មេដឹកនាំ​ហ្វីលីពីន​​​ថ្លែង​កែ​ខ្លួន​ក្រោយប្រកាស​ “ចែក​ផ្លូវ”​ពី​អាមេរិក

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកនឹងកាត់ផ្ដាច់សម្ព័ន្ធភាពប្រទេសរបស់លោកជាមួយអាមេរិកនោះឡើយ។ មេដឹកនាំហ្វីលីពីនបានថ្លែងដូច្នេះ ជាការបកស្រាយទៅនឹងសេចក្ដីប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងមកថា លោកមានផែនការ ចែកផ្លូវ” ពីសម្ព័ន្ធមិត្តចាស់វស្សាអាមេរិក។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីលោក ឌូទើតេ ដែលបានថ្លែងថា៖ “វាមិនមែនជាការកាត់ផ្ដាច់ទំនាក់ទំនងទេ។ ការកាត់ផ្ដាច់ទំនាក់ទំនង មានន័យថា កាត់ផ្ដាច់ទំនាក់ទំនងកាទូត។ ខ្ញុំមិនធ្វើអីចឹងទេ។ ហេតុអ្វី? ស្ថិតនៅក្នុងផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រទេសរបស់ខ្ញុំ ខ្ញុំមិនធ្វើអីចឹងទេ”។

មេដឹកនាំឆេវឆាវរូបនេះ បានបង្ហាញសញ្ញាកាលពីថ្ងៃព្រសហ្បតិ៍កន្លងមកអំឡុងដំណើរទស្សនិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅទីក្រុងប៉េកាំងថា លោកចង់បញ្ចប់សម្ព័ន្ធភាព ៧០ឆ្នាំរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិក ក្នុងទំនោរទៅរកចិន និងរុស្ស៊ី។

លោក ឌូទើតេ បានប្រាប់ក្រុមធុរជនចិនថា៖ “ខ្ញុំប្រកាសចែកផ្លូវពីសហរដ្ឋអាមេរិក។ អាមេរិកបរាជ័យហើយ។ ខ្ញុំបានរៀបចំខ្លួនខ្ញុំទៅតាមលំហូរមនោគមវិជ្ជារបស់អ្នក ហើយខ្ញុំក៏អាចធ្វើដំណើរទៅរុស្ស៊ី ដើម្បីជជែកជាមួយលោក ពូទីន និងប្រាប់គាត់ថា យើងមានគ្នាបីនាក់ប្រឆាំងនឹងពិភពលោក ចិន ហ្វីលីពីន និងរុស្ស៊ី”។

នៅមុនការឡើងកាន់តំណែងរបស់លោក ឌូទើតេ កាលពីចុងខែមិថុនាកន្លងមក ហ្វីលីពីនគឺជាសម្ព័ន្ធមិត្តសំខាន់បំផុត និងស្មោះស្ម័គ្រមួយរបស់អាមេរិកនៅអាស៊ី ហើយក៏ជាគន្លឹះសម្រាប់គោលនយោបាយងាកមកតំបន់អាស៊ីរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផងដែរ។

ប៉ុន្តែ គោលនយោបាយការបរទេសរបស់ហ្វីលីពីន បានផ្លាស់ប្ដូរ ចាប់តាំងពីលោក ឌូទើតេ ឡើងដឹកនាំប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ