អាមេរិកចូលរួមរំលឹកថ្ងៃខួបនៃការស្លាប់របស់ លោក ជា វិជ្ជា

កំរងផ្កាគោរពវិញ្ញាណក្ខន្ធ រំលឹកខួបនៃការស្លាប់របស់ លោក ជា វិជ្ជា (ហ្វេសប៊ុកស្ថានទូតអាមេរិក)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលរួមដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធ រំលឹកខួបនៃការស្លាប់របស់ លោក ជា វិជ្ជា។

សេចក្តីថ្លែងការណ៍របស់លោកឯកអគ្គរដ្ឋទូត William A. Heidt ដែលផូសនៅលើ Facebook របស់ ស្ថានទូតអាមេរិក នៅថ្ងៃនេះ សរសេរថា «ខ្ញុំបានស្គាល់ លោក ជា វិជ្ជា យ៉ាងច្បាស់ នៅពេលខ្ញុំធ្វើការនៅក្នុងស្ថានទូតអាមេរិក ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩។ នៅពេលនោះ ខ្ញុំគឺជាមន្រ្តីទទួលបន្ទុកបញ្ហាការងារ និងសេដ្ឋកិច្ច ហើយលោក ជា វិជ្ជាគឺជាប្រធានសហជីពសេរី។ យើងបានជួបគ្នាជាញឹកញាប់ ដើម្បីពិភាក្សាពីការអភិវឌ្ឍនៃសហជីព នៅប្រទេសកម្ពុជា។ យើងមិនបានយល់ស្របគ្នាលើគ្រប់បញ្ហាទេ តែខ្ញុំតែងតែជឿថា លោកគឺជាសំលេងដ៏ពិតប្រាកដរបស់កម្មករ កម្មការិនីកម្ពុជា។ ខ្ញុំមានចិត្តរីករាយដោយស្ថានភាពនៃកម្មករកាត់ដេរកម្ពុជាមានភាពប្រសើរឡើងច្រើន តាំងពីទសវត្សឆ្នាំ ១៩៩០ មក ដោយសារការខិតខំរបស់រដ្ឋាភិបាល ម្ចាស់រោងចក្រ និងការខិតខំរបស់ពលរដ្ឋដែលមានការប្តេជ្ញាចិត្តខ្ពស់ ដូចជាលោក ជា វិជ្ជា»។

សេចក្តីថ្លែងការណ៍ របស់លោក Heidt បន្តថា «ខ្ញុំមានសេចក្តីក្រៀមក្រំជាខ្លាំង នៅពេលលឺថា លោក ជា វិជ្ជាបានស្លាប់នៅឆ្នាំ ២០០៤ ហើយតែងតែនឹកគិតទៅរកលោក តាំងពីលោកត្រូវបានគេសំលាប់។ នៅខួបលើកទី ១៣ នៃការស្លាប់របស់លោក ខ្ញុំសូមចូលរួមជាមួយមនុស្សជាច្រើននៅកម្ពុជា និងនៅជុំវិញពិភពលោក ក្នុងការបន់ស្រន់ អោយលោក ជា វិជ្ជា និងគ្រួសាររបស់លោកមានសន្តិភាព ការជាសះស្បើយ និងយុត្តិធម៌»។

កាលពីថ្ងៃទី២២ មករា ឆ្នាំ២០១៧ គឺជាខួប១៣ឆ្នាំ នៃឃាតកម្មបាញ់សម្លាប់ លោក ជា វិជ្ជា ហើយមានការប្រារព្ធពិធីរំលឹកខួបនៃការបាញ់សម្លាប់នោះនៅកន្លែងរូបសំណាក លោក ជា វិជ្ជា ក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ជិតវិមានឯករាជ្យ ដើម្បីដាក់កំរងផ្កា និងគោរពវិញ្ញាណក្ខន្ធ។

គួររលឹកថា ករណីឃាតកម្មដែលគេសង្ស័យថាជាប់ពាក់ព័ន្ធរឿងនយោបាយ ដែលមិនត្រូវបានសមត្ថកិច្ចចាប់ឃាតកពិតមកដាក់ទោសនៅឡើយមានដូចជា ឃាតកម្មលើ លោក ឈុត វុទ្ធី ព្រះតេជគុណ សម ប៊ុនធឿន និងលោក កែម ឡី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ