អង្គការ​លើក​លែង​ទោស​អន្តរជាតិ​អំពាវ​នាវ​​និងជំរុញ​ឲ្យដោះ​លែង​លោក កឹម សុខា ជាបន្ទាន់

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

អង្គការ​អន្តរជាតិមួយ ​ដែល​ឃ្លាំមើល​ពី​សិទ្ធិ​ជន​ជាប់​ចោទ ​​បានអំពាវ​នាវ​​ដល់​សហគមន៍អន្តរជាតិ​ឲ្យ​ជំរុញ​ជា​បន្ទាន់​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ដោះ​លែង​​អតី​តប្រធានគណ​បក្សប្រឆាំង​លោក កឹម សុខា ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈកម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ជា​ការអនុវត្តច្បាប់ដ៏​ត្រឹម​ត្រូវបំផុត។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយកាលពី​ថ្ងៃ​ទី​២១ខែ​ធ្នូ ​​ដែល​ដាក់​ចំណង​ជើង​ធំ​ៗ​ថា​ «ត្រូវ​មាន​សកម្ម​ភាព​ជាបន្ទាន់​ចំពោះ​ប្រធាន​អតី​ត​បក្សប្រឆាំង​ដែល​ជាប់​ពន្ធនាគារ» អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ជំរុញទៅ​អន្តរជា​តិ​ឲ្យ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដោះ​លែង​លោក​ កឹម សុខា និង​ឈប់​ដាក់​សម្ពោធ​ច្បាប់​ទៅ​លើ​គាត់​ទៀត ហើយ​​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក ​កឹម សុខា មា​ន​ទំនុកចិត្ត​ក្នុង​ការ​ទាក់​ទងជា​មួយ​មេធាវី គ្រួសារ និងការ​ទទួល​ការ​ព្យាបាល​សុខភាព​ត្រឹមត្រូវ ខណៈពេល​ដែល​កំពុងជាប់ឃុំ​ ជា​ពិសេស ត្រូ​វ​ធានា​ឲ្យ​សកម្ម​ភាព​នយោ​បាយ​កម្ពុជា​ត្រលប់​មក​ជាប្រក្រតី​វិញ ដោយ​គ្មាន​ការ​ចាប់​ខ្លួន​ និង​ការ​គំរាម​កំហែង។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនា​គារ​ត្រពាំង​ផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប ​នៃការថ្លែង​របស់​លោក​​នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុប​ឃិត​ជា​មួយ​​បរទេស មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​លោក ជុំ សន្ទរី ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២២ធ្នូ​នេះ។

ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើក​ឡើង​ប្រាប់​វី​អូ​ឌី​កាលពី​ម្សិ​ល​មិញ​ថា​ ចំណាត់​ការប្រឆាំង​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ និងការឃុំខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់ និងដើម្បី​ការពារ​សន្ដិភាព​ក្នុង​ប្រទេស​កម្ពុជាតែប៉ុណ្ណោះ។

លោកថា៖ «ការមានវិធានការផ្លូវច្បាប់ ​ចំពោះមេបក្សប្រឆាំង ក៏ដូចជាក្រុមមេដឹកនាំបក្សប្រឆាំង ខ្ញុំយល់ថា អាហ្នឹង គឺជាការអនុវត្តច្បាប់ ពីព្រោះគាត់ប្រព្រឹត្ដល្មើសច្បាប់មែន»។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​លោក ហង្ស វិទូ មានប្រសាសន៍​ថា សេចក្តី​ថ្លែង​ការ​របស់អង្គការ​លើក​លែង​ទោស​អន្តរជាតិនេះ​វា​អាច​ជម្រុញ​ឲ្យ​ប្រទេស​ ឬ​អង្គការអន្តរជាតិ​ជាច្រើននឹង​មាន​ប្រតិកម្ម​ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ថែម​ថា សម្ពោធ​អន្តរជាតិ​នានា​នៅពេល​នេះ វាគ្រប់​គ្រាន់​ឲ្យ​កម្ពុជាបន្ទន់​ជំហរ​ហើយ ​តែ​ថា​ដោយសារ​ភាពចង់​ឈ្នះ​ចាញ់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ទើប​រុញ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង។

លោក​ថា៖ «យើង​និយាយ​ឲ្យ​ខ្លី ​គឺ​គាត់​នៅ​ចង់​ឈ្មះ​ចាញ់​ចំពោះ​អន្តរជាតិ និង​បក្សប្រឆាំង​ទេ។ ប៉ុន្តែ​សម្ពោធ​នោះ​គឺ​ធំ​ណាស់ទៅ​ហើយ ប៉ុន្តែគ្រាន់​តែ​មិន​ទាន់​បង្ហើប​គោល​ជំហរ​ ឬ​អាការៈណា​មួយ ​ដើម្បី​ឲ្យ​អន្តរជាតិ​គេ​មើល​ឃើញ​ ក្រែង​លគេ​វា​តម្លៃ​គាត់​ហ្នឹង​ថា មិន​ខ្លាំង​អី​អញ្ចឹង​ទៅណា។ ធម្មតា​យើង​ដឹង​ហើយ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន គាត់​បាន​តាំង​ខ្លួន​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយមាន​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយអតីត​គណបក្ស​សង្រ្គោះ​ជាតិ​ សហគមន៍​អន្តរជាតិ និង​អង្ការ​អន្តរជាតិ ​បាន​ថ្កោល​ទោសរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិក​ផ្អា​ក​ផ្ដល់​ជំនួយ​ដល់​គណៈ​កម្មា​ធិ​ការ​​ជាតិរៀបចំការបោះឆ្នោត និងបានរឹតបន្តឹង​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​​គ្រួសារ​របស់​ពួកគេ ។

ចំណែកសហភាពអឺរ៉ុប ក៏បានសម្រេចផ្អាកផ្ដល់ជំនួយដល់ គ.ជ.ប ក្រៅពីនេះ សហភាពអឺរ៉ុបក៏បាន​ប្រាប់​ទៅ​គណៈកម្មការ​អឺរ៉ុប ឲ្យ​សើរើ​ការ​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​សម្រាប់​ប្រទេស​កម្ពុជា និង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​កម្ពុជា សម្រាប់​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ និង​បង្ក​ក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ