លិខិតមិត្តអ្នក​អាន៖ ខួរ​ក្បាល​ពួក​អឺរ៉ុប និង បស្ចិមប្រទេស

លោក ហ៊ុន សែន (រូបភាពហ្វេស​ប៊ុកនាយករដ្ឋមន្ត្រី)

ដោយខ្ញុំធ្លាប់​ធ្វើ​ការ​ជា​មួយ​អ្នក​ស្រាវ​ជ្រាវ អ្នក​បច្ចេកទេស និង បញ្ញវ័ន្ត​បស្ចិមប្រទេស និង អឺរ៉ុប​ជាង ១០ឆ្នាំ ខ្ញុំសូម​ចែក​រំលែក​បទពិសោធន៍ខ្លះៗ ​អំពី​ខួរ​ក្បាល និង ការគិត​របស់​​ពួក​ស្បែកស ភ្នែកប្រាក់ ដែល​ខ្មែរ​យើង​និយមថា ពួក​បារាំង​ដល់​មិត្តអ្នកអាន។

លក្ខណៈ​ពិសេស​របស់​ពួក​នេះ​គឺ​ ១.ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ ជា​លក្ខណៈ​សត្យានុម័ត (objective) មិនមែន​អត្តនោម័ត (subjective) មិន​ប្រើ​គំនុំបុគ្គល​ក្នុង​ពេល​ការងារ ២.​ស្រាវ​ជ្រាវ​យ៉ាង​ម៉ឺង​ម៉ាត់ហ្មត់ចត់ មុន​នឹងធ្វើ​ការ​សន្និដ្ឋា​ន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ៣.ធ្វើ​ការ​ដោយសេរី មិន​ចូលចិត្ត​សម្ពាធ​ពី​ឋានានុក្រម មិន​និយម​បក្ស​ពួក ៤.ចូលចិត្ត​ការ​ផ្សេង​ព្រេង។ល។​និង​។ល។

ក្រៅ​ពី​នេះ ខ្ញុំ​នៅសម្គាល់​ទៀតថា មិន​ថា​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ការងារក្តី ឬ បោះទុន​វិនិយោគក្តី ឬ ដើរ​កំសាន្តក្តី ពួក​គេ​តែង​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ល្អិតល្អន់ និង ស្វះស្វែង​សាកសួរ​យោបល់​ពីអ្នក​មាន​បទ​ពិសោធន៍ និង​ឯកសារ​ស្រាវជ្រាវ​នានា​ បើ​អាចរកបាន។ ហើយ​រវាង​សម្ដី​របស់​ម្ចាស់​ស្រុក និង ជនជាតិ​អឺរ៉ុបដូច​គ្នា ពួក​នេះ​ជឿជាក់​លើ​ខ្លួន​ឯង​ជាង​អ្នកដទៃ។

ប្រហែល​ជា​កត្តា​អស់​ទាំង​នេះ​ហើយ ​ទើប​ទ្វី​អឺរ៉ុប​ទាំង​មូល​មាន​អត្រា​អ្នក​រៀន​សូត្រចេះ​ដឹង មាន​អ្នក​ប្រាជ្ញ មានការ​គោរព​ច្បាប់ មាន​​គុណធម៌ សីលធម៌ ច្រើនជាង និង​​​ខ្ពស់​ជា​ង​ទ្វីប​ដទៃ។ ហេតុនេះ​ហើយ​ ទ្វីប​អឺរ៉ុប​ក្លាយ​ជា​ទ្វីប​គំរូ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ប្រជា​ពលរដ្ឋមាន​សេរីភាព​ជាង​ទ្វីប​ដទៃ។ ហើយ​ពេល​ជនជាតិ​ទាំង​នេះ​ទៅ​តាំង​ទីលំនៅនៅ​ប្រទេស ឬ​ទ្វីបដទៃ ទឹក​ដី​ថ្មី​មាន​វិបុលភាព​គួរឲ្យ​កត់​សម្គាល់ ដូច​ជា អូស្រា្តលី សហរដ្ឋ​អាមេរិក កាណាដា។ល។

ហេតុ​នេះ ប្រទេស​នានា​ដែល​ចង់​ភ្ជាប់ទំនាក់ទំនង​ការទូត នយោបាយ និង សេដ្ឋកិច្ច​ឲ្យ​បាន​ល្អប្រសើរ​ជាមួយ​ទ្វីបអឺរ៉ុប គេគួរ​ស្វែង​យល់​ពី​លក្ខខណ្ឌ​នានា​ដែល​ទ្វីបនេះចង់ឲ្យ​មានដូ​ច​ជា​ ការ​គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស សេរីភាព​ពលរដ្ឋ យុត្តិធម៌​ក្នុង​ការ​ចែក​រំលែកកំណើន​សេដ្ឋកិច្ច លុបបំបាត់អំពើ​ពុក​រលួយ និងបក្សពួក​និយម។ ប្រហែល​ប្រទេស​ថៃបាន​ស្វែង​យល់​ និង បាន​អនុវត្តយ៉ាង​ជោគជ័យ​ក្នុង​ការ​ទាក់​ចិត្ត​ប្រជាជន​នៅ​ទ្វីប​អឺរ៉ុប​​ហើយ បាន​ជា​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ទាក់​ទាញ​ការវិនិយោគពី​អឺរ៉ុប​បាន​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិភាគ​អាស៊ីអគ្នេយ៍។ បច្ចុប្បន្ន​ ប្រទេស​វៀតណាម​ក៏​កំពុង​ដើរ​តាម​លំអាន​នេះ​ដែរ។

ខ្ញុំផ្ទាល់​គិត រវាងសម្ដី​ប៉ុន្មានម៉ាត់​របស់​ថ្នាក់​លើ​យើង​ដែល​បាន​ដៀល​ត្មេះ​អង្គការ​នានា​ដូចជាគ្លបប៊លវីតណេស​ (Global Witness) ឬ អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ឬ អង្គការ​តម្លា​ភាព​អន្តរជាតិ (Transparency International) ឬ ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ (OHCHR) ថា​មាន​លក្ខណៈ​ឆ្កួត​លីលា ថាមាន​ចរិត​នយោបាយ ថា​លម្អៀង​ទៅ​រក​ក្រុម​ប្រឆាំង ក្នុង​ការ​តប​ត​ទៅ​នឹង​របាយការណ៍​រាប់​សិប​ទំព័រ​របស់​ស្ថាប័នទាំងនេះ ទាំង​ខ្លួន​ឯង​គ្មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ក្នុង​ដៃនោះ ប្រាកដ​ជា​ពួក​ភ្នែកប្រាក់​ទាំង​នោះ​គេ​ជឿគ្នា​គេជាង​យើង​ហើយ។

ម្យ៉ាង​វិញទៀត គេ​នឹង​វាយ​តម្លៃទៅ​លើ​មេដឹក​នាំ​រូប​នោះ ស្រដៀង​នឹង​ពាក្យ​ខ្មែរ​មួយ​ឃ្លាថា “សម្ដីសជាតិ មាយាទ​សពូជ” នោះហើយប្រៀបដូច​ជា​ស្រាត​ខោ​នៅ​កណ្តាល​វាល​ឲ្យ​គេ​មើល​អញ្ចឹង។ គេ​មិន​គិត​ថា ស្ថាប័ន​ទាំងនោះឆ្កួត​លីលា ដូច​យើង​គិត​នោះ​ទេ ព្រោះ​គេ​បានស្រាវជ្រាវរាប់​ខែ​រាប់ឆ្នាំ ផ្ទុយ​ទៅ​វិញ​ គេ​អាចគិត​ថា យើងទេ​ជាមនុស្ស​ឆ្កួតលីលា កាន់​អំណាច​ជាង ៣០ឆ្នាំ​ហើយ មិនចូល​សង្គម​ដែល​មាន​អរិយធម៌ខ្ពងខ្ពស់ដូចគេបាន ប្រៀប​ដូច​ជា រឿ​ង​និទាន​ស្វាពាក់​មកុតដែរ។

វិធី​សាស្រ្ត​ដែល​ថ្នាក់​ដឹក​នាំយើង​​បាន​យក​មក​ប្រើ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​អឺរ៉ុប ប្រហែល​ជា​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ទាក់​ទាញបាន​​អ្នក​វិនិយោគ​របៀប​លោត​ឆ័ត្រ ធ្វើ​នំ​អត់ម្សៅ ឬ​របៀប​រកស៊ីបែប​ពួក​ម៉ាហ្វីយ៉ា​នៅ​អ៊ីតាលី ឬ រុស្ស៊ី ច្រើន​បានចំណែក​ក្រុម​ហ៊ុន​សាជីវកម្ម​ពហុជាតិ (Multi-national Corporation) ធំៗ ប្រហែល​ជា​ពិបាក​មករកស៊ី​នៅ​ស្រុក​យើងបន្តិច ព្រោះពួកនេះ​មាន​ការ​គោរពច្បាប់​តឹងរ៉ឹង​ជាង​ក្រុម​ហ៊ុន​តូចតាច​ទៅទៀត។

កាន់​អំណាច​ជាង៣០ឆ្នាំ​ហើយ ក្រៅ​ពី​ពង្រឹង​អំណាច​របស់​ខ្លួន ទាមទារការ​ទទួលស្គាល់ និង ទំនុក​ចិត្ត​ពីអន្តរជាតិ ជាពិសេស​ពីទ្វីប​អឺរ៉ុប និង​បស្ចិម​ប្រទេស​ប្រហែល​ជាកត្តាមួយសំខាន់​ដែរ ដើម្បី​ឲ្យ​មាន​អំនួត​ក្នុង​ពិភពគុណ និង​ឆាក​អន្តរជាតិ​នឹង​គេ។ ប៉ុន្តែ បទពិសោធន៍​ពី​មេ​ផ្តាច់ការ​មួយ​ចំនួន​ពី​អតីត​កាលបា​ន​បង្រៀន​ប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំ​នៅ​ទ្វីប​អឺរ៉ុប និង បស្ចិម​ប្រទេស​ក្នុង​​ការ​ផ្តល់​ទំនាក់​ទំនងដល់​ប្រទេស​តូចតាច​ដូចយើង។ ប្រហែល​ជាចំណុច​សំខាន់ដែល​ប្រទេស​នៅ​ទ្វីប​ទាំងនេះ​ចង់​បាន​គឺ​ ការ​ផ្លាស់ប្តូរ​មេដឹក​នាំ​ជា​ទៀង​ទាត់​នេះ​ទេដឹង បាន​ជា​នៅ​វៀតណាម​ក្តី ចិន​ក្តី គេរៀបចំ​ឲ្យ​ការ​ផ្លាស់ប្តូរ​មេដឹក​នាំ​រវាង ១០ ឆ្នាំ​ម្តង​យ៉ាង​យូរ។

ចង់ចូលសង្គមស៊ីវិល័យ ការ​ស្លៀក​ពាក់បែប​ស៊ីវិល័យ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ គេ​តោង​បង្ហាញ​នូវ​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ភាព​អត់ធ្មត់ ភាព​វៃឆ្លាតផ្នែក​ការទូត ចេះ​រៀប​ប្ញក​ឲ្យសម​ជា​មេដឹកនាំ​ដែល​មាន​ភាព​ថ្លៃ​ថ្នូរ ទើប​អាច​ប្រដំប្រសង​នឹង​គេ​បាន។ បើ​យើង​លីកាំភ្លើង​ចេញពី​ព្រៃ ឬ កាន់ដំបង​ដែល​ប្រលាក់​ដោយ​ឈាម ទៅចូលរួមលើកកែវស្រា​សំប៉ាញជាមួយគេ ប្រហែល​ជា​គេ​មើល​លើ​មើល​ក្រោម​មិនបាន។ បើគេ​មិន​ថា​អី​នា​ពេលនោះ ក៏​គង់​គេ​នឹង​និយាយ​ដើម​ពី​ក្រោយ​ខ្នង ឬ កាសែត​សរសេរ​ចំអក​ឲ្យ​ដែរ។

សូមកុំយកទម្លាប់​ដែលប្រើ​នៅ​ស្រុក​ខ្មែរទៅ​សម្តែង​លើ​ឆាក​អន្តរជាតិអី នាំ​តែ​ខ្មាស​គេ​ទេ។ បើ​ថ្នាក់​ដឹក​នាំ​មិនខ្មាស​គេ ក៏ខ្ញុំជា​រាស្រ្ត​តូចតាច​នេះ​ខ្មាស​គេ​ដែរ!!!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ