វៀតណាមស្នើជាថ្មីឲ្យកម្ពុជាធានាសិទ្ធិស្របច្បាប់ដល់អនិកជនរបស់គេនៅទឹកដីខ្មែរ

ប្រភពរូបពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាមដែលកំពុងរស់នៅកម្ពុជា ខណៈដែលសមត្ថកិច្ចកម្ពុជារកឃើញថា ជនជាតិវៀតណាមរាប់ម៉ឺននាក់កំពុងកាន់កាប់ឯកសាររដ្ឋបាលខ្មែរដោយខុសច្បាប់។

ការទាមទារជាថ្មីទៀតនេះ ធ្វើឡើងនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២០ដល់ទី២១ខែធ្នូនេះ។

ក្នុងសេចក្ដីថ្លែងការណ៍រួម នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា «បន្តចាត់វិធានការសមស្របនានាក្នុងការធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាម  ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយស្មើភាព ដូចជនបរទេសដទៃទៀតដែលរស់នៅកម្ពុជាស្របច្បាប់ ដោយថា ដើម្បីពង្រឹងនិងពង្រីកមិត្តភាពរវាងប្រទេសទាំងពីរ»។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាឲ្យដឹងថា ជនជាតិវៀតណាមចំនួន ៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត។

អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានឲ្យដឹងថា ចាប់ពីឆ្នាំ២០០២ មកដល់ឆ្នាំ២០១៦ ចំនួនជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា មានការកើនឡើងជាលំដាប់។ លោកថា ជនអន្តោប្រវេសន៍ដែលរស់នៅច្រើនជាងគេ គឺមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង និងខេត្តព្រៃវែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ