លោក ដូណាល់ ត្រាំ ប្រកាស​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​នៅ​អាហ្វហ្កានីស្ថាន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន នឹង​​ផ្ដល់​ឱកាស​ដល់​ពួក​ភេរវករ។ នេះដោយសារ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

សារព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្ដី​លោក ដូណាល់ ត្រាំ ដែល​បាន​និយាយ​ថា លោក​សម្រេច​ឲ្យ​កង​ទ័ព​អាមេរិក​បន្ត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ និង​ប្រយុទ្ធ​នៅ​ទីនោះ ដោយ​ថា ដើម្បី​បញ្ចៀស​កំហុស​ដូច​កើត​ឡើង​នៅ​ប្រទេស​អ៊ីរ៉ាក់។

លោក ត្រាំ បាន​និយាយ​ថា លោក​ចង់​ផ្លាស់​ប្ដូរ​ពី​វិធីសាស្ត្រ​ផ្អែក​លើ​ពេល​វេលា​នៅ​អាហ្វហ្កានីស្ថាន ទៅ​វិធីសាស្ត្រ​មួយ​ដែល​ផ្អែក​លើ​ស្ថានការណ៍​ជាក់​ស្ដែង ដោយ​លោក​បន្ថែម​ថា លោក​នឹង​មិន​ដាក់​ចេញ​កាល​បរិច្ឆេទ​ចុង​ក្រោយ​ទេ។

ទោះជាយ៉ាងណា ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​ព្រមាន​ថា វា​មិន​មែន​ជា​ “ក្រដាស​ស៊ែក​ទទេ”​សម្រាប់​អាហ្វហ្កានីស្ថាន​នោះ​ឡើយ។

លោក​ថ្លែង​ថា អាមេរិក​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដរាប​ណា​អាមេរិក​មើល​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​រីក​ចម្រើន។

បើ​តាម BBC លោក ត្រាំ ក៏​បាន​ព្រមាន​ប្រទេស​ប៉ាគីស្ថាន​ផង​ដែរ​ថា អាមេរិក​នឹង​មិន​អធ្យាស្រ័យ​ត​ទៅ​ទៀត​នោះ​ឡើយ​ដល់​ប្រទេស​នេះ ដែល​ផ្ដល់​ជម្រក​ដល់​ពួក​ជ្រុល​និយម ដោយ​លោក​ថា ប៉ាគីស្ថាន​បាន​ខាត​បង់​ច្រើន ប្រសិន​បើ​ប៉ាគីស្ថាន​មិន​ឈរ​នៅ​ខាង​អាមេរិក​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ