គណៈកម្មការអចិន្រៃ្តយ៍នៃរដ្ឋសភា ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះបានឯកភាពឲ្យមានការដកដំណែង លោក កឹម សុខា ពីប្រធានក្រុមមតិភាគតិច ទៅតាមការព្រមានរបស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យតំណាងរាស្ត្របក្សប្រជាជននៅក្នុងសភាលោក ឈាង វុន ថ្លែងថា តបតាមការស្នើរបស់តំណាងរាស្ត្របក្សកាន់អំណាចដែលបានស្នើសុំឲ្យធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង លើប្រការ៤៨ថ្មី (បី) លោកថារដ្ឋសភានឹងមានការប្រជុំពេញអង្គនៅថ្ងៃទី៣១ ខែមករាខាងមុខ ដើម្បីសម្រេចលុបចោលតួនាទីរបស់សំឡេងភាគតិចក្នុងសភា។ លោកអះអាងថា ការសម្រេចលុបចោលតួនាទីនេះ ក៏ព្រោះតែបក្សប្រជាជនមើលឃើញថាបក្សប្រឆាំងមិនមានភាពស្មោះត្រង់ក្នុងការចរចារវាងបក្សទាំងពីរ។
លោកថា៖ «យើងនិយាយមើលទៅច្រើនណាស់! គ្រាន់តែធ្វើហើយបានតួនាទីស្មើនាយករដ្ឋមន្ត្រីគាត់ទៅដល់ទីក្រុងប៉ារីស សម រង្ស៊ី គាត់ជេរសម្តេច ហ៊ុន សែន ថាម៉េច? ចាត់ទុកគាត់ [ហ៊ុន សែន] ថាជាមនុស្សក្បត់ជាតិ ដូចកាដាហ្វីដូចអីអញ្ចឹង កូនរបស់សម្តេចទាក់ទងជាមួយកូនគាត់ព្រោះចង់យ៉ាងណាទៅថ្ងៃក្រោយមានទំនាក់ទំនងគ្នាការពារខ្លួន។ អីអញ្ចឹងអាហ្នឹងមួយហើយ មានរឿងច្រើនទៀត ហើយឥឡូវអ្វីដែលជាការជជែកគ្នាមិនស្មោះត្រង់ហ្នឹងគឺគណបក្សខ្ញុំធ្វើផ្តេសផ្តាសខុសច្បាប់ ជាប់ទោសព្រហ្មទណ្ឌហើយយកយន្តការហ្នឹង ទៅដោះលែងអ្នកទោសហ្នឹង អាហ្នឹងមិនស្មោះត្រង់ទេ!»។
ទោះជាយ៉ាងណាលោក ឈាង វុន បន្តថា វប្បធម៌សន្ទនានៅមាននៅឡើយ ប្រសិនជាសមាជិកបក្សប្រឆាំងនៅតែចូលរួមប្រជុំសភា។
តបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ចំពោះការដែលចោទថាបក្សប្រឆាំងមិនស្មោះត្រង់ក្នុងការចរចានោះ លោកទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ តែលោកលើកឡើងថា មតិភាគតិចគឺមិនមានសំឡេងឯណាគ្រប់គ្រាន់ដែលជម្រុញឲ្យមតិភាគច្រើនធ្វើខុសច្បាប់នោះទេ ហើយរហូតមកដល់ពេលនេះក៏មិនមានសកម្មភាពណាមួយដែលថាជាការរំលោភបំពានអំណាចទាំង៣នោះទេ។
លោកថា៖ «ជាទូទៅមុននឹងសរសេរបទបញ្ជាផ្ទៃក្នុង មុននឹងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងជាទូទៅ តែងតែមានគណៈកម្មការពិសេសគណៈកម្មការចំពោះកិច្ច សិក្សាជជែកវែកញែកមុននឹងដាក់ជូនសេចក្តីស្នើនេះដាក់ជូនរដ្ឋសភាសម្រេច តែនេះវិសោធនកម្មគឺចេញតែពីខាងគណបក្សកាន់អំណាច។ … ចំពោះការលើកឡើងដែលថាការជម្រុញឲ្យធ្វើខុសច្បាប់ ការរំលោភ អំណាចនីតិបញ្ញាត្តិ នីតិប្រតិបត្តិនោះវាមិនពិត ពីព្រោះមិនដែលមតិភាគតិចណាដែលបង្ខំឲ្យមតិភាគច្រើនធ្វើឡើងដោយខុសច្បាប់នោះគឺវាមិនអាចទៅរួចទេ។ អាចធ្វើទៅបានគឺដោយមានការឯកភាពគ្នាដូច្នេះពេលនេះគឺវាមិនមានអ្វីដែលគេហៅថារំលោភបំពានអំណាចទាំងបីនោះទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល យល់ថាការធ្វើវិសោធនកម្មលុបចោលតំណែងប្រធានមតិសំឡេងភាគតិចនេះ គឺគណបក្សកាន់អំណាចកំពុងតែចង់បង្ហាញពីកម្លាំងនៃអំណាចរបស់ខ្លួនដល់បក្សប្រឆាំងនិងកំពុងតែធ្វើឲ្យបក្សប្រឆាំងចុះខ្សោយ។ លោកបន្ថែមថា អ្នកដែលត្រូវខាតបង់ច្រើនក្នុងការលុបបំបាត់សំឡេងភាគតិចនេះគឺបក្សប្រឆាំង ព្រោះបន្ទាប់ពីធ្វើវិសោធនកម្មនេះរួចបក្សប្រឆាំងលែងមានតួនាទីឬឋានៈណាមួយដែលអាចធ្វើការចរចារដោយស្នើមុខមាត់គ្នាជាមួយបក្សកាន់អំណាចទៀតហើយ ហើយក្តីសង្ឃឹមសម្រាប់អ្នកដែលជាប់ឃុំទាំងប៉ុន្មាននោះគឺកាន់តែតិចទៅៗ។
លោកថា៖ «នេះគឺវាបានបង្ហាញឲ្យឃើញច្បាស់ថាគណបក្សដែលមានអំណាចនៅក្នុងរដ្ឋសភា ថាគណបក្សកាន់អំណាចមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងអស់ហើយវាអាចនឹងបង្ហាញពីភាពខ្សោយខ្លាំងមែនទែនហើយរបស់បក្សសង្គ្រោះជាតិ។ … ពេលដែលអ្នកទាំងពីរមានអំណាចស្នើគ្នាហើយមិនអាចចរចារគ្នាបានទៀត ចុះទម្រាំយើងបំបាត់តួនាទីហ្នឹងអញ្ចឹងនាំឲ្យបក្សប្រជាជនយល់ថាខ្លួននៅតែខ្ពស់អញ្ចឹងលោកនៅតែអត់មានចេតនា ឬក៏ថាគណបក្សសង្គ្រោះជាតិអត់មានឋានៈដែលស័ក្កិសមជជែកជាមួយគាត់អញ្ចឹង វិបត្តិនយោបាយផ្សេងៗវានឹងជាប់គាំងរហូត»។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអវត្តមានពីក្នុងប្រទេសជាង២ឆ្នាំ និងជាប់បណ្តឹងផ្សេងៗនោះ តំណែងរបស់លោក សម រង្ស៊ី ជាប្រធានក្រុមភាគតិចនៅក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី ត្រូវធ្លាក់ទៅលើ លោក កឹម សុខា ដែលទើបតែត្រូវបានលោក ហ៊ុន សែន ស្នើដល់ព្រះមហាក្សត្រក្នុងការលើកលែងទោសកាលពីចុងឆ្នាំ២០១៦។ប៉ុន្តែលោក ហ៊ុន សែន បានព្រមានដកតំណែងជាប្រធានក្រុមមតិភាគតិចពី លោក កឹម សុខា ដែលអ្នកវិភាគយល់ថាមកពីលោក កឹម សុខា មិនព្រមថ្កោលទោស លោក សម រង្ស៊ី៕