លោក ហ៊ុន សែន បង្ហើប​ពី​ការ​តែង​តាំងសមាជិក​ គ.ជ.ប ថ្មី ​

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា​ សមាជិក​ គ.ជ.ប ថ្មី នឹង​មាន​សមាជិក​ភាព ​ចេញពី​បក្សនយោបាយ​ពីរ និងចេញពីមន្ត្រី​សង្គម​ស៊ីវិលម្នាក់​។​

អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ខាងកូតា​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ កាល​ពី​​ដើម​សប្តាហ៍នេះ ដោយ​ថា ពួកគេ មិន​អាច​បន្ត​ក្បត់​ឧត្តម​គតិ មនសិការ និង​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​​។

លោក ​ហ៊ុន សែន នៅព្រឹក​ថ្ងៃ​ទី​២២វិច្ឆិកា ក្នុង​ជំនួប​ជា​មួយ​កម្ម​ករ ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​សមា​ជិក ​​គ.ជ.ប ខាង​កូតាគណបក្សសង្គ្រោះ​ជាតិ​ បាន​លាលែង​ពី​តំណែងនោះ សមាជិក​ថ្មី ដែល​មក​​ពី​គណបក្ស ហ្វ៊ុន ស៊ិន​ប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​សង្គម​ស៊ីវិលម្នាក់​ទៀត ​នឹង​ចូល​មក​ជំនួស​​តំណែង​​ទាំង​៣ នៅពេលខាងមុខ។

លោមានប្រសាសន៍បន្ថែមថា៖ «សភាបោះឆ្នោតពេញតើ! មានទៅខុសអី! អ្នកឯងចង់ព្រាត់ប្រាស់ទៅណាព្រាត់ប្រាស់ទៅ! គេបោះឆ្នោតនៅតែបោះឆ្នោត។ ២៥ខែកុម្ភៈ បោះឆ្នោតព្រឹទ្ធិសភា ២៩កក្កដាបោះឆ្នោតរដ្ឋសភា។ ទោះបី ប្រទេសណាមកសង្កេតការណ៍ អត់សង្កេតការណ៍ វាអត់ទាំងមានតម្រូវការទេ។ មិនមែនទាល់តែអ្នកឯងមកសង្កេតការណ៍ បានបោះឆ្នោតស្របច្បាប់ឯណា! ហើយនៅរដ្ឋធម្មនុញ្ញកម្ពុជាឬនៅលើពិភពលោក អត់មានតម្រូវទៅស៊ីញ៉េពីប្រធានធិបតីប្រទេសផ្សេង ទើបស្របច្បាប់ទេ ហើយក៏អត់មានតម្រូវការទៅស៊ីញ៉េពីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្របច្បាប់ដែរ» ។

អ្នក​នាំពាក្យ​រដ្ឋ​សភាកម្ពុជា លោក ឡេង ប៉េងឡុង បាន​បញ្ជាក់​ប្រាប់​វី​អូ​ឌីកាលពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​​ថា គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​​​​នៃរដ្ឋសភា កំពុង​​ត្រៀម​ជ្រើស​​រើសសមាជិក គ.ជ.​ប.ថ្មី ​សម្រាប់​ជំ​នួស​អ្នក​ទំាង​បីរូបនោះ មិនឲ្យផុតពីកន្លះខែនោះទេ។

លោកមាន​ប្រសាសន៍ថា៖ «យើងកំពុងធ្វើ យើងកំពុងដំណើរការជ្រើសរើសអ្នកជំនួស[សមាជិក គ.ជ.ប បីរូប] បើតាមច្បាប់ប្រហែល១៥ថ្ងៃ»។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅកាត់​ថានិចហ្វិច លោក សំ គន្ធាមី ថាបើ​ទោះ​បី​ក្បាល​ម៉ាស៊ី​ន​ថ្មី ​មើល​ទៅ​ហាក់​មាន​ភាព​រកាំរកូស​ច្រើន តែ​ក្នុង​កាលៈទេសៈដែល​លែង​មាន​បក្សប្រឆាំង​នេះ សមាភាព​នេះ ​អាច​ជា​ជំហរ​មួយ​ដែល​អាច​ផ្តល់​ទំនុក​ចិត្ត​បាន តែ​ទោះ​ជាយ៉ាង​ណា​លោក​ថា ​សង្គម​ស៊ីវិល​នឹង​បន្ត​ការ​តាម​ដាន​បន្ថែម​ទៀត​លើ​ករណីនេះ។

លោក​ថា៖ «អកុសល​គណបក្សសង្គ្រោះ​ជាតិ​ជួប​គ្រោះ​ត្រូវ​រំលាយ​ហើយ​អញ្ចឹង​វា​មាន​តែគណបក្ស​ផ្សេង​ៗ​ដែល​មក​ចូល​រួម​ហ្នឹង​ឲ្យ​បាន​ចម្រុះ​គ្នា​ទៅ ដើម្បី​ឲ្យ​មាន​គំនិត​រៀង​ៗ​ខ្លួន​ទៅ​កុំ​ឲ្យ​តែ​មាន​គំនិត​តែមួយ​ក្រុម​ដែល​មក​តែ​បក្សខ្លួន​ឯង​ពេ​ក​ក៏​វា​មិន​កើត​ដែរ។ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ និង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ដែល​ល្អ​ប្រសើរ»។

គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ថា អាសនៈ​សភា​ចំនួន៥៥ ​របស់​បក្ស​ប្រឆាំង នឹង​ត្រូវ​បែង​ចែក​ទៅ​គណបក្ស​ចំនួន៦ ដែល​ពុំ​ទទួល​បាន​អាសនៈ​សភា ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​​កន្លង​មក។

ករណីនេះ សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ដោយ​ថា​ ប្រទេស​នេះ​បាន​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ ក្រោយ​ពី​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ