ក្រុមមេធាវី៖ ដាច់ខាតត្រូវមានលោក កឹម សុខា ក្នុងពេលសវនាការ

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ក្រុមមេធាវីការពារក្តី លោក កឹម សុខា ទទូចឲ្យដំណើរការសវនាការសុំនៅក្រៅឃុំ​នៅសាលាឧទ្ធរណ៍សប្តាហ៍ក្រោយនេះ ត្រូវមានវត្តមានកូនក្តីរបស់ខ្លួន ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដេញដោលហេតុផល​តាមផ្លូវច្បាប់​ បើទោះជាមានការបារម្ភពីសុវត្ថិភាពនៃការដឹកជញ្ជូនក៏ដោយ​។

មេធាវីសំ សុគង់​ ថ្លែងថា រូបលោក និង មេធាវីផ្សេងទៀតដែលកំពុងបំពេញការងារការពារក្តីឲ្យលោក​កឹម សុខា ត្រូវការចាំបាច់​ឲ្យកូនក្តី មានវត្តមាននៅក្នុងពេលសវនាការ ដើម្បីងាយស្រួលក្នុងការសាកសួរអង្គហេតុ និង អង្គច្បាប់ក្នុងបន្ទាប់សវនាការ។​ លោក សំ សុគង់លើកឡើងទៀតថា  សមត្ថកិច្ចអាចមានលទ្ធភាពក្នុងការការពារសុវត្ថិភាព ជូនកូនក្តីរបស់លោក​ ក្នុងការដឹកជញ្ជូនពីពន្ធនាគារត្រពាំផ្លុងក្នុងខេត្តត្បូងឃ្មុំទៅសាលាឧទ្ធរណ៍។​

លោកថ្លែងថា«ទាក់ទងនឹងបញ្ហាសន្តិសុខ បញ្ហាសុវត្ថិភាព ខ្ញុំគិតថា វាជាសមត្ថកិច្ចក៏ដូចជាតួនាទីរបស់អជ្ញាធរ ហើយខ្ញុំគិតថា អាជ្ញាធរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួលក៏ដូចជាជួយសម្រួលនូវចរាចរណ៍ សន្តិសុខ សុវត្ថិភាពជូនឯកឧត្តម កឹម សុខា ប៉ុន្តែយើងត្រូវតែគិតអំពីគោលការណ៍សិទ្ធិមនុស្សក៏ដូចជាសិទ្ធិជនត្រូវចោទដែលកំពុងជាប់ឃុំឃាំង»

លោក មេធាវី សំ សុគង់ បន្តថា ក្រុមមេធាវីនឹងសុំឲ្យសភាស៊ើបសួរសាលាឧទ្ធរណ៍ពិនិត្យអំពីដីកាសម្រេចឡើងវិញ និងសុំឲ្យមានការដោះលែង លោក កឹម សុខា ចាប់ពីថ្ងៃសវនាការខាងមុខនេះតទៅ។

អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក ចាន់ គីមសេង ដែលបានផ្ញើរលិខិតទៅសាលាឧទ្ធរណ៍កាលពីដើមសប្តាហ៍នេះ​ ឲ្យតុលាការពិចារណាពីការដឹកជញ្ជូនលោក​កឹម សុខា ដោយលោក​ថា មានការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាព។​

លោក ចាន់ គីមសេង  ថ្លែងបញ្ជាក់ប្រាប់វីអូឌី​យ៉ាងខ្លីនៅថ្ងៃនេះថា លោកបារម្ភមានបញ្ហាអ្វីមួយកើតឡើងនៅតាមផ្លូវ។​ លោកថ្លែងថា«ខ្ញុំបារម្ភតែរឿងដឹកជញ្ជូន មកហ្នឹងក្រែងលោមានបញ្ហាអីតាមផ្លូវ។ អត់អីទេអាហ្នឹង! ទុកឲ្យខ្ញុំចាត់ចែងតាមដំណើរ»

ចំណែក​អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ មានប្រសាសន៍ថា រហូតដល់ថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍នៅមិនទាន់សម្រេចយ៉ាងណា ចំពោះករណីនាំខ្លួនលោក កឹម សុខា ចូលរួមសវនាការនៅសប្តាហ៍ក្រោយនេះនៅឡើយទេ។​

អ្នកជំនាញច្បាប់ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ករណី​នេះគឺគ្រាន់តែជាការបារម្ភតែប៉ុណ្ណោះ ហើយលោកពន្យល់ប្រាប់ពីនីតិវិធីនៃការលើកពេលសវនាការថា អាចមានមូលហេតុច្រើនយ៉ាង ហើយចំណុចខ្លះក៏ច្បាប់ក៏អត់កំណត់ដែរ។​

លោកថ្លែងថា«ជួនកាលអត់គ្រប់កូរុមចៅក្រមដោយសារចៅក្រមឈឺ ជួនកាលករណីប្រធានសក្តិ ព្យុះបាក់អាគារក៏ថាបាន… ។ កន្លងមកកុំថាឡើយករណីធំដុំអញ្ចឹង ករណីខ្លះខាងគុកអត់ដឹកមកក៏មាន បើអត់ដឹកមកលើកទៀត»

លោកសុក សំអឿន បន្ថែមថា  ករណីចាំបាច់ជនត្រូវចោទក៏អាចដឹកជញ្ជូនតាមផ្លូវអាកាសក៏បាន ដោយលោកបញ្ជាក់ថា មិនអាចផ្លាស់ប្តូរទីកន្លែងសវនាការបានទេ។​

សូមបញ្ជាក់ថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន ​លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បណ្តោះអាសន្ន​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​តាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីរំលងអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ដោយចោទពីបទក្បត់ជា​តិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ