រដ្ឋលេខា​ធិការ​ទី​ស្តី​ការ​គណរដ្ឋ​មន្ត្រី​ត្អូញ​ត្អែរពី​ការ​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្តព្រះសីហនុ

ប្រភពរូបភាពពីហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន់

រដ្ឋលេខា​ធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​លោក ​ផៃ ស៊ីផាន បាន​ត្អូញត្អែពី​ការ​ឡើង​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្តព្រះ​សីហនុ ខណៈដែល​ខេត្ត​នេះ​នឹង​ប្រារព្ធពិធី​បុណ្យ​សមុទ្រនៅចុងសប្តាហ៍នេះ​។

លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅលើ​ហ្វេស​បុក​របស់​លោក​កាល​​ពី​​ថ្ងៃ​ទី២១ខែធ្នូ​ ថា​លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំពោះ​ការ​តំឡើង​ថ្លៃ​របស់​សណ្ឋាគារ ​ផ្ទះសំណាក់ទ្វេដង ដោយ​​លោក​ថា​ប្រាក់​បេសកម្ម​របស់​លោក​មិន​ស្មើ​នឹង​តម្លៃ​ជួល​បន្ទប់​ធម្មតាស្នាក់​នៅ​ផង។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បានទទួល​ស្គាល់​ថា​ពិតជា​មាន​ការ​ឡើង​ថ្លៃ​ពិត​មែន លោក​ថា​ការឡើង​ថ្លៃនេះ​ក៏ព្រោះ​តែ​ចំនួន​នៃ​តម្រូវ​ការ​មាន​ចំនួន​ច្រើន​ជាង​អ្វី​ដែល​អាច​ផ្គត់​ផ្គង់​បាន តែ​លោក​ថា​ស្ថាប័នពាក់​ព័ន្ធ​កំពុង​រកវិធានការ​កំណត់​តម្លៃស្នាក់នៅកុំឲ្យ​ឡើង​ថ្លៃពេក។

លោក​ថា « វាធម្មតាទេ! តែមានបុណ្យទាន វាប្រាកដជាឡើងថ្លៃហើយដោយសារតែតម្រូវការវាច្រើន ការផ្គត់ផ្គង់វាតិច ចឹងកាលណាដែលការផ្គត់ផ្គង់វាតិចហើយតម្រូវការវាច្រើនជាសេដ្ឋកិច្ចវាប្រកដជាឡើងថ្លៃអញ្ចឹង។ ហើយនេះវាមិនមែនមានតែក្រុងព្រះសីហនុទេ គឺទូទាំងប្រទេសកម្ពុជាក៏ដូចជានៅបណ្តាប្រទេសណាក៏ដូចជាប្រទេសណាដែរ សូម្បីតែនៅ News York ពេលដែលប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិគឺអូតែជុំវិញហ្នឹង ក៏ឡើងថ្លៃដែលនេះជាអ្វីដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើក»  

ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​លោក តាំង សុចិត្តគ្រឹស្នា បាន​ឲ្យ​ដឹងថា ការ​ដំឡើង​ថ្លៃសេវាកម្មនេះ​គឺអាច​អាច​ធ្វើទៅបាន​​តែ​ត្រូវ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ដែល​​អាច​ទទួល​យក​បាន​​​ ។ លោក​បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​មន្ទីរ​ព្រួយបារម្ភ​នោះគឺការ​មិនមាន​ស្តង់ដាតម្លៃ​ណា​មួយ​សម្រាប់ផ្ទះ​សំណាក់​ដែល​ធ្វើ​ឲ្យអ្នកធ្វើអាជីវកម្ម​ទាំងនោះ​ឡើង​ថ្លៃ​តាម​តែ​អំពើ​ចិត្ត។

ទោះ​ជា​យ៉ាង​ណាក៏​ដោយលោកថា មន្ទីរ​បាន​ចុះ​ទៅ​ណែ​នាំ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយ​ដ្ឋាន​បាន​រួច​រាល់​ហើយ​ពី​បញ្ហា​​នេះ​ ដោយ​ព្រមាន​​​ចាត់​វិធាន​ការ ដល់ម្ចាស់អាជីវកម្មណាដែល​ឡើង​ថ្លៃ​ហួស​ហេតុ​នា​ពេល​បុណ្យ​ទាន​នេះ។​

បើ​តាម​លោក​គ្រឹស្នា ថ្ងៃ​ធម្មតា​ផ្ទះ​សំណាក់​មាន​តម្លៃពី ១៥ ទៅ​២៥ដុល្លារ ចំណែកឯសណ្ឋាគារ​គឺ​ចាប់ពី​៣០ ទៅ​ដល់​១២០០ដុល្លារ​ក្នុង​មួយ​យប់ តែ​សម្រាប់​ថ្ងៃ​មាន​បុណ្យ​ទាន​នេះលោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ដោយ​លោក​ថា​មន្ទី​រ​កំពុង​ចុះ​ស្រង់​ទិន្និន័យ។

គួរ​បញ្ជាក់​ថា ពិធី​បុណ្យ​សមុទ្រលើក​ទី​៥ ឆ្នាំ​២០១៦នេះ កម្ពុជាបាន​ប្រារព្ធ​នៅ​ ឆ្នេរ​ឯក​រាជ្យ​​នៃ​ខេត្តព្រះ​សី​ហនុ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី២៥ ធ្នូ ដោយ​មន្ទីរ​ទេសចរណ៍​សង្ឃឹម​ថាអាច​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​​ជា​​៤០​ម៉ឺន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ