ក្រសួងមហាផ្ទៃបដិសេធលុបបំបាត់សន្តិសុខខណ្ឌ

កម្លាំងសន្តិសុខខណ្ឌ៧មករា និងអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរារាំង និងខ្លះទៀតស្រែក តាមឧបករណ៍បំពងសំឡេង ពីលើរថយន្ត មិនឲ្យអ្នកតវ៉ា(រូបថត៖ ណាត សុភាព)

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បដិសេធសំណើរបស់គណបក្សសង្គ្រោះជាតិដែលបានស្នើកាលពីថ្ងៃទី២៧ តុលា ២០១៦ ឲ្យលុបបំបាត់កម្លាំងសន្តិសុខខណ្ឌ។

លិខិតឆ្លើយតបរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ វិច្ឆិកា ២០១៦នេះបំភ្លឺថា ក្រុមសន្តិសុខនោះ គឺជាការងារសហការរបស់ក្រសួងមានសមត្ថកិច្ចជាមួយក្រសួងពាក់ព័ន្ធនិងប្រជាពលរដ្ឋដោយថា មន្ត្រីនគរបាលមានចំនួនតិច ដូច្នេះត្រូវការកម្លាំងចូលរួមពីប្រជាពលរដ្ឋ ដែលហៅថា «ប្រជាការពារ» ហើយមិនមែនជាកម្លាំងខុសច្បាប់សំរាប់បង្ក្រាបការជួបជុំធ្វើបាតុកម្មឬកូដកម្មដោយសន្តិវិធីនោះទេ។

លិខិតបន្តបំភ្លឺថា ការប៉ះទង្គិចជាមួយគណបក្សសង្គ្រោះជាតិកន្លងមក គឺដោយសារគណបក្សនេះធ្វើសកម្មភាពអាណាធិបតេយ្យបំពានច្បាប់។ ចំណែកករណីថ្ងៃ២០ តុលា ២០១៦ ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ដែលបណ្តាលឲ្យសមាជិកអង្គការលីកាដូម្នាក់រងរបួសនោះ ក្រសួងថា គឺមកពីបាតុករមិនគោរពតាមតម្រាយផ្លូវដែលបានកំណត់។

លោក ស ខេង បញ្ជាក់បន្ថែមក្នុងលិខិតថា មិនមែនជាការខុសច្បាប់នោះទេ ក្នុងលក្ខខណ្ឌដែលពុំមានច្បាប់ហាមឃាត់។ ក្រសួងមហាផ្ទៃចាត់ទុកការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិថា គ្មានមូលដ្ឋាន និងថានឹងពិនិត្យផ្លូវច្បាប់ទាក់ទងនឹងការរៀបចំកម្លាំងសន្តិសុខ របស់គណបក្សនេះ និងធ្វើសេចក្តីណែនាំដើម្បីឲ្យអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត។

VOD នៅមិនទាន់ទទួលបានការឆ្លើយតបវិញពីគណបក្សសង្គ្រោះជាតិនៅឡើយទេ បន្ទាប់ពីការផ្សាយលិខិតឆ្លើយតបនេះកាលពីល្ងាចថ្ងៃទី២១ វិច្ឆិកា ២០១៦នេះ លើហ្វេសប៊ុករបស់លោកស្រី មួរ សុខហួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ