អាមេរិក​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​ក្រោយ​នាវា​ចម្បាំង​ទី​ពីរ​បុកគ្នា​នៅ​សិង្ហបុរី

កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​ប្រកាស​នូវ​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​នាវា​ចម្បាំង​របស់​ខ្លួន​បាន​បុក​គ្នា​ជាមួយ​នឹង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង ដែល​បណ្ដាល​ឲ្យ​បាត់​ខ្លួន​នាវិក ១០​រូប និង​ ៥​នាក់​ទៀត​រង​របួស។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយរបស់​សារព័ត៌មាន Channel News Asia។

ប្រមុខ​ប្រតិបត្តិការ​កង​ទ័ព​ជើង​ទឹក លោក​ឧត្ដម​នាវី John Richardson បាន​បញ្ជា​ទៅ​ក្រុម​មេ​បញ្ជាការ ឲ្យ​កំណត់​ពេល​វេលា ១ ឬ​ក៏ ២​ថ្ងៃ​នៅ​ក្នុង​មួយ​សប្ដាហ៍ សម្រាប់​ក្រុម​បុគ្គលិក​ទាំង​អស់​ធ្វើការ​រួម​គ្នា បន្ទាប់​ពី​នាវា​ពិឃាត John McCain បាន​បុក​គ្នា​ជាមួយ​នឹង​នាវា​ដឹក​ប្រេង​នៅ​ក្នុង​ដែន​ទឹក​សិង្ហបុរី។

លោក Richardson បាន​រៀប​រាប់​ថា គ្មាន​សញ្ញា​ណាមួយ​បញ្ជាក់​ថា ការ​បុក​គ្នា​នោះ​ជា​ចេតនា ឬ​ក៏​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​ ឬឈ្លាន​ពាន​នោះ​ឡើយ។ ប៉ុន្តែ លោក​បន្ត​ថា ការ​​ត្រួត​ពិនិត្យ​នឹង​ពិចារណា​លើ​លទ្ធភាព​ទាំង​អស់។

លោក Richardson មិន​បាន​សម្រេច​ថា មាន​ការ​លូក​លាន់ ឬ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនថឹណិត​នៅ​ពី​ក្រោយ​ការ​បុក​គ្នា​នេះ​ឡើយ ប៉ុន្តែ បាន​និយាយ​ថា លោក​មិន​ចង់​ធ្វើ​បុរេ​វិនិច្ឆ័យ​ទៅ​លើ​ការ​ស៊ើប​អង្កេត​នោះ​ឡើយ។

ចំណែក​ឯ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក James Mattis ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ហ្សង់ដង់​នោះ បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​របស់​លោក Richardson នឹង​ពិនិត្យ​មើល​លើ​​គ្រោះ​ថ្នាក់​ឧបទ្ទវ​ហេតុ​​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​លើ​​សមុទ្រ។ លោក​បន្ត​ថា លោក Richardson នឹង​ពិនិត្យ​មើល​លើ​គ្រប់​កត្តា​ទាំង​អស់ មិន​មែន​គ្រាន់​តែ​កត្តា​មួយ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ