បទយកការណ៍៖ តម្លៃស្រូវធ្លាក់ចុះធ្វើឲ្យកសិករប្រឈមនឹង​ការរឹបអូសដីស្រែ

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវកាល​ពី​ពេល​កន្លង​ទៅ (រូបថត៖ បូ សាវី)

គោយន្ដរាប់រយគ្រឿងបានសម្រុកដឹកទិន្នផលស្រូវរាប់រយតោនពីវាលស្រែយកទៅដាក់គររាយប៉ាយតាមបណ្ដោយផ្លូវក្រាលកៅស៊ូ នៅឃុំខ្នាចរមាស ស្រុកបវេល ខេត្ដបាត់ដំបង និងស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។ ស្រូវទាំងនោះជាប្រភេទស្រូវសែនក្រអូបដែលប្រជាកសិករអះអាងថា គឺជាពូជស្រូវល្អទិញក្នុងតម្លៃជាង៤០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ផលិតអង្គរនាំចេញទៅក្រៅប្រទេសតាមតម្រូវការរដ្ឋាភិបាល។

ខេត្ដបាត់ដំបងនិងខេត្ដបន្ទាយមានជ័យជាតំបន់ផលិតស្រូវធំជាងគេនៅកម្ពុជា ដែលថៅកែរោងម៉ាស៊ីនប៉ាន់ប្រមាណថា មានរោងម៉ាស៊ីនជិត២០០កន្លែងសម្រាប់ផលិតជាអង្ករ។

នៅក្បែរផ្លូវក្រាលកៅស៊ូ ក្នុងឃុំខ្នាចរមាស ស្រុកបវេល គេឃើញប្រជាកសិករខ្លះនាំគ្នាអង្គុយជជែកគ្នាពីការលក់ស្រូវនៅក្រោមដើមឈើ ខ្លះទៀតអង្គុយនៅលើគំនរស្រូវក្រោមកំដៅថ្ងៃ និងខ្លះទៀតដើររកក្រុមឈ្មួញដើម្បីសូរពីតម្លៃទីផ្សារទិន្នផលស្រូវពួកគេផងដែរ ខណៈដែលរថយន្ដឈ្មួញកណ្ដាលចតរងចាំទិញស្រូវត្រឹមតែមួយគ្រឿង ទៅពីរគ្រឿងក្នុងមួយថ្ងៃ។

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)
ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

ក្នុងទឹកមុខស្រពាប់ស្រពោននៅក្រោមកម្ដៅថ្ងៃកសិករ ពាក ពឿន នៅឃុំខ្នាចរមាស ស្រុកបវេល បានសម្ដែងទឹកមុខក្រៀមក្រំ បន្ទាប់ពីក្រុមឈ្មួញឲ្យតម្លៃស្រូវសែនក្រអូបជាង៦០០០បាតក្នុងមួយតោនដែលស្មើនឹងលុយរៀលជាង៧សែនរៀលឬក្រោមពីតម្លៃនេះ ដែលគាត់ថាមិនអាចរួចថ្លៃដើមទុនដែលចំណាយថវិកាក្នុងការផលិតស្រូវនេះផង។ កសិករវ័យជាង៥០ឆ្នាំរូបនេះបាននិយាយទម្លាក់កំហុសទៅលើរដ្ឋាភិបាលពីទិន្នផលស្រូវគ្មានទីផ្សារ ដោយលោកថា លោកប្រឈមនឹងបាត់បង់ដីធ្លីដោយសារជំពាក់បំណុលធនាគារ។ លោកបញ្ជាក់ថា៖ “មួយហិកតាខ្ញុំវាយមធ្យមវាបីតោនតែវាមានកន្លែងខ្លះ៤តោន យើងវ៉ៃមធ្យម៣តោន ហើយបើឲ្យប៉ុណ្ណឹង យើងរួចខ្លួនដែរ ចំណេដែរ មានអីទេសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ អនាគតដីយើងនៅធនាគាររឹបអូសមានអីទេ ឲ្យដីគេទៅយើងរួចខ្លួន។ ទេបើរដ្ឋាភិបាលខំប្រឹងប្រែងដោះស្រាយពីរាស្ដ្រ ប្រហែលមិនមានថ្ងៃនេះទេ អត់មានគោយន្ដឈរចឹងទេ អ្នកកាសែតក៏មិនមកឈរទីនេះដែរ“។

ឈរក្បែគោយន្ដផ្ទុកស្រូវពេញ ភ្នែករំពៃរកមើលឈ្មួញប្រមូលទិញ កសិករ ង៉ា វីណា វ័យជាង៣០ឆ្នាំដែលមានទឹកមុខក្រៀមក្រំផងនោះ បាននិយាយថាតម្លៃទិន្នផលស្រូវជាង៧សែនរៀលក្នុងមួយតោននេះ ឈ្មួញថាមិនចង់ទិញថែមទៀត ដោយឈ្មួញលើកហេតុផលថាស្រូវមិនល្អឬមិនតាមស្ដង់ដាទីផ្សារផលិតអង្ករ។ គាត់បន្ថែមថា ស្រូវរបស់លោកជាង១០តោនដែលប្រមូលបាននៅរដូវនេះ បានលក់ទាំងបង្ខំចិត្ដដោយសារគ្មានជម្រើសនិងដើម្បីយកថវិកាយកទៅសងធនាគារដែលលោកថាជំពាក់បំណុលជាង២ម៉ឺនបាត។ លោកសម្ដែងការហួសចិត្ដដែលស្រូវមានតម្លៃថោកនេះ ដែលលោកថាកសិករអាចប្រឈមនឹងចំណាកស្រុក។ លោកបន្ថែមថា៖ “ហើយនេះធ្វើបាបប្រជាជនអ្នកស្រែពេកហើយបង ធ្វើបាបឲ្យតម្លៃថោកពេក។ ថោកប៉ុណ្ណាក៏ទទួលយកដែរបង ព្រោះចាល់ហើយ។ ឈ្មួញដូចជាមិនសូវមានមើលទៅហើយខាងធនាគារស្រូវចុះទិញក៏ស្ទះដែរបង“។

ធនាគារស្រូវកម្ពុជាដែលមានមូលដ្ឋាននៅខេត្តបាត់ដំបងបានអំពាវនាវទៅដល់ប្រជាកសិករឲ្យបញ្ឈប់លក់ស្រូវសែនក្រអូបក្រោមតម្លៃ៨៤០រៀលឬ៧បាតក្នុងមួយគីឡូក្រាម។ ធនាគារនេះក៏បានប្រកាសទទួលទិញស្រូវសែនក្រអូបពីប្រជាកសិករក្នុងតម្លៃចាប់ពី៨៤០រៀលឡើងទៅផងដែរ។

មិនខុសពីកសិករនៅខេត្ដបាត់ដំបងនោះទេដែលប្រឈមលើបញ្ហានេះ លោក ម៉ៅ អ៊ីត ជាកសិករនៅឃុំគោកបល្ល័ង ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ សម្ដែងក្ដីអស់សង្ឃឹមចំពោះទិន្នផលស្រូវដែលបានធ្លាក់ថ្លៃគួរឲ្យបារម្ភនេះ។ លោកបន្ដថា ទិន្នផលស្រូវនៅឆ្នាំនេះប្រសើរជាងឆ្នាំកន្លងមុន ប៉ុន្ដែលោកថាបែជាស្រូវពួកគេ គ្មានទីផ្សារនិងមានតម្លៃថោកទៅវិញ។

ផ្ទៃមុខរាងស្រអាប់ឈនៅតាមវាលស្រែកសិករ សម្បុរខ្មៅ ម៉ៅ អៀត បានប្រាប់VODនៅពេលចុះយកព័ត៌មានផ្ទាល់ថា ស្រូវសែនក្រអូបកសិករដែលទទួលផលដំបូងមានតម្លៃខ្ពស់ជិត១ម៉ឺនបាតក្នុងមួយតោនដែលស្មើជាងមួយលានរៀល ប៉ុន្ដែលោកថានៅពេលនៅពេលកសិករទទួលបានផលស្រូវច្រើន តម្លៃកាន់តែធ្លាក់ចុះជាបន្ដបន្ទាប់ដោយលោកថា ទីផ្សារស្រូវនេះស្រេចលើឈ្មួញកំណត់តម្លៃ។ លោកបន្ដថា៖ “ទូទាត់ឲ្យគេទិញ ឲ្យគេហូប ណាឲ្យឈ្នួលគេ ឈ្នួលគេគិតបាវ ក្នុងមួយបាវ១៥០បាតស្មើ១៥០០០រៀល ១០នាក់ឃើញប៉ុន្មានបានម៉ាទប់ម៉ាទល់ អត់មានចំណេញម៉ាតិច។ ទៅរោងម៉ាស៊ីនគេថាតម្លៃទាប ទៅរកឈ្មួញគេថាតម្លៃធ្លាក់ គេទម្លាក់ថ្លៃមក។ កាលពីឆ្នាំកន្លងមកចំណេញមួយហិកតា៧ពាន់បាតដែរ“។

កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញប្រាក់២៧លានដុល្លារ សម្រាប់ជួយជំរុញស្ថេរភាពតម្លៃស្រូវនិងជំរុញការទិញស្រូវក្នុងស្រុក។

ប៉ុន្ដែនៅថ្ងៃទី១៧ខែកញ្ញា ប្រជាកសិករប្រហែល៥០០នាក់នៅស្រុកសង្កែ ខេត្ដបាត់ដំបង នាំគ្នាបិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អភិបាលខេត្តបាត់ដំបងលោក ច័ន្ទ សុផល បានចុះទៅដល់កន្លែងដែលកសិករប្រមូលផលស្ថិតនៅឃុំខ្នាចរមាស ស្រុកបរវិល ដោយនិយាយថាកុំឲ្យប្រជាកសិករលក់ស្រូវឲ្យឈ្មួញណាដែលឲ្យតម្លៃក្រោម៨០០រៀល។ លោក ច័ន្ទ សុផល ថ្លែងថាលោកនឹងចាត់វិធានការទៅលើឈ្មួញណាដែលទិញស្រូវពីកសិករក្នុងតម្លៃទាបជាង៨០០រៀល។

rice ស្រូវ អង្ករ
រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

ទោះជាយ៉ាងណា ប្រជាកសិករអះអាងថាស្រូវសែនក្រអូបត្រូវបានក្រុមឈ្មួញទិញក្នុងតម្លៃចន្លោះពី៥០០រៀលទៅ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម បើទោះបីមានមានធនាគារស្រូវបានប្រកាសទិញក្នុងតម្លៃពី៨៤០រៀលឡើងទៅក៏ដោយ។ កសិករថា តម្លៃស្រូវក្រោម៨០០រៀលនេះនឹងធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណេញ ហើយប្រឈមមុខនឹងការជំពាក់ប្រាក់ធនាគារកាន់តែច្រើន។

ថៅកែរោងម៉ាស៊ីនមួយដែលធំជាងគេនៅស្រុកថ្មគោល ខេត្ដបាត់ដំបង បានផ្ដល់បទសម្ភាសន៍ដល់វីអូឌីដោយសុំលាក់ឈ្មោះនិងសំឡេងថា រោងម៉ាស៊ីនរបស់លោកបានប្រមូលទិញស្រូវចំនួន២៥០តោនក្នុងមួយថ្ងៃ ក្នុងតម្លៃជាង៧ពាន់បាតឬស្មើនឹងជាង៨សែនរៀលក្នុងមួយតោន។ លោកបន្ដថា ទិន្នផលស្រូវសែនក្រអូបដែលធ្លាក់ថ្លៃនេះ លោកថាដោយសារការផលិតអង្ករមិនមានទីផ្សារហើយទិន្នផលស្រូវឆ្នាំនេះកើនជាងឆ្មាំមុន ខណៈឈ្មួញក្រៅប្រទេសគ្មាននាំចេញដូចឆ្នាំមុន។

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថារដ្ឋាភិបាលគួរត្រួតពិនិត្យលើតម្លៃលក់សម្ភារៈកសិកម្មឲ្យមានតម្លៃសមរម្យនិងមានប្រសិទ្ធភាព ដែលលោកថាតម្លៃសម្ភារៈកសិកម្មឡើងថ្លៃ ប៉ុន្ដែទិន្នផលគ្មានទីផ្សារ។ លោកបន្ដថារដ្ឋាភិបាលកន្លងមកបានចំណាយថវិកាជាតិទៅលើផ្នែកកសិកម្មមានតិចតួចក្នុងចំណោមថវិកាជាតិដែលបានអនុវត្ដជារៀងរាល់ឆ្នាំ។ លោកបន្ដថា៖ “ខ្ញុំយល់ឃើញថា នៅពេលកសិករផលិតធ្លាក់ថ្លៃ គឺទឹកចិត្ដផលិតរបស់គាត់ គឺលែងមានហើយ ទី២ប៉ះពាល់ទៅនឹងជាប់បំណុលធនាគារហើយបាត់បង់ដីស្រែហើយជំពាក់បំណុលច្រើនឡើងៗហើយធ្វើចំណាកស្រុក ជាទូទៅកសិករដែលផលិតស្រូវបាន គាត់ខ្ចីបុលធនាគារនិងមីក្រូហិរញ្ញវត្ថុធ្វើទុនដើម្បីទិញជីដាក់ ទិញផលិតផលកសិកម្ម ជីថ្នាំអីហ្នឹងសម្រាប់ប្រើប្រាស់ ប៉ុន្ដែបើគាត់លក់ថោកចេះគាត់សងនូវបំណុលទៅវិញ ចឹងធ្វើឲ្យគាត់បាត់បង់គាត់លក់ដីស្រែហើយចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកថវិកាដោះបំណុលដែលគាត់បានធ្វើស្រូវមិនបានឡើងថ្លៃមិនដោះស្រាយឲ្យបានគ្រប់គ្រាន់បាទ“។

ប្រជាកសិករនៅខេត្ដជង្រុកស្រូវទាំងពីរនេះបានដាក់ជាសំណួរថា តើកសិករសង្ឃឹមទៅអ្វី? បើទីផ្សារស្រូវមិនមានភាពច្បាស់លាស់បែបនេះ។ ពួកគេទទូចឲ្យរដ្ឋាភិបាលជួយបង្កើនតម្លៃទិន្នផលកសិកម្មនិងជួយរកទីផ្សារ ដើម្បីបង្កើតជីវភាពគ្រួសារពួកគេឲ្យបានសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ