សង្គមស៊ីវិលផ្ដល់​អនុសាសន៍ជាង​២០​ចំណុច​ទៅ​ គ.ជ.ប. សម្រាប់​នីតិវិធី​បោះ​ឆ្នោត​ឆ្នាំ​នេះ

(ណាត សុភាព)

អ្នកឃ្លាំមើល​កិច្ចការបោះឆ្នោត បានឲ្យដឹងថា សង្គមស៊ីវិ​ល​បានដាក់អនុសាសន៍ជាង ២០ចំណុច​ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ដោយថា​ ដើម្បីឲ្យស្ថាប័ន​កំពូលនេះ​ ធ្វើកំណែទម្រង់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ​ក្នុង​ឆ្នាំ​​២០១៨ ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​ជាង​អាណត្តិមុន​។

ការលើកឡើងនេះ ធ្វើឡើងចំពេលដែល គ.ជ.ប. នៅថ្ងៃនេះ បាន​យកអនុសាសន៍របស់​សង្គមស៊ីវិល​ និងគណបក្ស​នយោ​បាយ​​ចំនួន ១០ស្ថាប័ន ដើម្បី​បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់កា​រ​បោះ​ឆ្នោត​​ជ្រើសតំាងតំណាង​រាស្ត្រ​នីតិកាលទី៦ នៅ​ឆ្នាំនេះ។​ ស្ថាប័នទំាងនោះ រួមមាន ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ព្រឹទ្ធសភា ក្រសួមហាផ្ទៃ ស្ថាន​​ទូតជប៉ុន គណ​បក្ស​នយោបាយ សង្គមស៊ីវិល និង​សមាគមអរុណរះជាដើម​។​

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច សំ គន្ធាមី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា អង្គការរបស់លោក និងសង្គមស៊ីវិល រួម​ទំាង​គណបក្សនយោបាយ​មួយចំនួនទៀត បានដាក់អនុសាសន៍ជាង ២០ ទៅ គ.ជ.ប. រួមមាន ការកំណត់ធនធាន​ថវិការ​បស់​គណបក្សនយោបាយ សំណើរបោះពុម្ពសន្លឹកឆ្នោតបន្ថែម កំណត់អ្នកសង្កេត​ការចល័តទូទំាងប្រទេស ការរាប់សន្លឹកឆ្នោត ឲ្យមា​ន​វត្ត​មានមន្ត្រីសង្គមស៊ីវិលចូលរួម និងបើកបង្អួច ឬ​ទ្វា​បន្ទប់បោះឆ្នោត​ ដើម្បីឲ្យពលរដ្ឋ​បាន​សង្កេតលើដំណើរ​ការបោះ​ឆ្នោត​ និងរាប់សន្លឹកឆ្នោតទំាងអស់គ្នា​ប្រកបដោយតម្លាភាព។

ករណីនេះ លោក គន្ធាមី មានជំនឿ​ថា បើ​ គ.ជ.ប. សម្រេចទទួលយកអនុសាសន៍ពីភាគីពាក់ព័ន្ធមែន នឹងធ្វើឲ្យការបោះឆ្នោតថ្នាក់​ជាតិ​​ឆ្នាំ​២០១៨នេះ មានភាពល្អប្រសើរជាងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។

លោក​យល់ថា៖ «បើ គ.ជ.ប. ទទួលយក​រាល់សំណើរទំាងភាគីពាក់ព័ន្ធទាំងអស់ ទាំងគណបក្សនយោបាយ​នេះ បទបញ្ជា នីតិវិធីនេះ ប្រសើរ​​​ជាងឆ្នាំ២០១៣ បើប្រៀប​ធៀប​ការបោះឆ្នោត​សកលដូចគ្នា​»។

ប្រធាន គ.ជ.ប. លោក ស៊ិក​ ប៊ុនហុក បានថ្លែងថា សេចក្តីព្រាង​បទបញ្ជា និងនីតិវិធី ដែលភាគីពាក់​ព័ន្ធចំនួន ​១០ស្ថាប័ន​ ដាក់​ជា​អនុសាសន៍​ទៅ គ.ជ.ប. នោះ  ត្រូវ​បាន គ.ជ.ប. យកមក​ពិគ្រោះយោបល់ផ្ទាល់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំ​ក្នុង​ថ្ងៃនេះ មុន​នឹង គ.ជ.ប. អនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវ​ការ។ ប៉ុន្តែ លោកថា រាល់ការសម្រេច​ គ.ជ.ប. ធ្វើឡើង​តាមច្បាប់​ ដើម្បីឲ្យភាគីពាក់​ព័ន្ធ​ទទួល​យក​​បានទំាងអស់គ្នា។

លោកថ្លែងថា៖ «យើងមិនចោល​នូវអនុសាសន៍របស់ភាគីពាក់ព័ន្ធរបស់យើង​ទេ។ យើងយកមកថ្លឹងថ្លែង​នូវទិដ្ឋភាពច្បាប់…ចំណុចណាដែល​យើង​អនុវត្តកើត គឺយើងធ្វើដូចលើកមុនចឹង​ គឺយើងតែងតែយកអនុសាសន៍ពីភាគីពាក់ព័ន្ធ​ទាំងអស់យកមកចំរាញ់​ ស្អីដែលមាន​ភាពជឿនលឿន​ គឺ គ.ជ.ប. មិនដែល​បដិសេធទេ​ គឺទទួលយកទំាងអស់ ឲ្យតែឈានទៅរកតម្លាភាព ឈានទៅរកយុត្តិធម៌បំផុត សម្រាប់​​ការបោះឆ្នោតរបស់យើង​​»។

ប្រធាន គ.ជ.ប. រូបនេះ បានបញ្ជាក់ថា សេចក្តីព្រាង​បទបញ្ជា និងនីតិវិធី​នៃការបោះឆ្នោតជ្រើសតំាងតំណាង​រាស្ត្រ​នីតិកាលទី៦ ត្រូវ​បានរៀប​ចំដោយ​ផ្អែកលើខ្លឹមសារ​​សម្រង់នៃបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់​អាណត្តិទី៤ កាល​ពី​ឆ្នាំ​មុន។

ប៉ុន្តែ លោកថា ត្រូវយកមកកែសម្រួលខ្លឹមសារឲ្យស្របតាម​ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតំាង​តំណាង​រាស្ត្រ ដែលរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ដើម្បី​ឲ្យ​បទបញ្ជា និងនីតិវិធីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨នេះ មានភាពល្អប្រសើរជាមុនផង​ដែរ។

តាមប្រតិទិន ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ