ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​កំពុង​ខ្វះ​ខាត​​លុយ​សម្រាប់​ការការពារ​លោក ត្រាំ និង​ក្រុម​គ្រួសារ

ទីភ្នាក់ងារ​សម្ងាត់​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហាកង្វះ​ខាត​ថវិកា​សម្រាប់​ចំណាយ​លើ​ប្រាក់​ថែម​ម៉ោង​ដល់​ភ្នាក់ងារ ខណៈ​ដែល​ទីភ្នាក់ងារ​នេះ​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ទៅ​លើ​ការ​ការពារ​ប្រធានាធិបតី ក្រុម​គ្រួសារ​ដ៏​ធំ និង​ផ្ទះ​សម្បែង​ជាច្រើន​កន្លែង​របស់​លោក ត្រាំ។​ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា ប្រមុខ​ទីភ្នាក់ងារ​សម្ងាត់ លោក Randolph Alles បាន​និយាយ​ថា ភ្នាក់ងារ ១១០០​នាក់ នឹង​ទទួល​បាន​ប្រាក់​ខែ និង​ប្រាក់​ថែម​ម៉ោង​លើស​លប់​នៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​បន្ទុក​ការងារ​ដ៏​លើស​លប់។

ដោយសារ​តែ​មេដឹកនាំ​ពិភព​លោក ១៥០​រូប​​គ្រោង​ចូល​រួម​ប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក នៅ​ខែ​ក្រោយ​នេះ តម្រូវការ​ភ្នាក់ងារ​សម្ងាត់ កាន់​តែ​មាន​កម្រិត​ខ្ពស់។

លោក ត្រាំ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋ​ផ្លរីដា​ ញូវជឺស៊ី និង​វីជីនៀ ​ស្ទើរ​តែ​រៀង​រាល់​ចុង​សប្ដាហ៍។

ទីភ្នាក់ងារ​សម្ងាត់​ក៏​បាន​ផ្ដល់​​ការការពារ​ដល់​កូនៗ​របស់​ប្រធានាធិបតី​អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​សម្រាប់​ជំនួញ និង​ដំណើរ​លម្ហែ​កម្សាន្ត​របស់​ពួកគេ​ផង​ដែរ។

ជា​រួម មនុស្ស​ ៤២​នាក់ នៅ​ក្នុង​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ទទួល​បាន​ការ​ការពារ​ពី​ទីភ្នាក់ងារ​សម្ងាត់ ក្នុង​នោះ​មាន​ទាំង​សមាជិក​ក្រុម​គ្រួសារ ១៨រូប​ផង​ដែរ។

លោក Alles បាន​ប្រាប់​កាសែត​អាមេរិក​ថា ប្រធានាធិបតី​មាន​គ្រួសារ​ដ៏​ធំ ហើយ​ភារកិច្ច​របស់​លោក ត្រូវ​បាន​ច្បាប់​តម្រូវ​ឲ្យ​ផ្ដល់​ការការពារ។

លោក Alles ដែល​គ្រោង​ស្វែង​រក​ថវិកា​បន្ថែម​ទៀត​ពី​សភា​នោះ បាន​ប្រាប់​ថា លោក​កំពុង​តែ​ចរចា​ជាមួយ​ក្រុម​សមាជិក​សភា​សំខាន់ៗ ដើម្បី​បង្កើន​ការ​ចំណាយ​លើ​ប្រាក់​ខែ និង​ផ្ដល់​​ប្រាក់​ថែមដល់​ភ្នាក់ងារ​សម្ងាត់ ​ម៉ោង​ចន្លោះ​ពី ១៦​ម៉ឺន ទៅ​ជាង ១៨​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​អាណត្តិ​លោក ត្រាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ