អាមេរិក​បញ្ជូន​នាវា​ពិឃាត​នៅ​ជិត​ប្រជុំ​កោះ​មាន​ជម្លោះ ជំរុញ​ឲ្យ​ចិន​តវ៉ាថា​ជា​ទង្វើ “បង្ក​ហេតុ”

នាវាពិឃាតអាមេរិក(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

ព័ត៌មានថ្មីបំផុតដែលយើងទទួលបានគឺថា នាវាពិឃាតអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅកៀកនឹងប្រជុំកោះ ដែលក្រុងប៉េកាំងអះអាងថាជាម្ចាស់ នៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃម្សិលមិញ ចំពេលដែលភាពតានតឹងបន្តកើតមាននៅដែនទឹកមានជម្លោះនេះ។

ព័ត៌មានស្ដីពីដំណើរនាវាពិឃាតអាមេរិកនេះ ត្រូវបានផ្សព្វផ្សាយដោយមន្ទីរបញ្ចកោណអាមេរិក ហើយចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Gary Ross បានថ្លែងថា នាវាពិឃាតឈ្មោះ Decatur បានបើកបរទៅកៀកនឹងប្រជុំកោះប៉ារ៉ាសែល ហើយបានធ្វើការដោះដូរនៅទីនោះ ដោយគ្មាននាវាអម និងគ្មានឧបទ្ទវហេតុអ្វីនោះឡើយ។

នេះគឺជាប្រតិបត្តិការលើកទី ៣ នៅសមុទ្រចិនខាងត្បូង ដែលធ្វើឡើងដោយអាមេរិកនៅឆ្នាំនេះ ក្រោមសមយុទ្ធឈ្មោះថា “សេរីភាពនាវាចរណ៍” ដែលអាមេរិកបញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្លួនមិនអើពើទៅនឹងការអះអាងជាម្ចាស់ផ្ដាច់មុខពីសំណាក់ប្រទេសចិននោះឡើយ។

ប៉ុន្តែ ក្រសួងការពារជាតិចិន បាននិយាយថា ការល្បាតដោយនាវាពិឃាតអាមេរិកនៅសមុទ្រចិនខាងត្បូងនេះ គឺជាសកម្មភាពខុសច្បាប់ និងជាទង្វើ “បង្កហេតុ” ហើយចិនបានតវ៉ាទៅអាមេរិក។

ការតវ៉ានេះ ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដែលមើលឃើញប្រតិកម្មពីភាគីចិន នៅលើគេហទំព័ររបស់ក្រសួងការពារចិន នៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ