បទយកការណ៍៖ ពលរដ្ឋ៦៥គ្រួសារនៅខណ្ឌមានជ័យរងផលប៉ះពាល់ដោយសារកសិដ្ឋានចិញ្ចឹមមាន់

ពលរដ្ឋជាច្រើនគ្រួសារនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសំដែងក្ដីកង្វល់ពីផលប៉ះពាល់សុខភាពដោយថាកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងកំពុងបង្កផលរំខានខ្លាំងដល់ខ្យល់ដង្ហើម។

ប្រជាពលរដ្ឋប្រមាណ៦៥គ្រួសារបានដាក់ពាក្យបណ្ដឹងជាលើកទី៣ទៅសាលាសង្កាត់ព្រែកថ្មី ដោយប្តឹងឈ្មោះ រស់ សេងលាង ភេទស្រីនិងឈ្មោះ សុខ ហេង ភេទប្រុស ដោយចោទថាជាអ្នកគ្រប់គ្រងកសិដ្ឋាននេះមិនបានគោរពតាមគោលការណ៍ថែរក្សាបរិស្ថាន នាំឲ្យជះក្លិនស្អុយ រុយរោមច្រើន និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្បែរនោះ។

អង្គុយលើកៅអីជ័រមួយ នៅទីធ្លាខាងមុខផ្ទះ អ្នកស្រី គួន សីហា មានដើមកំណើតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ បានឲ្យដឹងដោយទឹកមុខស្លេកស្លាំងថា ផ្ទះគាត់ស្ថិតនៅជិតកសិដ្ឋានចិញ្ចឹមមាន់នេះ និងថាគ្រួសារគាត់ត្រូវស៊ូទ្រាំហិតក្លិនស្អុយស្ទើរគ្រប់ពេលវេលា។

អ្នកស្រីថា៖ «ផ្ទះខ្ញុំនៅជាប់នៅរបងផ្ទះអ្នកចិញ្ចឹមមាន់ហ្នឹងហ្មង ខ្ញុំរស់នៅជិតហ្នឹងរុយច្រើនណាស់ពេលខ្ញុំហូបបាយម្ដងៗ ខ្ញុំពិបាកណាស់។ ហើយរួចទៅធុំក្លិនស្អុយ មិនថាចំណីមាន់ក៏ស្អុយ អាចម៍មាន់ក៏ស្អុយដែរ ស្អុយគ្រប់ពេលវេលា ហើយរុយគ្រប់ពេលវេលា សូម្បីតែយប់ម៉ោង៧ ម៉ោង៨ ក៏នៅតែមានរុយដែរ ពេលខ្លះខ្ញុំហូបបាយអត់កើត។ ផ្ទះខ្ញុំឈឺសឹងតែរាល់ថ្ងៃ ដូចឈឺក្បាល ក្ដៅខ្លួនអ៊ីចឹងព្រោះអីវាមានមេរោគច្រើន»

ពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី ហាក់ ស៊ីណា បានបង្ហើបឲ្យដឹងដែរថា កសិដ្ឋានចិញ្ចឹមមាន់នេះបានបង្កើតនៅឆ្នាំ២០១១។ គាត់បន្តថាពលរដ្ឋបាននាំគ្នាប្ដឹងទៅសាលាសង្កាត់ជាច្រើនដងរួចមកហើយដើម្បីឲ្យម្ចាស់កសិដ្ឋានកែប្រែឥរិយាបទ ប៉ុន្ដែនៅតែដដែល។

អ្នកស្រីនិយាយថា សមាជិកក្នុងគ្រួសារគាត់ឧស្សាហ៍កើតជំងឺផ្ដាសាយ ក្អក វិលមុខ ឈឺក្បាល និងពិបាកដកដង្ហើម ដោយសារក្លិនស្អុយភាយចេញពីកសិដ្ឋានមួយនេះ។

អ្នកស្រីថា៖ «កសិដ្ឋានហ្នឹងបើកក្រោយខ្ញុំមកនៅឆ្ងាយណាស់ ទើបបើក ឥឡូវ ឥឡូវ ដែរទេ ប្រហែលជា៦ឆ្នាំ ។ ចា​!ស្អុយ ហើយរុយច្រើន ដាក់ពាក្យទៅ៣-៤ដង តែនៅដដែល។​​ កូនឈឺដូចថាវាប៉ះពាល់ផ្លូវដង្ហើមក្មេងអ៊ីចឹង ទាំងមនុស្សចាស់ ទាំងក្មេងហ្នឹងមិនសូវជាទេ ដូចជាផ្ដាសាយ ក្អក អ៊ីចឹង អត់សូវជាទេ ផ្លូវដង្ហើម»

ពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រី នៅ រ៉េន អាយុ៥៧ឆ្នាំ មានផ្ទះទល់មុខកសិដ្ឋានចិញ្ចឹមមាន់នេះ បានឆ្លៀតពេលកំពុងបរិភោគអាហារថ្ងៃត្រង់ និយាយមកកាន់អ្នកយកព័ត៌មានVODថា គ្រួសាររបស់អ្នកស្រីមិនអាចទ្រាំទ្ររស់នៅស្រូបក្លិនស្អុយនេះបានតទៅទៀតឡើយ។

អ្នកស្រីថា៖ «ខ្យល់ពីជើងទៅពេញទំហឹងហើយស្អុយណាស់ ហើយរុយក៏ច្រើន ហើយផ្លូវដង្ហើមនៃក្លិនហ្នឹងធ្វើឲ្យមីងឈឺទ្រាំលែងបានហើយ។ សំណូមពរគាត់ សុំឲ្យគាត់លើកកសិដ្ឋានទៅកន្លែងណាទៅ កុំមកធ្វើក្នុងកន្លែងប្រជាជន ហើយគាត់ធ្វើក្រោយខ្ញុំដាច់ ហើយពួកខ្ញុំរស់អត់បានទេ បើស្អុយយ៉ាងនេះ ទ្រាំមិនបានទេ»

អ្នកស្រីបានបន្ទោសអាជ្ញាធរថា មិនគួរណាផ្ដល់ប័ណ្ណអនុញ្ញាតឲ្យម្ចាស់កសិដ្ឋានបើកដំណើរការនៅក្នុងសហគមន៍ដូច្នេះឡើយ។

អ្នកស្រីថា៖ «គាត់មកនៅដំបូង គាត់សង់ផ្ទះនៅធម្មតាទេ តែគាត់ទៅសុំច្បាប់នៅភូមិឃុំ ភូមិឃុំក៏លោកអត់មានអាណិតមេត្តាដែរ គាត់ហ៊ានធ្វើសំបុត្រឲ្យគេ»

ពលរដ្ឋម្នាក់ទៀតដែលមានលំនៅឋានជាប់កសិដ្ឋាននោះដែរ លោក ម៉ៅ បូរ៉ា បានឲ្យដឹងថា ក្រៅពីក្លិនស្អុយ និងរុយរោមច្រើន ម្ចាស់កសិដ្ឋានថែមទាំងបានបង្ហូរលាមក និងចំណីសត្វទៅក្នុងស្រះទឹកខាងក្រោយផ្ទះគាត់ទៀតផង។

លោកបន្ដថា ម្ចាស់កសិដ្ឋានមិនបានរៀបចំ និងសង់រណាំងហ៊ុំព័ទ្ធកសិដ្ឋានឲ្យបានត្រឹមត្រូវឡើយ ដោយថាគឺគាត់ និងពលរដ្ឋផ្សេងទៀតជាអ្នកខិតខំបាំងរបងស័ង្កសីដើម្បីទប់ក្លិនស្អុយបានខ្លះ។

លោកថា៖ «ការប៉ះពាល់ វាស្អុយ រុយក៏រុយ ណាមួយចង់លំហែកាយសម្រាកពេលថ្ងៃ១ម៉ោង កន្លះម៉ោង ក៏អត់បាន វាមករោមតែហ្មង បាយថ្ងៃណាខ្លះជួនបិទទ្វារ បាយថ្ងៃណាខ្លះ បិទទ្វារហូបបាយ។ ក្រៅពីនោះទៀត វាស្អុយ ទ្រាំសឹងតែមិនបាន ហើយអាចម៍ហ្នឹងទៀត យកទៅដាក់នៅណាមិនយក យកបង្ហៀរចូលក្នុងបឹង ប្រជាពលរដ្ឋត្រូវការប្រើប្រាស់លាងដៃលាងជើងអីម្ដងម្ដាលអត់បានតាហ្មង។ អាហ្នឹងវាបណ្ដាលមកពីអាចម៍មាន់ចាកចោលសាធារណៈ អត់មានគិតគូរពីផលប៉ះពាល់អ្នកជិតខាង»

បន្ទាប់ពីបានសួរនាំក្ដីកង្វល់ប្រជាពលរដ្ឋហើយ អ្នកយកព័ត៌មានយើងបានធ្វើដំណើរទៅដល់កសិដ្ឋានចិញ្ចឹមមាន់ដោយផ្ទាល់ និងព្យាយាមសុំការឆ្លើយបំភ្លឺពីអ្នកស្រី រស់ សេងលាង ប៉ុន្ដែអ្នកស្រីបដិសេធថាគាត់មិនមែនជាម្ចាស់នោះទេ។ អ្នកស្រីបានស្រែកពីក្នុងរបងកសិដ្ឋានថាម្ចាស់ពិតប្រាកដ គឺឈ្មោះ សុខ ហេង ទៅវិញ។

អ្នកស្រី៖ «មានរឿងអីត្រូវប្រកែកទេ អាសូរខ្ញុំមិនមែនរកស៊ីគ្រឿនញៀន ខ្ញុំមិនមែនរកស៊ីគ្រឿងញៀន អត់ទៅខ្លាចទេ តេទៅគាត់ហ្នឹង»។ ​

លោក សុខ ហេង អាយុ៦៤ឆ្នាំ អះអាងជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នេះ បានឲ្យដឹងតាមទូរស័ព្ទថា ពលរដ្ឋដែលរស់នៅក្បែរនោះចេះតែចោទប្រកាន់ទេ ដោយថាកសិដ្ឋានរបស់លោកជាកសិដ្ឋានតូចតាច ដូច្នេះមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។

លោកថា«មិនមែនប្រចាំខែប្រចាំអាទិត្យអីទេ រាល់ថ្ងៃ […] ចុះអាហ្នឹងគេចេះតែប្រមែប្រមូលមក បើយើងនិយាយទៅ នៅត្រឹមមុខរបងខ្ញុំ ប្រហែលមិនមានផង។ ខ្ញុំមិនដឹងជាច្រមុះគាត់ល្អ ដូចជាខ្យល់អីម្ដង ម្ដងម្កាល បើសិនជានិយាយពីរឿង៦៥គ្រួសារនោះ វាដូចជាច្រើនពេក នៅជុំវិញហ្នឹង មានតែ១គ្រួសារ ២គ្រួសារ»

ដោយកំពុងមមាញឹកត្រួតមើលមន្ដ្រីក្រោម​ឱវាទបំពេញការងារ និងដោះស្រាយទុក្ខកង្វល់ជូនប្រជាជន លោកចៅសង្កាត់ លីវ វណ្ណថេង បានឲ្យយើងដឹងនៅសង្កាត់ព្រែកថ្មីថា កាលពីលើកមុន ប្រជាពលរដ្ឋបាន មកដាក់ពាក្យបណ្ដឹងម្ដង ជា២ដងរួចមកហើយ ដោយថាមន្ដ្រីជំនាញក៏បានចុះទៅណែនាំចំពោះម្ចាស់កសិដ្ឋាននេះ។

ប៉ុន្ដែលោកបន្ថែមថា ក្រោយពីមានការសម្របសម្រួលគ្នា ម្ចាស់កសិដ្ឋានបែរជាធ្វេសប្រហែសមិនព្រមថែរក្សា និងសម្អាតទ្រុងមាន់ឲ្យបានត្រឹមត្រូវ ជាហេតុបង្កឲ្យមានក្លិនស្អុយសារជាថ្មីទៀត។

លោកនិយាយថា៖ «ពីដើម យើងធ្លាប់បានទទួលបានពាក្យបណ្ដឹងម្ដងហើយ ហើយក៏យើងបានបញ្ជូនពាក្យបណ្ដឹងនេះទៅការិយាល័យជំនាញ មានជំនាញបរិស្ថាន និងកសិកម្មគាត់ចុះមកពិនិត្យផ្ទាល់ ហើយក្រោយមកក៏មានការសម្របសម្រួលជាមួយម្ចាស់កសិដ្ឋាន និងប្រជាពលរដ្ឋនៅជុំវិញ។ តែក្រោយមកទៀត គាត់បានបន្ដអាជីពហ្នឹង ហើយជាក់ស្ដែងក្នុងកំឡុង២-៣ថ្ងៃនេះ ប្រជាពលរដ្ឋឃើញថាមានការប៉ះពាល់បរិស្ថាន ដូចជា ក្លិនស្អុយ រុយរោមច្រើន ដោយសារការមិនសម្អាតរបស់ម្ចាស់កសិដ្ឋាន»

យ៉ាងណាមិញ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ លោក សុខ ហេង លើកឡើងថា ការណែនាំរបស់មន្ដ្រីជំនាញ និងអាជ្ញាធរ កាលពីពេលកន្លងមក មានភាពស្មុគស្មាញ ធ្វើឲ្យលោកពិបាកក្នុងការអនុវត្តតាម។

លោកថា៖ «គេប្ដឹងខ្ញុំ វាច្រើនលើក ច្រើនសារហើយ។ ហើយអាជ្ញាធររហូតដល់ក្រសួងគេឲ្យសម្អាតម៉េច ម៉េច គេចុះមកផ្ទាល់ គេឲ្យធ្វើ ដល់តែពេលយើងធ្វើគេជំទាស់ អាជ្ញាធរគេឲ្យរំលើងរបង ដល់ពេលហើយ គេជំទាស់ទៀត។ អាជ្ញាធរខណ្ឌគេថាមិនឲ្យធ្វើទេ អាណាឲ្យធ្វើ ខ្ញុំមិនដឹងជាស្ដាប់ខាងណាឲ្យបានស្រួល»

ពាក់ព័ន្ធបញ្ហានេះ លោកចៅសង្កាត់ លីវ វណ្ណថេង បញ្ជាក់ទៀតថា លោកបានបញ្ជូនពាក្យបណ្ដឹងរបស់ពលរដ្ឋទៅថ្នាក់លើហើយដើម្បីឲ្យមន្ដ្រីជំនាញចុះមកត្រួតពិនិត្យម្ដងទៀត។

លោកថា៖ «ដូច្នេះ ខ្ញុំបានបញ្ជូនពាក្យបណ្ដឹងនេះម្ដងទៀតទៅការិយាល័យជំនាញខណ្ឌ ដើម្បីឲ្យគាត់ចុះមកពិនិត្យជាក់ស្ដែង ហើយដើម្បីមានវិធានការដល់ម្ចាស់កសិដ្ឋាន។ យើងមិនអាចទ្រាំនៅដដែលៗ ទាល់តែប្រជាពលរដ្ឋប្ដឹង ទើបគាត់ចាប់ផ្ដើមអ៊ីចឹងទេ​។ ក្នុងនាមគាត់ជាម្ចាស់កសិដ្ឋានមួយ គាត់ត្រូវមានកាតព្វកិច្ចថែរក្សាបរិស្ថានឲ្យស្អាតជានិច្ច ដើម្បីចៀសវាងក្លិនឆ្អេះឆ្អាប ឬរុយរោមដល់ផ្ទះប្រជាពលរដ្ឋ គឺគាត់ត្រូវថែទាំជាប្រចាំ ហើយបញ្ហាបរិស្ថាននេះសំខាន់ណាស់»

លោកបន្ដថា បើសិនជាក្រុមមន្ដ្រីជំនាញរកឃើញថាម្ចាស់កសិដ្ឋានពិតជាមានកំហុងឆ្គង ដោយមិនបានលាងសម្អាតកសិដ្ឋានតាមគោលការណ៍ថែរក្សាបរិស្ថានទេនោះ លោកថាចំណាត់ការចុងក្រោយគឺមានតែបិទកសិដ្ឋាននេះប៉ុណ្ណោះ។

លោកថា៖ «ប្រសិនបើប្រកបនៅទីតាំងចាស់ គាត់ត្រូវតែសម្អាត បើមិនទេ គាត់អាចរើទៅប្រកបរបរនេះនៅទីតាំងណាផ្សេងដែលនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋចុះ […] លើការិយាល័យជំនាញគាត់នឹងចុះមកពិនិត្យហើយ បើសិនជាគាត់មិនយកចិត្តទុកដាក់ មិនមានអីកែសម្រួល ឬខិតខំបន្ថែមពីបញ្ហាបរិស្ថាននេះទេ យើងនឹងឈានដល់ការបិទហើយ»

លោកចៅសង្កាត់ព្រែកថ្មីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរងគ្រោះ និងម្ចាស់កសិដ្ឋាន មានការអត់ធ្មត់ដើម្បីឲ្យអាជ្ញាធរឃុំ-សង្កាត់ចាត់ការតាមជំនាញបច្ចេកទេសជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ