មនុស្សជាង១០០នាក់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យភ្ជុំ

យ៉ាងហោចណាស់មានមនុស្សជាង១០០នាក់បានស្លាប់ និងរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ។

​របាយការណ៍​របស់នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ឲ្យ​ដឹង​ថា រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៩-ដល់២១ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោក​ចំនួន៥២លើក ដោយបណ្តាលឲ្យមនុស្ស១១៦នាក់បានរងរបួស និងស្លាប់ ដោយក្នុង នោះមានអ្នកស្លាប់២៦នាក់ រងរបួសធ្ងន់៦៣នាក់ និងស្រាល២៧នាក់។

របាយការណ៍នេះបញ្ជាក់ថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់មានអ្នកបើកល្មើសល្បឿន ១៣លើក ស្រវឹង៨លើក ប្រជែង៥លើក មិនគោរពសិទ្ធិ៩លើក មិនប្រកាន់ស្តាំ៧លើក បត់គ្រោះថ្នាក់៩លើកនិងកត្តាផ្សេងៗ៕

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក អៀ ចរិយា មានប្រសាសន៍ថា តាមរបាយការណ៍កន្លងមកគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាគេ គឺនៅរដូវបុណ្យទានធំៗ ហើយថា មួលហេតុដែលបង្ករគ្រោះថ្នាក់ខ្លាំងជាងគេគឺ ការបើកក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរហួសល្បើនកំណត់។

លោកបន្តថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យទានធំៗទាំងនោះទីមួយគឺអ្នកបើកខ្លួនឯង ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងទីពីររដ្ឋាភិបាលត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹង។

លោកបន្ថែមថា «ដើម្បីកុំឲ្យមានការគ្រោះថ្នាក់មានការកើនឡើងនៅពេលមានបុណ្យទាន់សំខាន់ៗនេះទី១ អ្នកបើកបរម្នាក់ៗត្រូវតែបើកបរដោយប្រុងប្រយ័ត្ន កាលណាយើងប្រុងប្រយ័ត្នឲ្យបានខ្ពស់សុវត្តិភាពយើងក៏ វាបានខ្ពស់ វាក៏បានល្អដែរ ចំនុចទី២គឺត្រូវតែចូលរួមចំណែកទប់ស្កាត់ការពារអាយុជីវិតប្រជាពលរដ្ឋតាមរយៈការអប់រំផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុរ ការសែននានាហ្នឹងមុនពេលបុណ្យធំៗទី១ឲ្យគាត់បើកដោយ ប្រុងប្រយ័ត្នជ្រើសរើសមធ្យោយបាយដោយសុវត្តិភាព ទី២ពង្រឹងការអនុវត្តការផាក់ពិន័យដូចជាការបើកបរ លើនហួសល្បើនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងដែលជាមូលហេតុធំជាងគេនៃគ្រោះថ្នាក់ចរាចរណ៍»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែងតែផ្ញើ​សារ​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​​អំពាវ​នាវ​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​ដែល​ពិធី​បុណ្យទានទាំងនោះខិតជិតចូល​មក​ដល់។​ ប៉ុន្តែបើទោះបីជាមានការអំពាវនាវបែបនេះក៏រាល់ពេលបុណ្យធំ គេតែងតែសង្កេតឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាពិសេសនៅរដូវភ្ជុំ និងចូលឆ្នាំខ្មែរ។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រង់មាត្រា៧៧ចែងថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដែលមានជិតអាកុលចាប់ពី០,០៤មីលីក្រាមក្នុងមួយលីតខ្យល់ត្រូវផ្តន្ទាទោសពី ១ខែ ទៅ ៦ខែ និងផាកពិន័យពី៨០ម៉ឺនទៅ៤លានរៀល។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅបុណ្យភ្ជំឆ្នាំ២០១៧នេះមានការកើនឡើងបើប្រៀបធៀបនៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដោយឆ្នាំនេះស្លាប់លើសឆ្នាំមុនរហូតដល់៧នាក់ និងរបួសលើស២១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ