បទយកការណ៍៖ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតចេះតែថយចុះ ខណៈថ្ងៃផុតកំណត់ជិតចូលមកដល់

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

របាយការណ៍របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតមានការធ្លាក់ចុះខ្លាំង ខណៈកាលបរិច្ឆេទផុតកំណត់ក៏កាន់តែខិតចូលមកដល់។

យោងតាមលទ្ធផលបណ្ដោះអាសន្ន ដែលចេញផ្សាយដោយ គ.ជ.ប បង្ហាញថាចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃបានធ្លាក់ចុះពីជាង១០ម៉ឺននាក់ កាលពីដើមខែតុលា មកនៅត្រឹមចន្លោះពី៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ តួលេខនេះបញ្ជាក់ថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានការធ្លាក់ចុះស្ទើរពាក់ កណ្ដាល ក្រោមការរំពឹងទុក គឺប្រមាណជាង៥ម៉ឺននាក់។

កំពុងមមាញឹករៀបចំឯកសារ និងលិខិតស្នាមផ្សេងៗ ជូនប្រជាពលរដ្ឋ លោក ហែម សុផាត ចៅសង្កាត់ផ្សារដើមថ្កូវបានឆ្លៀតពេលបន្ដិចដើម្បីផ្ដល់ការអត្ថាធិប្បាយអំពីចំនួនអ្នកបោះឆ្នោតក្នុងសង្កាត់នេះ ដោយលោកលើកឡើងថាពលរដ្ឋបាននាំគ្នាសម្រុកមកចុះឈ្មោះបោះឆ្នោតច្រើន បន្ទាប់ពីបញ្ចប់ពិធីបុណ្យអុំទូក។

លោកបញ្ជាក់ថាបើតាមទិន្នន័យថ្មីចេញដោយ គ.ជ.ប ក្នុងសង្កាត់របស់លោកមានពលរដ្ឋគ្រប់អាយុចំនួនជាង៨ពាន់នាក់ (៨ ១១២នាក់) និងបើគិតត្រឹមថ្ងៃទី២១ វិច្ឆិកា អ្នកបានមកចុះឈ្មោះបោះឆ្នោតរួចក្នុងសង្កាត់នេះមានជាង៧ពាន់នាក់ (៧ ០៩៧នាក់)។

ប៉ុន្តែបើតាមសម្ដីរបស់លោក ចំនួនអ្នកចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់នេះមានការថយចុះ ដោយពលរដ្ឋមួយចំនួនធ្វើចំណាកស្រុកទៅក្រៅប្រទេស និងខ្លះទៀតដូចជាមិនខ្វល់ខ្វាយពីការចុះឈ្មោះបោះឆ្នោតឡើយ។

លោកថា៖ «អ្នកដែលទៅធ្វើការក្រៅប្រទេស អ្នកទៅរៀននៅបរទេសអ៊ីចឹងហើយនិងមួយចំនួនគាត់ទៅបម្រើការងារនៅខេត្ត អ៊ីចឹងដែលយើងឃើញថាមានការថយចុះ»។

លោកបន្ថែមថាក្នុងសង្កាត់ផ្សារដើមថ្កូវនៅសល់ពលរដ្ឋប្រមាណជាង១ពាន់នាក់ទៀតនៅមិនទាន់បានចុះឈ្មោះ ប៉ុន្ដែលោកសង្ឃឹមថានឹងមានការកើនសន្ទុះខ្លាំងពេលកៀកថ្ងៃផុតកំណត់ចុះឈ្មោះបោះឆ្នោត។

លោកថា៖ «បើសិនជានៅក្រៅប្រទេស ខ្ញុំមិនសង្ឃឹមថាមកចុះឈ្មោះបោះឆ្នោត តែបើនៅចំណាកតាមខេត្តអាហ្នឹងអាច»។

ចំណែកនៅសង្កាត់បឹងទំពន់ឯណោះវិញ ដោយកំពុងត្រួតមើលមន្ដ្រីក្រោមឱវាទបំពេញការងារ លោកចៅសង្កាត់រង លុក ជ័យ បានឲ្យយើងដឹងដោយទឹកមុខមុតមាំថា ក្នុងសង្កាត់លោកមានពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតប្រមាណ៤ម៉ឺននាក់។ លោកនិយាយថាបើគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា អ្នកបានចុះឈ្មោះរួចហើយមានជាង៣ម៉ឺននាក់ គឺនៅសល់ជិត៩ពាន់នាក់ទៀត មិនទាន់បានមកចុះឈ្មោះនៅឡើយ។

លោកថា៖ «ពាក់កណ្ដាលក្នុងខែតុលានេះ គឺអត់សូវមានមនុស្សទេ ប៉ុន្ដែក្រោយបុណ្យអុំទូកខែវិច្ឆិកានេះ ឃើញមនុស្សមកច្រើន [……] ផលលំបាកត្រង់គាត់ ខ្លះយើងបានណែនាំដល់មេឃុំ មេក្រុម គឺថាឲ្យគាត់ អញ្ជើញឲ្យគាត់អ្នកណាដែលមិនបានចុះឈ្មោះឆ្នោត គឺប្រាប់តាមឃុំ តាមក្រុម គឺឲ្យគាត់អញ្ជើញមកចុះឈ្មោះបោះឆ្នោត»។

ចៅសង្កាត់រងរូបនេះមានការស្រងាកចិត្ដបន្ដិច ដោយលោកគ្រាន់តែហ៊ានរំពឹងថាពលរដ្ឋនឹងមកចុះឈ្មោះបោះឆ្នោតបានតែជាង៨០ភាគរយប៉ុណ្ណោះ។ លោកបន្ថែមថាក្នុងសង្កាត់បឹងទំពន់នេះជួបការលំបាកខ្លះ ព្រោះពលរដ្ឋមិនសូវអើពើអំពីការចុះឈ្មោះបោះឆ្នោត ខណៈសង្កាត់នេះក៏កំពុងជួសជុល និងប្ដូរទីតាំងជាបណ្ដោះអាសន្នផងនោះ។

លោកថា៖ «ចុះឈ្មោះហើយបានប្រហែលជា៨០ភាគរយប៉ុណ្ណោះ [……] អាហ្នឹងវារកមូលហេតុវាអត់ឃើញ មិនដឹងគាត់យល់យ៉ាងម៉េច គាត់មិនមកចុះឈ្មោះបោះឆ្នោត។ [……]  ផ្សព្វផ្សាយគ្រប់តែទាំងអស់តាំងពីវិទ្យុ ទូរទស្សន៍ ហើយសង្កាត់យើងក៏ដាក់មេក្រូផ្សព្វផ្សាយ តាមម៉ូតូកង់បី មួយអាទិត្យម្ដងៗ ទៅចុះ ទៅឡើងហើយ មិនដឹងគាត់ស្វែងយល់យ៉ាងម៉េច»។

ដោយអាងថាកន្លែងចុះឈ្មោះនៅជិតលំនៅឋានស្រាប់ ពលរដ្ឋម្នាក់គឺលោក ឌុក លីណា បានឲ្យដឹងថា លោកមានអាក់អន់ចិត្តខ្លះដោយសារសង្កាត់នេះប្ដូរទីតាំងទៅកន្លែងផ្សេង ប៉ុន្ដែលោកថានឹងទៅចុះឈ្មោះបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។

លោកថា៖ «ការបោះឆ្នោតហ្នឹងគឺជាពេលវេលាដ៏សំខាន់សម្រាប់ខ្ញុំ ហើយខ្ញុំគិតថាជាពេលវេលាដ៏សំខាន់សម្រាប់ប្រជាជនគ្រប់រូបត្រូវបំពេញកាតព្វកិច្ចដូចជាខ្ញុំដែរ […] ទោះបីជាយើងបោះឲ្យអ្នកណាក៏ដោយ ប៉ុន្តែយើងត្រូវបំពេញតួនាទីនេះ ហើយមកចុះឈ្មោះបោះឆ្នោត បំពេញតួនាទីជាប្រជាពលរដ្ឋ»។

នៅសង្កាត់បឹងកេងកង១ មន្ដ្រីចុះឈ្មោះនៅទីនោះបានដិសេធផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការធ្លាក់ចុះនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ ដោយថាទាល់តែធ្វើលិខិតដាក់ជូនទៅចៅសង្កាត់ជាមុនសិន ទើបគេហ៊ានផ្ដល់ទិន្នន័យ។

យ៉ាងនេះក្ដី យើងឃើញថាទិដ្ឋភាពនៅសង្កាត់បឹងកេងកង១ មានសភាពស្ងប់ស្ងាត់ ដោយមន្ដ្រីក្នុងសង្កាត់នេះម្នាក់បានខ្សឹបប្រាប់ឲ្យយើងដឹងថាមិនសូវមានអ្នកមកចុះឈ្មោះបោះឆ្នោតច្រើនទេ។

លោក ឌុច វុទ្ធី មានមុខរបរជាអ្នករត់ម៉ូតូឌុប និយាយថាលោកទើបតែជាសះស្បើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយលោកថានឹងប្ដេជ្ញាចិត្តទៅចុះឈ្មោះបោះឆ្នោតឲ្យខានតែបាន។

លោកថា៖ «ឥឡូវហ្នឹងខ្ញុំបានជាដៃធូរស្បើយហើយ ខ្ញុំមកធ្វើបណ្ណបោះឆ្នោត ធ្វើបញ្ជីជាតិ សំបុត្រកំណើតសារឡើងវិញ [……] នៅមិនទាន់បានចុះទេប៉ុន្ដែថ្ងៃនេះរវល់ ស្អែកឡើងខ្ញុំនឹងព្យាយាមមកទៀត»។

លោក វុទ្ធី បន្ថែមថាមូលហេតុដែលលោកព្យាយាមទាំងត្រដាបត្រដួសមកចុះឈ្មោះបោះឆ្នោត គឺដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងជ្រើសរើសមេដឹកនាំល្អម្នាក់ទៅថ្ងៃអនាគត។

លោកថា៖«យល់ថាយើងរើសមេដឹកនាំដ៏ល្អមួយដើម្បីគ្រប់គ្រងប្រទេសយើងទៅថ្ងៃមុខ»។

គួរបញ្ជាក់ថាកាលបរិច្ឆេទនៃដំណើរការចុះឈ្មោះបោះឆ្នោត ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកានេះហើយ។

បើតាមរបាយការណ៍ គ.ជ.ប គិតចាប់ពីថ្ងៃចុះឈ្មោះដំបូងរហូតដល់ថ្ងៃទី២១ វិច្ឆិកា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេសមានប្រមាណជិត៧លាន៤សែននាក់ (៧ ៣៨១ ៣១៥នាក់) គឺបានតែជាង៧០ភាគរយប៉ុណ្ណោះ បើធៀបនឹងទិន្នន័យសរុបរបស់ គ.ជ.ប ដោយថាពលរដ្ឋគ្រប់អាយុបោះឆ្នោតមានជិត៩,៧លាននាក់ (៩ ៦៦៤ ២១៦នាក់)។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា នៅរយៈពេលចុងក្រោយនេះ ចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមានការធ្លាក់ចុះខ្លាំង ដោយលោកថានេះជារដូវភ្លៀងធ្លាក់ ការពុំមានឯកសារគ្រប់គ្រាន់ដើម្បីចុះឈ្មោះ និងកង្វះការយល់ដឹងរបស់ពលរដ្ឋ ជាដើម។

លោកថា៖ «រយៈពេលចុងក្រោយនេះ លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត គឺធ្លាក់ចុះហើយ»។

បន្ថែមលើសនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់បានប្រាប់ឲ្យវីអូឌីដឹងថា លោកមិនរំពឹងថាពលរដ្ឋដែលគ្រប់អាយុនឹងទៅចុះឈ្មោះបោះឆ្នោតបាន១០០ភាគរយនោះទេ ដោយលោកថាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសភាគច្រើនមិនបានចុះឈ្មោះបោះឆ្នោត។

មន្ដ្រីនាំពាក្យរូបនេះអះអាងថា គ.ជ.ប បាន និងកំពុងបន្ដយុទ្ធនាការផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា តាមរយៈការផ្សាយតាមវិទ្យុ ការបើកវគ្គផ្សព្វផ្សាយតាមសកលវិទ្យាល័យ ប្រព័ន្ធឆ្លើយតបសំឡេងតាមទូរស័ព្ទ និងយុទ្ធនាការផ្សេងៗទៀត។

លោកថា៖ «គ.ជ.ប បានជួលវិទ្យុឯកជននៅតាមខេត្ត គឺចំនួន២០កន្លែង ២០ខេត្ត [……] បើកវគ្គផ្សព្វផ្សាយនៅតាមសកលវិទ្យាល័យ ហើយប្អូនៗនៅតាមសកលវិទ្យាល័យក៏នឹងក្លាយជាបណ្ដាញនៃការផ្សព្វផ្សាយបន្ដ  [……] ការឆ្លើយតបសំឡេងតាមទូរសព្ទបាទ»។

អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងនូវមូលហេតុផ្សេងអំពីការថយចុះនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ដោយពួកគេអះអាងថា ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានទូលំទូលាយដោយនៅតាមកន្លែងខ្លះត្រូវបានរារាំង និងគ្មានការលើកទឹកចិត្តពី គ.ជ.ប  រួមទាំងការហាមឃាត់ពីសំណាក់អាជ្ញាធរលើអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានាដែលកំពុងធ្វើយុទ្ធនាការបំផុសបំផុលឲ្យពលរដ្ឋចេញទៅចុះឈ្មោះបោះឆ្នោត។

លោក ព្រាប កុល នាយកប្រត្តិបត្តិអង្គការតម្លាភាពកម្ពុជាបានឲ្យវីអូឌីដឹងថាលោកមិនទាន់ហ៊ានសន្និដ្ឋានអំពីមូលហេតុពិតប្រាកដនៃការធ្លាក់ចុះចំនួនអ្នកបោះឆ្នោតទេ ប៉ុន្ដែលោកបានអំពាវនាវឲ្យ គ.ជ.ប ខ្នះខ្នែង និងបង្កើនការផ្សព្វផ្សាយឲ្យបានខ្លាំងក្លា និងទូលំទូលាយជាងមុន។

លោកថា៖ «យើងមានការព្រួយបារម្ភ ដោយសារចំនួនប្រជាពលរដ្ឋដែលចុះឈ្មោះហ្នឹងហាក់ដូចជាតិចជាងការរំពឹងទុក មានន័យថាមិនដល់៨០ភាគរយទេ។ យើងចង់ឃើញការជម្រុញចលនា ឬយុទ្ធនាការអំពាវនាវឲ្យបានគគ្រឹកគគ្រេង នៅសល់រយៈពេល១០ថ្ងៃចុងក្រោយនេះ»។

លោកថាពលរដ្ឋនៅសង្កាត់តាមតំបន់ជនបទខ្លះមានការភាន់ច្រឡំរវាងបែបបទនៃការចុះឈ្មោះបោះឆ្នោតចាស់ និងការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦។

លោកថា៖ «នៅតាមជនបទដែលខ្ញុំចុះទៅកន្លែងខ្លះ ប្រជាពលរដ្ឋមានការយល់ច្រឡំថាគាត់មានឈ្មោះបោះឆ្នោតលើកមុនហ្នឹង គឺមិនបាច់ចុះឈ្មោះទៀតទេ […] ខ្ញុំមិនដឹងថាមកពីគាត់មិនបានទទួលព័ត៌មាន ឬក៏មានការផ្ដល់ព័ត៌មានមិនត្រឹមត្រូវជូនគាត់។ យើងចង់ឃើញការកែតម្រូវ ឬការផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ដើម្បីជម្រុញអ្នកដែលនៅសេសសល់ឲ្យបានទៅចុះឈ្មោះ»។

ចំណែក លោក សម គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី បានសង្កត់ធ្ងន់ថា បើពលរដ្ឋមិនបានទៅចុះឈ្មោះបោះឆ្នោត នឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃបញ្ជីឈ្មោះទាំងមូល។

លោកថា៖«ខ្មុំចង់និយាយថា បញ្ជើបោះឆោ្នតអត់មានភាពពេញលេញ ដោយសារមនុស្សដែលមានសិទិ្ធចុះឈោ្មះបោះឆោ្នតហឹ្នងមានអាយុចាប់ពី១៨ឆាំ្ន ៩លាន៦សែននាក់ជាង គ.ជ.ប រំពឹងហើយវាបានតែ៧លាននាក់ជាង ហេតុអីដែលបានប៉ុនហឹ្នង ដោយសារការងារចុះឈោ្មះបោះឆោ្នតហឹ្នងវាមានបញ្ហាហើយអត់បានមកចូលរួមចុះឈោ្មះឲ្យបានច្រើន ចឹងហើយវាប៉ះពាល់ដល់បញ្ជើឈោ្មះអ្នកដែលមានសិទិ្ធចុះឈោ្មះហឹ្នង វាបាត់អត់ឃើញមកចុះឈោ្មះច្រើនពេកបាទ»៕

រាយការណ៍បន្ថែមដោយ លោក ហ៊ុន ឌីម៉ូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ