​កំពូល​បាន​ហៅ​ប្រពៃណីលែង​លះ​ប្រពន្ធ​ថា មិន​មែន​ជា​វប្បធម៌​ឥស្លាម​នោះ​ឡើយ។

ឥណ្ឌា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត ដែល​បុរស​មូស្លីម​ម្នាក់​អាច​លែង​លះ​ប្រពន្ធ​របស់​ខ្លួន​បាន​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ តាម​រយៈ​ការ​និយាយ​ពាក្យ​ តាឡាក់ ៣​ដង។ ពាក្យ​តាឡាក់​នេះ បក​ប្រែ​ថា លែង​លះ។

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ បាន​កើត​ឡើង​ស្រប​ទៅ​នឹង​ការ​ជំទាស់​ទៅ​នឹង​ប្រពៃណី​ត្រី​តាឡាក់ ដែល​មាន​ន័យ​ថា ការ​និយាយ​ពាក្យ​នេះ​បី​ដង ដើម្បី​លែង​លះ​ប្រពន្ធ។

ករណី​ទាំង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ស្ត្រី​មូស្លីម ៥​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ ក្រោយ​ពី​ប្ដី​របស់​ពួកគេ​បាន​ជ្រើស​រើស​ប្រពៃណី​បែប​នេះ​សម្រាប់​លែង​លះ​ពី​ពួកគេ និង​បន្ទាប់​ពី​មាន​បណ្ដឹង​ពី​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី បាន​សាទរ​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះរបស់​តុលាការ ដោយ​ចាត់​ទុក​ជា​ជ័យ​ជម្នោះ​ជា​ប្រវត្តិសាស្ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ