ចិនជំរុញឲ្យថៃស្វែងរកជនជាតិ Uighurដែលគេចខ្លួនឲ្យបានឆាប់​

ចិនបានជំរុញឲ្យអាជ្ញាធរថៃ ស្វែងរកជនជាតិភាគតិច Uighur កាន់សាសនាឥស្លាម ដែលរត់ចេញពីមណ្ឌលឃុំឃាំងនៅខេត្តភាគខាងត្បូងរបស់ថៃឲ្យបានឆាប់ និង​ផ្តល់យុត្តិធម៌ឲ្យពួកគេ។

Uighur គឺជាជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមរស់នៅក្នុងខេត្តស៊ីជាំងនៃប្រទេសចិន ហើយងើបតវ៉ា និងរងការបង្ក្រាបពីអាជ្ញាធរចិនជាញឹកញាប់​។​ បច្ចុប្បន្នជនជាតិនេះ​រត់គេចចេញពីប្រទេសចិន ហើយត្រូវអាជ្ញាធរថៃចាប់ឃុំខ្លួនរាប់រយនាក់។

តាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃបានឲ្យដឹងថា កាលពីថ្ងៃចន្ទជនជាតិភាគតិច Uighur ដែលជាប់ឃុំចំនួន​២៥នាក់បានរត់គេចចេញពីមណ្ឌលឃុំឃាំង ហើយត្រូវអាជ្ញាធរចាប់ខ្លួនបានវិញចំនួន​១០នៅតាមបណ្តោយព្រំដែនជាមួយម៉ាឡេស៊ី ហើយនៅសល់១៥នាក់ទៀតនៅមិនទាន់ដឹងមូលហេតុនៅឡើយ។​

កាលពីឆ្នាំ២០១៤ជនជាតិភាគតិចនេះ ត្រូវអាជ្ញធរថៃចាប់ឃុំខ្លួនជាង២០០នាក់ ហើយភាគច្រើននៃពួកគេបញ្ជាក់ថា ជាពលរដ្ឋតួកគី ហើយស្នើសុំឲ្យបញ្ជូនពួកគេបន្តទៅប្រទេសតួកគី ប៉ុន្តែអាជ្ញាធរថៃបែរជាបង្ខំបញ្ជូនពួកគេទៅកាន់ប្រទេសចិនវិញ។ អ្នកដែលទៅដល់ប្រទេសចិនវិញតែងតែប្រឈមនិងការធ្វើទារុណកម្ម និងចាប់ដាក់ពន្ធនាគារ។​

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang ថ្លែងថា ចិននៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថៃក្នុងការតាមដាន​អ្នកដែលគេចខ្លួនទាំងនោះ។​នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លោក Lu ថ្លែងជំរុញឲ្យអាជ្ញាធរថៃស្វែងរកជនជាតិ​លោក Uighur ទាំងនោះឲ្យបានឆាប់និងផ្តល់យុត្តិធម៌ដល់អ្នកទាំងនោះ។​

កាលពីឆ្នាំ២០១៥ អាជ្ញាធរថៃបានចាប់បញ្ជូនជនជាតិភាគតិច Uighur ចំនួន​១០៩នាក់ទៅកាន់ប្រទេសចិន នាំឲ្យមានការថ្កោលទោស អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង បណ្តាប្រទេសមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ