រដ្ឋាភិបាល៖ អត់បក្សប្រឆាំង ប្រជាធិបតេយ្យកាន់តែល្អជាងមុន

វេទិកាតុមូលស្ដីអំ​ពី «ដំណើរការ​ប្រជាធិបតេយ្យ​​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ»

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដើរថយក្រោយនោះទេ ខណៈប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ ថ្កោលទោសយ៉ាងខ្លាំង ក្រោយមានការរំលាយគណបក្សប្រឆាំង។

ក្នុងវេទិកាតុមូលមួយ កាលពីថ្ងៃអង្គារម្សិលមិញ នៅរាជបណ្ឌិតសភាកម្ពុជា ​ស្ដីអំ​ពី «ដំណើរការ​ប្រជាធិបតេយ្យ​​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ» អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ថ្លែងថា នៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ត្រូវបានគោរពយ៉ាងល្អប្រសើរ។ លោកថា ចំពោះវិធានការរំលាយគណបក្សសង្គ្រោះជាតិ គឺមិនរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតនោះទេ ដោយសារថា គណបក្សប្រឆាំងខ្លួនឯង ប្រព្រឹត្តបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បន្ដថា ក្រោយបាត់បក្សប្រឆាំងដ៏ធំនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ មិនមែនដើរថយក្រោយ ដូចដែលប្រទេសលោកសេរី និងអង្គការអន្ដរជាតិមួយចំនួន យល់ឃើញនោះទេ ព្រោះលោកថា នៅមានគណបក្សផ្សេងទៀត ដែលពលរដ្ឋអាចបោះឆ្នោតឲ្យ។

លោកថា៖ «ក៏ប៉ុន្ដែប្រធានបទ បច្ចុប្បន្នសួរថា ពេលដែលគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការស្របតាមគោលការណ៍ច្បាប់ តើលទ្ធិប្រជាធិបតេយ្យនៅឯណា? ប្រសិនណាជាប្រទេសជាតិយើងបច្ចុប្បន្ន មិនមានលទ្ធិប្រជាធិបតេយ្យទេ ក្មួយៗ ក៏ដូចព្រះអង្គគ្រប់ព្រះអង្គ មិនមែនឱកាសអង្គុយពេលនេះ អង្គុយបញ្ចេញមតិក្នុងសិក្ខាសិលានេះហើយ​ ដែលវាហាក់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ អត់មានប៉ះពាល់ទេ ហើយវាកាន់តែដំណើរការល្អប្រសើរ កុំឲ្យយល់ច្រឡំថា បាត់បង់គណបក្សនយោបាយមួយ លទ្ធិប្រជាធិបតេយ្យ ត្រូវស្លាប់»។

ក្នុងវេទិកាតុមូលនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព និងប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានថ្លែងគាំទ្រ ចំណាត់ការរំលាយបក្សប្រឆាំងនេះ ដោយថា តុលាការកំពូលបានសម្រេចត្រឹមត្រូវ និងផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងពីទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម​ រង្ស៊ី មានប្រសាសន៍ថា គណបក្សប្រជាជន របស់លោក ហ៊ុន សែន បានប្លន់អំណាចពីគណបក្សប្រឆាំង និងរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតធ្ងន់ធ្ងរ។ លោកថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ គឺមិនមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ នេះបើតាមវីដេអូ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃអង្គារទី២១វិច្ឆិកា។

ក្រោយរំលាយគណបក្សប្រឆាំងកាលពីសប្ដាហ៍មុន សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ហៅ​ចំណាត់​ការបែប​នេះ ​ថា ធ្វើឲ្យលទ្ធិ​ប្រជាធិបតេយ្យ​ស្លាប់បាត់បង់ជីវិត និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈប្រទេសលោកសេរីទាំងនេះ ក៏ព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ប្រសិនបើស្ថានការណ៍នយោបាយ នៅតែឡើងកម្ដៅរបៀបនេះ។

អង្គការអន្ដរជាតិមួយចំនួនទៀត រួមមាន អង្គការ Global Witness អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការលើកលែងទោសអន្ដរជាតិ និងក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចូលរួមទទូចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់នូវរាល់ការគំរាមកំហែងលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងគណបក្សប្រឆាំង ដោយថា ដើម្បីឲ្យការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ​ និងយុត្ដិធម៌។

គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីបោះឆ្នោតឃុំសង្កាត់ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ហើយសមាជិក និងមន្ដ្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ ចំណែក ប្រធានគណបក្សនេះ គឺលោក កឹម សុខា​ ក៏កំពុងជាប់ឃុំក្នុងពន្ធនាគារ ពីបទ «ក្បត់ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ