គ.ជ.ប ថា​​​​​​​​​​​​​​ការបោះឆ្នោតឆ្នាំ២០១៨ នឹងធ្វើឡើងតាមការគ្រោងទុកនិងគ្មានការរំាងស្ទះ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 11:43 AM | បោះឆ្នោត | 0 | 979 អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ បានអះអាងជាថ្មីថា ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅចុង​ខែកក្កដា ឆ្នាំ២០១៨ ទោះអតីតគណ​បក្ស​​ប្រឆំាងមិនបាន​ចូលរួម​ប្រកួតប្រជែង​​។

អតីត​គណបក្សសង្គ្រោះជាតិ​ ត្រូវ​បានតុលាការកំពូលសម្រេច​រំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រោម​ហេតុផល​ថា មេដឹកនាំបក្សប្រឆំាង លោក កឹម សុខា បាន​ឃុបខិតជា​មួយបរទេស ដើម្បីប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ លោក ហ៊ុន សែន។

សេចក្តីបំភ្លឺរបស់ គ.ជ.ប កាលពីថ្ងៃទី២១ខែធ្នូនេះ មានខ្លឹមសារថា ក្នុង​ច្បាប់បោះឆ្នោតជ្រើសតំាង​តំណាង​រាស្ត្រ គ្មានមាត្រាណាមួលចែងថា ការបោះឆ្នោតត្រូវតែមានការចូលរួមពីបក្សប្រឆំាង ហើយបើ​គ្មានការចូលរួមការបោះឆ្នោត នឹងមិនមានលក្ខណៈស្របច្បាប់នោះ​ឡើយ។

ករណីនេះ គ.ជ.ប បានបញ្ជាក់ថា ស្ថាប័ននេះ​ នៅតែអនុវត្តភារកិច្ចស្របតាមរដ្ឋធម្មនុញ្ញ​ ដោយឈរលើ​ឯករាជ្យ និងអព្យាក្រឹត ដើម្បីរៀប​​ចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដាឆ្នាំ២០១៨​។

លើសពីនេះទៀត សេចក្តីបំភ្លឺដដែល បានឲ្យដឹងទៀតថា មាត្រា១៥០ថ្មី (ពីរ) ជំពូក ១៥ថ្មី (ពីរ) នៃ​រដ្ឋធម្មនុញ្ញ មានខ្លឹមសារថា គ.ជ.ប គឺជាស្ថាប័នកំពូលតែមួយគត់ ដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រម​ទំាង​ការបោះឆ្នោតផ្សេងទៀត តាមការកំណត់ដោយច្បាប់៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required