ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងពាក់ព័ន្ធ រៀបចំក្រុមការងារដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនស្ករសនៅក្នុងខេត្តចំនួន៤ឲ្យចប់ បន្ទាប់ពីជម្លោះអូសបន្លាយជាង១០ឆ្នាំមកនេះ។
ក្នុងលិខិតណែនាំអនុវត្តចុះថ្ងៃទី ១៨ កញ្ញាឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងដែនដី និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធផ្សេងទៀតបានសម្រេចរៀបចំក្រុមការងារចុះត្រួតពិនិត្យព័ត៌មាន ប្រមូលទិន្និន័យ ផ្ទៀងផ្ទាត់រកអ្នកដែលរងគ្រោះពិតប្រាកដ ដើម្បីធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់ឧស្សាហកម្មដំណាំផលិតស្ករសនាំចេញក្នុងខេត្ត កំពង់ស្ពឺ កោះកុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចការចុះវាស់វែងនេះក្រសួងដែនដីបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវមកបំពេញព័ត៌មានដោយផ្ទាល់ ចាប់ពីថ្ងៃទី៤ កញ្ញា ដល់ថ្ងៃទី៣ តុលា ឆ្នាំ២០១៧ និងត្រូវភ្ជាប់មកជាមួយនូវឯកសារ ឬភស្តុតាងដែលចាំបាច់ទាំងអស់មកជាមួយផង។
តំណាងពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុងអ្នកស្រី ផាវ ញីង មានប្រសាសន៍ថា ថ្វីត្បិតតែក្រសួងមានដំណោះស្រាយបែបនេះមែន តែមន្ត្រីថ្នាក់ក្រោមជាពិសេសអាជ្ញាធរមូលដ្ឋានហាក់មានការរើសអើងចំពោះពលរដ្ឋ ដោយថាមេភូមិមួយចំនួនមិនបានចុះហត្ថលេខាបញ្ជាក់ភាពត្រឹមត្រូវលើសលាកបត្របញ្ជាក់ឲ្យពួកគាត់មួយចំនួននោះទេ។
អ្នកស្រីផាវ ញើង៖ « ខ្ញុំបានចុះរួចរាល់ហើយតាំងពីថ្ងៃទី៤ខែកញ្ញាមកម្លេះ តែមិនបានទទួលលទ្ធផលអីទេរហូតមកដល់ពេលនេះ ដោយសារមានមូលហេតុតែមួយគត់គឺមេភូមិក្នុង១៧៥គ្រួសារខ្ញុំនេះគឺមានមេភូមិព្រែកជីកក៏អត់មានចុះហត្ថលេខា ហើយគាត់បានបដិសេធថាគាត់មិនអាចសញ៉េបានទេគាត់មិនដឹងថាប្រជាជនមានដីអីច្បាស់លាស់ទេ ទី២មេភូមិជីខ ក្នុងឃុំជីខលើមានមួយចំនួនគេចុះហត្ថលេខាឲ្យតែមានអ្នកមួយចំនួនគឺអត់បានចុះទេ! »
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យណាម្នាក់នៃក្រសួងដែនដី ដើម្បីពន្យល់បញ្ហានេះបាននោះទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
មន្ត្រីសម្របសម្រួលអង្គការលីការប្រចាំខេត្តកោះកុងលោក អ៊ិន គង់ជិត មានប្រសាសន៍ថាដោយសារកន្លងមកអាជ្ញាធរភូមិតែងតែរងឥទ្ធិពលនយោបាយរបស់បក្សខ្លួន ដូច្នេះហើយរាល់ពលរដ្ឋដែលតវ៉ាចំពោះការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាលធ្វើឲ្យមេភូមិនោះចាត់ទុកជាអ្នកប្រឆាំងខ្លួន ដែលជាមូលហេតុមួយធ្វើឲ្យពួកគេមិនបញ្ចាក់ជូនពលរដ្ឋទាំងនោះ។
លោកថា៖ « ហើយប្រសិនជាគាត់មិនស៊ីញ៉េមិនចុះហត្ថលេខាអាហ្នឹងគាត់មិនអនុវត្តន៍តួនាទីគាត់ ហើយបើមិនអនុវត្តតួនាទី ប្រយ័ត្នពលរដ្ឋគេធ្វើញាត្តិស្នើសុំទៅអាជ្ញាធរខេត្ត ឬក៏ក្រសួងមហាផ្ទៃឲ្យដករូបគាត់ចេញរឿងហ្នឹង ឲ្យតែមិនអនុវត្តន៍តួនាទីឥឡូវដែលថាគាត់ស្រពិចស្រពិតយ៉ាងមិចគាត់គួរតែ ឲ្យម្ចាស់ដីនាំទៅបង្ហាញហើយមានសាក្សីដឹងឮទៅ។ ហើយបើគាត់បដិសេធទាំងស្រុងចឹងមានន័យថាគាត់មិនចូលរួម ដឹងឮការប្រើប្រាស់ដីដឹងប្រជាពលរដ្ឋមានន័យថា គាត់អត់បានចូលការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋទេ» ។
កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី បានបើកកិច្ចប្រជុំសំងាត់មួយ ដើម្បីរកដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ។
ក្រោយកិច្ចប្រជុំនេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ តាមខេត្តនីមួយៗត្រូវបំពេញទម្រង់បែបបទ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ រួមទាំងទីតាំងដីធ្លី ដើម្បីដោះស្រាយ ដោយទុកឲ្យអាជ្ញាធរទាំងនោះធ្វើការងារនេះរយៈពេល៣០ថ្ងៃ។