មន្រ្តីអាជ្ញាធរមូលដ្ឋាននៅខេត្តសៀមរាប រងការរិះគន់ថា បានបង្ខំពលរដ្ឋឲ្យផ្ដិតមេដៃចូលជាសកម្មជនគណបក្សកាន់អំណាច នៅក្រោមហេតុផលថា ដើម្បីងាយស្រួលដោះស្រាយបញ្ហាកើតឡើង។
ជំទប់ទី២នៃឃុំជប់តាត្រាវ មកពីគណបក្ស សម រង្ស៊ី លោក ព្រឹក ញ៉ាន ឲ្យវីអូឌីដឹងនៅថ្ងនេះថា ជំទប់ទី១លោក ឆេង ឆុង និងអនុភូមិម្នាក់ទៀត មកពីគណបក្សប្រជាជនកម្ពុជា បានបង្ខំពលរដ្ឋចំនួន៥នាក់ ឲ្យផ្ដិតមេដៃចូលជាសមាជិកបក្សកាន់អំណាច ដោយលើកហេតុផលថា ងាយស្រួលដោះស្រាយជម្លោះ និងបញ្ហាកើតឡើង។ លោកបន្ដថា ការបង្ខិតបង្ខំនេះ មានរយៈពេលបីថ្ងៃមកហើយ ដែល ធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភនិងភ័យខ្លាច និងបង្កជម្លោះជាមួយអនុភូមិផងដែរ។លោកចាត់ទុកករណីនេះជាការគម្រាមកំហែងដល់ពលរដ្ឋ ខណៈដែលតំបន់នោះស្ថិតនៅឆ្ងាយពីទីប្រជុំជន។ លោកបន្ដថា«គណបក្សប្រជាជនជំទប់ទី១និងអនុភូមិម្នាក់ប្រមូលប្រជាពលរដ្ឋយកអត្ដសញ្ញាណប័ណ្ណហើយឲ្យផ្ដិតមេដៃហៅមកយប់ម៉ោង៨ប្រជាពលរដ្ឋគាត់រកាំរកូសគាត់ឈ្លោះប្រកែកឈ្លោះនិងអនុភូមិ។អនុភូមិគាត់ថាប្ដឹងអ្នកណាប្ដឹងទៅគេហៅមកហ្នឹងឲ្យចូលក្រុមគេបើមិនចូលក្រុមគេទេគេមានរឿងរ៉ាវអីគេមិនដោះស្រាយឲ្យគាត់ឆ្លល់»។
អ្នកភូមិម្នាក់ក្នុងចំណោម៥នាក់ នៅភូមិទ័ពស្វាយ ក្នុងខេត្តសៀមរាប លោក សៀ សី ឲ្យដឹងថា ពួកគាត់៥នាក់ ត្រូវបានអនុភូមិឈ្មោះខាន់ និងជំទប់ទី១លោក ឆេង ឆុង កត់យកលេខកូដអត្ដសញ្ញាណប័ណ្ណ និងឲ្យផ្ដិតមេដៃចូលជាក្រុមគណបក្សប្រជាជន នៅម៉ៅង៨យប់ ដោយប្រាប់ថា បើមិនចូលក្រុមនេះទេ ពួកគាត់គ្មានអ្នកជួយដោះស្រាយជម្លោះកើតឡើងនៅក្នុងភូមិទេ។លោកបន្ដថា ការហៅពួកគេនេះ ជាអ្នកខ្វះចំណេះដឹង ដែលលោកថា ពួកគាត់មានការភ័យខ្លាច ខណៈដែលហៅពួកគាត់ទៅចូលជាក្រុមធ្វើឡើងនៅពេលយប់ និងលួចលាក់។លោកបន្ដថា«មកដេកគិតម្ដងទៀតខ្ញុំគិតថាម៉េចមិនធ្វើដោយបើកចំហរហេតុអីធ្វើនៅពេលយប់ហើយនាំតែអ្នកអត់ចេះអក្សរ។ខ្ញុំអានមើលឯកសារគេត្រួសសូមថ្លែងអំណរគុណស្អីៗទេចូលជាក្រុមបើសិនមានបញ្ហាអីមួយដូចជាជម្លោះក្នុងភូមិរកគេជួយដោះស្រាយងាយស្រួលគេនិយាយអញ្ចឹង។ឪខ្ញុំទៅសួរដល់សួរទៅមិនដឹងចន្លោះពាក្យយ៉ាងម៉េចទេឲ្យឪខ្ញុំប្ដឹងទីណាទៅចុះ»។
ករណីនេះ ជំទប់ទី១នៃឃុំជប់តាត្រាវ លោក ឆេង ឆុង មានប្រសាសន៍ថា លោកមិនបានបង្ខំឲ្យពលរដ្ឋផ្ដិតមេដៃនោះទេ ប៉ុន្ដែលោកទទួលស្គាល់ បានហៅពលដ្ឋឲ្យចូលជាក្រុមគណបក្សកាន់អំណាច ដែលលោកថា ជាគោលការណ៍ គណបក្សរបស់លោកឲ្យកសាងសមាជិកជាអ្នកដែលទើបមានឈ្មោះចុះឈ្មោះបោះឆ្នោតដំបូង។លោកបញ្ជាក់ថា«គោលការណ៍នៃការងារគណបក្សរបស់ខ្ញុំត្រូវការកសាងប៉ុន្ដែយើងធ្វើតាមគោលការណ៍មិនបានធ្វើអ្វីធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ដល់ពួកគាត់ទេហើយក៍មិនបានបង្ខិតបង្ខំពួកគាត់ដែរចឹងបបើគាត់ទៅចូលគឺយើងបញ្ចូលពួកគាត់»។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការពារសិទ្ធិមនុស្សលីកាដូខេត្ដសៀមរាបលោក នូ ពុទ្ធិ មានប្រសាសន៍ថា គណបក្សនយោបាយនីមួយៗគួរផ្ញើសារឲ្យម្ចាស់ឆ្នោតពិចារណាលើគោលនយោបាយរបស់ខ្លួន ខណៈដែលការបោះឆ្នោតជិតមកដល់។លោកបន្ដថា ការបង្ខិតបង្ខំ ឬទិញទឹកចិត្ដពលរដ្ឋឲ្យចូលរូមជាមួយគណបក្សនយោបាយណាមួយ លោកថា ជាទង្វើខុសច្បាប់៕