ផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់ទេសចរណ៍អង្គរ

សមត្ថកិច្ចខេត្ដសៀមរាបអះអាងថា សមត្ថកិច្ចកំពុងតាមស្វែងរកជនមិនស្គាល់មុខដែលប្រើអាវុធបាញ់បោះជាច្រើនគ្រាប់នៅក្នុងតំបន់អង្គរខេត្ដសៀមរាបកាលពីយប់មិញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

អធិការនគរបាលក្រុងសៀមរាប លោក ទិត្យ ណារ៉ុង បានឲ្យដឹងថាកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២១ខែកញ្ញានេះ ជនមិនស្គាល់មុខបានប្រើកំាភ្លើងអាការ៥៤ បាញ់ប្រមាណ៥គ្រាប់នៅតំបន់ទេសចរណ៍អង្គរក្បែរផ្សាររាត្រីអង្គរឃ្យុងយូ ស្តិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្ដែលោកថាជនល្មើសបានរត់គេចខ្លួន ដោយបន្សល់នូវសំបកគ្រាប់តែប៉ុណ្ណោះ។ លោកបន្ដថា សមត្ថកិច្ចកំពុងតាមស្វែងជនមិនស្គាល់អត្ដសញ្ញាណនោះ ដើម្បីអនុវត្ដតាមច្បាប់។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីការដូខេត្ដសៀមរាបមានប្រសាសន៍ថា ការផ្ទុះអាវុធនេះអាចជាការគម្រាមកំហែងដល់ការចុះឈ្មោះបោះឆ្នោតនិងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផងដែរ ដែលលោកថាវាផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល។ លោកទទូចឲ្យសមត្ថកិច្ចជំនាញចាត់វិធានការលើករណីនេះឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្របុរាណពិភពលោកមួយនេះ ទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន។

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានគ្រាប់បែកដៃមួយគ្រាប់ត្រូវបានគេបំផ្ទុះនៅលើផ្លូវមួយ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ បង្កឲ្យអ្នកធ្វើដំណើរ៤នាក់រងរបួសស្រាល។ នៅយប់ថ្ងៃដដែលនោះគ្រាន់តែម៉ោងខុសគ្នា ក៏មានករណីផ្ទុះគ្រាប់បែកនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ប៉ុន្តែមិនមានមនុស្សរបួសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ