ទីតាំងសាលាខេត្តនិងទីតាំងស្ថាប័នរដ្ឋជាង៣០កន្លែងនៅខេត្តព្រះសីហនុ ត្រូវបានគេស្នើសុំឲ្យផ្លាស់ចេញ ទៅកាន់ជាយក្រុងព្រះសីហនុ នៅពេលខាងមុខ ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ពិភពអេស៊ា ត្រេឌីញ។ នេះបើតាមកំណត់ហេតុនៃកិច្ចប្រជុំមួយរបស់អភិបាលរងខេត្តព្រះសីហនុជាមួយនឹងប្រធានមន្ទីរមួយចំនួននៅខេត្តតំបន់ទេសចរណ៍មាត់សមុទ្រនេះ។
ក្នុងកំណត់ហេតុកិច្ចប្រជុំក្រុមការងារចុះពិនិត្យសិក្សា ស្តីពីការស្នើសុំដោះដូរទីតំាងដីរដ្ឋបាលមួយចំនួនក្នុង ក្រុងព្រះសីហនុ ដើម្បីបង្កើតតំបន់រដ្ឋបាលប្រមូលផ្តុំ ដែលចុះហត្ថលេខាដោយអភិបាលខេត្ត លោក យន្ត មីន កាលពីពេលកន្លងទៅដែលទើបធ្លាក់ដល់ដៃអ្នកសារព័ត៌មានថ្មីៗនេះ មានខ្លឹមសារថា ទីតំាងរដ្ឋបាលសាលាខេត្ត និងស្ថាប័នរដ្ឋជាង៣០កន្លែងដែលមានទំហំដីសរុប ១៧៨,៧១១ម៉ែត្រការ៉េ នឹងត្រូវប្ដូរទៅទីតាំងថ្មី ដែលមានផ្ទៃដីទំហំ ២៣៣,២០០ម៉ែត្រការ៉េ ស្មើនឹង២៥ហិកតា ស្ថិតនៅជាយក្រុងព្រះសីហនុវិញ។
ស្ថាប័នដែលគ្រោងប្តូរទៅទីតំាងថ្មី រួមមាន ស្នងការនគរបាល, អធិការដ្ឋាននគរបាល, អធិការដ្ឋានរដ្ឋបាលព្រៃឈើ ឈូង សមុទ្រ, រតនាគារ, អគារពន្ធដារថ្មី, សាលាដំបូង, មន្ទីរពាណិជ្ជកម្ម, មន្ទីរទេសចរណ៍, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរព័ត៌មាន, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, គណៈកម្មការជាតិរៀបចំការបោះឆ្នោត, មន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរបរិស្ថានចាស់, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរសុខាភិបាល, មន្ទីរអប់រំ យុវជន និងកីឡា, និងសាខាគយ និងរដ្ឋករខេត្ត ជាដើម។
VOD បានទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដែរ តែលោកថា ជាប់រវល់ប្រជុំ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញ ព័ត៌មានក្នុងស្រុកបានដក់ស្រង់សម្តីលោក ខៀវ សុភ័គ ថា ក្រសួងមិនមានគម្រោងប្តូរទីតំាងរដ្ឋបាលខេត្តព្រះសីហនុ ទៅជាយក្រុងនោះទេ។
អ្នកប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ចលោក សួន ប៊ុនស័ក្តិ យល់ថា បើមានការផ្លាស់ប្តូរទីតំាងរដ្ឋបាលរបស់រដ្ឋពីកណ្តាលក្រុង ទៅជាយក្រុង លោកថានឹងបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការផ្តល់ និងទទួលបានសេវាពីស្ថាប័នរដ្ឋ៖«ចំណុចនេះ ខ្ញុំគិតថា ជាការលំបាកទៅវិញ ព្រោះកន្លែងស្ថាប័នរដ្ឋ គួរតែនៅកន្លែងជួបជុំ ដើម្បីសាធារណៈជនប្រើប្រាស់សេវាកម្មរបស់រដ្ឋ រួចមន្ត្រីរបស់រដ្ឋក៏ពិបាកនៅក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសគឺទទួលព័ត៌មានពីប្រជាពលរដ្ឋ»។
កាលពី លោក ស៊ូ ភិរិន្ទ ធ្វើជាអភិបាលខេត្តសៀមរាប លោកក៏បានដូរសាលាខេត្ត ទៅជាយក្រុង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រផងដែរ។ នៅពេលនោះធ្វើឲ្យក្រុមមន្ត្រីរាជការរាប់សិបនាក់ មិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ដោយថា ចម្ងាយផ្លូវធ្វើដំណើរទៅធ្វើការងារឆ្ងាយពេក។ ក្រោយមក អភិបាលខេត្តថ្មីលោក ឃឹម ប៊ុនសុង ដែលឡើងជំនួសលោក ស៊ូ ភិរិន្ទ បានសម្រេចយកសាលាខេត្តសៀមរាប មកដាក់នៅកណ្ដាលក្រុងវិញ។