ពលរដ្ឋ​ជប៉ុន​ជម្នះ​ចេញ​ទៅ​បោះ​ឆ្នោត​ ខណៈ​ប្រឈម​នឹង​ព្យុះ​ទីហ្វុង

ពលរដ្ឋ​ជប៉ុន​រាប់​លាន​នាក់ បាន​ជម្នះ​នឹង​ព្យុះ​ទីហ្វុង​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ចេញ​ទៅ​គូស​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​មួយ ដែល​ហាក់​នឹង​ផ្ដល់​​អាណត្តិ​មួយ​ទៀត​ដល់​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ដើម្បី​បន្ត​កែប្រែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣​ពិភព​លោក និង​គាំ​ទ្រ​ដល់​ជំហរ​កាន់​តឹង​រឹង​របស់​លោក ទប់​ទល់​នឹង​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រសិន​បើ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នេះ​ពិត​ជា​បាន​ជួយ​កែ​លម្អ​ស្ថានភាព​នយោបាយ​មែន​នោះ ដូច្នេះ គណបក្ស​អភិរក្ស​និយម​របស់​លោក អាបេ នឹង​ដណ្ដើម​បាន​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន ដើម្បី​ឈាន​ទៅ​ដឹកនាំ​រដ្ឋាភិបាល​មួយ​អាណត្តិ​ទៀត នៅ​ក្នុង​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​អាមេរិក​នៅ​តំបន់​អាស៊ី និង​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ។

AFP បាន​រាយការណ៍​ថា ស្ថានីយ៍​បោះ​ឆ្នោត បាន​បើក​ទ្វារ​នៅ​ទូទាំង​ប្រទេស​នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃ​នេះ ដោយ​ក្រុម​ពលរដ្ឋ​បាន​តស៊ូ​ជម្នះ​នឹង​ខ្យល់​បក់​បោក និង​ភ្លៀង​​ខ្លាំង ខណៈ​ដែល​ព្យុះ​ទីហ្វុង​បាន​បក់​បោក​សំដៅ​ប្រទេស​ជប៉ុន ដែល​អាច​នឹង​ប៉ះ​ពាល់​ដល់​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​តិច ហាក់​ដូចជា​ផ្ដល់​ផល​ល្អ​សម្រាប់​លោក អាបេ ដោយសារ​តែ​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​អភិរក្ស​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់។

លោក អាបេ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ្ញាក់​ផ្អើល​ដោយសារ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ដល់​ទៅ ១​ឆ្នាំ ដោយ​លោក​ជំរុញ​ទៅ​អ្នក​បោះ​ឆ្នោត​ឲ្យ​គាំ​ទ្រ​រូប​លោក ចំ​ពេល​ដែល​ជប៉ុន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សំខាន់ពីរ គឺ​វិបត្តិ​ជាតិ​ដោយសារ​ពលរដ្ឋ​ជប៉ុន​វ័យ​ចាស់ៗ​មាន​ចំនួន​កាន់​តែ​ច្រើន ហើយ​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ