កម្មករកាត់ដេរនៅខេត្តកណ្ដាលទាមទារឲ្យថៅកែបើកប្រាក់សំណង ខណៈបិទទ្វាររោងចក្រ

កម្មករប្រមាណ២០០នាក់របស់ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ជី អេច អាយ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃចន្ទនេះ បានប្រមូលផ្ដុំគ្នានៅមុខរោងចក្រ និងតុលាកាខេត្តកណ្តាល ដើម្បីទារទាមឲ្យថៅកែបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។​

តំណាងកម្មករ អ្នកស្រី ជា យារ អាយុ៤៣ឆ្នាំបានឲ្យ VOD ដឹងថា ក្រុមកម្មករជិត២០០នាក់ បាននាំគ្នាទៅតវ៉ានៅមុខរោងចក្រកាត់ដេរ ជី អេច អាយ និងតុលាកាខេត្តកណ្តាល ដើម្បីសុំទាមទារបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ ខណៈថៅកែបានបិទទ្វាររោងចក្រនេះតាំងពីខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ។

បើតាមអ្នកស្រី ជា យារ កម្មករទាំង១៩៦នាក់ បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីសុំឲ្យជួយដោះស្រាយវិវាទនេះ។ អ្នកស្រីបន្ដថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្រេចឲ្យកម្មករឈ្នះ​ និងតម្រូវឲ្យថៅកែរោងចក្របង់ប្រាក់ជាង១៦ម៉ឺន៩ពាន់ដុល្លារអាមេរិក ដល់ក្រុមកម្មករ។

អ្នកស្រីថា៖ «រោងចក្រគាត់បិទទ្វារ ហើយអ៊ីចឹងទៅ គាត់អត់សងសំណងដល់កម្មករ ដូចជាថា គុណលុយបំណាច់ឆ្នាំ ប្រាក់អីផ្សេងៗ គាត់អត់បានជូនដំណឹងដល់កម្មករអីចឹង ចឹងទៅរឿងហ្នឹងវាដោះស្រាយទៅដល់ទីការងារខាងអាជ្ញាកណ្ដាលចឹងទៅដល់អាជ្ញាកណា្ដលគេកាត់កី្ដមកឲ្យកម្មករហឹ្នងឈ្នះថាទទួលបាននូវប្រាប់បានប្រាក់បំណាត់ឆាំ្នប្រាក់អីផ្សេងៗ»។

អ្នកស្រី ជា យារ និយាយថា បន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្រេចឲ្យកម្មករឈ្នះហើយនោះ ភាគីរោងចក្របានប្ដឹងបន្ដទៅតុលាការទៀត។ អ្នកស្រីបន្ថែមថា ពេលទៅដល់តុលាការ ភាគីរោងចក្របានប្ដឹងជំទាស់នឹងសេចក្ដីសម្រេចពីមុន ដោយថៅកែរោចក្រចង់សងប្រាក់សំណងឲ្យកម្មករតែ១០៣នាក់ក្នុងចំណោម១៩៦នាក់ទើបកម្មករមិនព្រម។

VOD បានទាក់ទងទៅអ្នកស្រី សេក សុវណ្ណា មេធាវីតំណាងរោងចក្រ ជី អេច អាយ ប៉ុន្ដែអ្នកស្រីថា កូនក្ដីរបស់គាត់ហាមមិនឲ្យធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មានឡើយ៖ «អាធ្យាស្រ័យ ព្រោះដោយសារតែខាងក្រុមហ៊ុនរបស់ខ្ញុំ គាត់អត់ឲ្យខ្ញុំនិយាយពាក់ព័ន្ធជាមួយហ្នឹងសារព័ត៌មាន អ៊ីចឹងសូម Off Record»។

មេធាវីការពារក្ដីឲ្យកម្មករ អ្នកស្រី ហេង បុង បានឲ្យ VOD ដឹងថា បើទោះបីភាគីខាងរោងចក្រ ចង់ផ្ដល់ប្រាក់សំណងដល់កម្មករតែ១០៣នាក់ក៏ដោយ ប៉ុន្ដែអ្នកស្រីថា នឹងទាមទារឲ្យភាគីរោងចក្របើកប្រាក់ឈ្នួលទាំងអស់ដល់កម្មករ១៩៦នាក់។ អ្នកស្រីបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីប្រាក់សំណងដល់កម្មករទាំង១៩៦នាក់ តុលាការនឹងសម្រេចនៅថ្ងៃទី២៥ មករា ឆ្នាំ២០១៧ ខាងមុខ។

អ្នកស្រីថា៖ «កម្មករគាត់ទាមទារ១៩៦នាក់ តាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ខាងបងកំពុងរងចាំសេចក្ដីសម្រេចរបស់តុលាការ ព្រោះអី គាត់នឹងសម្រេចនៅថ្ងៃ២៥ (មករា ២០១៧)។ ចាស យើងទាមទារ១៩៦នាក់ ដោយសារខាងក្រុមហ៊ុនគេអះអាងថាគេសុំបើក១០៣ ប៉ុន្ដែគេអត់មានឯកសារណាថា កម្មករផ្សេងទៀតគាត់បានបើកលុយទេ អ៊ីចឹងណាស់។​ ហើយ អាជ្ញាកណ្ដាល គាត់បានបង្គាប់ថាឲ្យទូទាត់សម្រាប់១៩៦នាក់អ៊ីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ