នាវា​អាមេរិក​បុក​គ្នា​នឹង​នាវា​ទឹក​ប្រេង​នៅ​សិង្ហបុរី បាត់​ខ្លួន​នាវិក ១០​នាក់

ប្រតិបត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះ កំពុង​ដំណើរការ​ទៅ​ដើម្បី​ស្វែង​រក​នាវិក​អាមេរិក ១០​រូប បន្ទាប់​ពី​នាវា​អាមេរិក​មួយ​គ្រឿង និង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង បាន​បុក​គ្នា​នៅ​ក្នុង​ដែន​ទឹក​សិង្ហបុរី កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

នាវា​ពិឃាត​​ John S McCain ដែល​បំពាក់​ទៅ​ដោយ​​គ្រាប់​មីស៊ីល​នោះ បាន​បុក​គ្នា​ជាមួយ​នាវា​ដឹក​ប្រេង Alnic MC នៅ​ភាគ​ខាង​កើត​ក្នុង​ដែន​ទឹក​សិង្ហបុរី នៅ​ម៉ោង ៥​ព្រឹក​ថ្ងៃម្សិល​មិញ​នេះ។ នាវា​ចម្បាំង​មួយ​នេះ កំពុង​ស្ថិត​ដំណើរ​ឆ្ពោះ​ទៅ​​កំពង់ផែ​មួយ​របស់​សិង្ហបុរី។

កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​ប្រកាស​ថា នាវិក ៥​រូប បាន​រង​របួស ដោយ​នាវិក ៤​រូប ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​មន្ទីរ​ពេទ្យ​នៅ​សិង្ហបុរី ដោយ​របួស​នោះ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​នោះ​ឡើយ ខណៈ​នាវិក​ម្នាក់​ទៀត ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម។

ចំណែក​អាជ្ញាធរ​កំពង់ផែ និង​ដែន​ទឹក​សិង្ហបុរី បាន​ប្រកាស​ថា គ្មាន​សមាជិក​នាវិក​ណា​ម្នាក់​នៅ​លើ​នាវា​ទឹក​ប្រេង​នោះ បាន​រង​របួស​នោះ​ទេ។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សិង្ហបុរី លោក Ng Eng Hen បាន​បញ្ជាក់​នៅ​​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​បុក​គ្នា​របស់​នាវា​ទាំង​ពីរ បាន​កើត​ឡើង​នៅ​ក្នុង​ដែន​ទឹក​សិង្ហបុរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ