ក្រុង​ម៉ាឌ្រីត​គ្រោង​ដាក់​ការ​គ្រប់​គ្រង​ផ្ទាល់​លើ​តំបន់​កាតាឡូណា​ដើម្បី​ប្រឆាំង​ចលនា​ឯករាជ្យ

រដ្ឋាភិបាល​អេស្ប៉ាញ បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​លើ​តំបន់​កាតាឡូណា ដោយ​បណ្ដេញ​ចេញ​រដ្ឋាភិបាល​ប្រចាំ​តំបន់ និង​បង្ខំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​មួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា វិធាន​ថ្មី​ទាំង​នេះ បាន​ជំរុញ​ឲ្យ​បាតុករ​រាប់​ពាន់​នាក់​ដែល​ចង់​បាន​ឯករាជ្យ ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា។

មេដឹកនាំ​តំបន់​កាតាឡូណា លោក Carles Puigdemont ដែល​បាន​ប្រកាស​ជា​និមិត្ត​រូប​នូវ​ឯករាជ្យ​តំបន់​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​កន្លង​មក​ថ្មី​ៗ​នេះ ក្រោយ​ពី​ការ​ធ្វើ​ប្រជា​មតិ​នោះ បាន​ចូល​រួម​ការ​តវ៉ា​នៅ​ទីក្រុង​បាសេឡូណា ហើយ​ត្រូវ​ឡើង​ថ្លែង​នៅ​ម៉ោង ៩​យប់ ម៉ោង​នៅ​អេស្ប៉ាញ។

Reuters បាន​ផ្សាយ​ថា តាម​រយៈ​ការ​បណ្ដេញ​លោក Puigdemont ចេញ នាយករដ្ឋ​មន្ត្រី​អេស្ប៉ាញ លោក Mariano Rajoy សង្ឃឹម​ថា នឹង​បញ្ចប់​នូវ​អ្វី​ដែល​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អេស្ប៉ាញ​រយៈ​ពេល ៤​ទសវត្សរ៍​ចុង​ក្រោយ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត កាត់​បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៤ នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​មួយ​នេះ ហើយ​ក៏​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​ភាព​វឹក​វរ​កាន់​តែ​យូរ។

Reuters បន្តថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋាភិបាល​បាន​ដក​ហូត​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ចូល​កាន់​កាប់​តំបន់​មួយ ចាប់​តាំង​ពី​ប្រទេស​អេស្ប៉ាញ​វិល​ទៅ​រក​របប​ប្រជាធិបតេយ្យ​វិញ​នៅ​ចុង​ទសវត្សរ៍​១៩៧០មក។

លោក Rajoy បាន​ប្រកាស​បែប​នេះ ដោយ​មាន​ការ​គាំ​ទ្រ​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ទីក្រុង​ម៉ាឌ្រីត និង​ព្រះមហាក្សត្រ​អេស្ប៉ាញ Felipe ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​ថា តំបន់​កាតាឡូណា គឺ​ជា​ផ្នែក​មួយ និង​នៅ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​អេស្ប៉ាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ