កម្ពុជានិងឡាវ ពង្រឹងកិច្ចសហការឆ្លងដែន ដើម្បីធានានិរន្តរភាពជលផល

មន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គនិងអាជ្ញាធរជលផលរបស់ប្រទេសកម្ពុជា​និងឡាវ នឹងពង្រឹងសហប្រតិត្តិការឆ្លងដែន ដើម្បីគ្រប់គ្រងជលផលនៅតាមបណ្តាខេត្តជាប់ព្រំប្រទល់នៃប្រទេសទំាងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ (MRC) ពីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឲ្យដឹងថា​ ការប្តេជ្ញានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ ទៅកាន់ទន្លេមេគង្គ និងសេគង្គ។ ទន្លេទំាងពីរនេះ បានភ្ជាប់ខេត្ត ចំប៉ាសាក់ និង អាតាពឺ របស់ឡាវ ជាមួយនឹងខេត្ត ស្ទឹងត្រែង និងក្រចេះ របស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងគ្រប់គ្រងជលផលនៅទន្លេមេគង្គ និងសេគង្គ កំពុងជួយរដ្ឋាភិបាលកម្ពុជា ​និងឡាវ ដើម្បីធ្វើអោយប្រសើរឡើងនូវជលផល និងអភិរក្សជីវៈចម្រុះ តាមរយៈ កិច្ចពិភាក្សា សហប្រតិបត្តិការឆ្លងដែន និងការអនុវត្តរួមគ្នា។ គម្រោងនេះស្ថិតក្នុងចំណោម គម្រោងទ្វេភាគីចំនួន៥ ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក​ ក្រោមជំនួយបច្ចេកទេសពី MRC។

សេចក្តីប្រកាសព័ត៌មានក៏ឲ្យដឹងដែរថា កម្ពុជា និងឡាវ បានព្រមព្រៀងបង្កើតស្ថាប័នគ្រប់គ្រងជលផលរួមគ្នាមួយនៅដំណាច់ឆ្នាំ ២០១៨។

សូមបញ្ជាក់ថា ទន្លេសេគង្គ ហូរពីប្រទេសវៀតណាម កាត់ប្រទេសឡាវ មុននឹងហូរ ចូលប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយទន្លេមេគង្គ។ ទន្លេទំាងពីរនេះ ជាប្រភព ធនធានធម្មជាតិ ដែលប្រជាជនកម្ពុជា​ និងឡាវ រាប់លាននាក់អាស្រ័យផល សម្រាប់ការរស់នៅ។ ក៏ប៉ុន្តែ ប្រព័ន្ធអេកូឡូស៊ីនៃទន្លេទំាងពីរ កំពុងរងការគំរាម គំហែងពីការកើនឡើងនៃសកម្មភាពនេសាទ ការនេសាទខុសច្បាប់ គ្រោះទឹកជំនន់ និងរំាងស្ងួត និងការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ រួមទំាងទំនប់វារីអគ្គិសនីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ