ប្រមុខ​ការពារ​ជាតិ​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ​ផ្ដួច​ផ្ដើម​ដោយ​លោក សម រង្ស៊ី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ កាលពីពេលកន្លងទៅ។

ប្រមុខ​ការពារ​កម្ពុជា បាន​ព្រមាន​កម្ទេច​ចលនា​សង្គ្រោះ​ជាតិដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ប្រសិន​បើ​ចលនា​នេះ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បីគេច​ចេញ​ពី​បណ្ដឹង​ជាច្រើន​ករណី​នៅ​ក្នុង​តុលាការ​កម្ពុជា​នោះ បាន​ប្រកាស​អំពី​ការ​ផ្ដួច​ផ្ដើម​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពីពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​​ប្រកាស​ប្រាប់​កង​កម្លាំង​ប្រដាប់ អាវុធ ឲ្យ​ត្រៀម​ខ្លួន​បង្ក្រាប​​ចលនា​សង្គ្រោះ​ជាតិ ប្រសិន​បើ​រក​ឃើញ​ថា ចលនា​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​វត្តមាន​នៅ​កម្ពុជា​នោះ។

បើ​តាម Fresh News លោក ទៀ បាញ់ បាន​ប្រកាស​ព្រមាន​បែប​នេះ អំឡុង​សន្និបាត​បូក​សរុប​ការងារ​របស់​កង​រាជ​អាវុធ​ហត្ថ​នៅ​ថ្ងៃ​នេះ​ដោយ​​បាន​ចាត់​ទុក​ចលនា​សង្គ្រោះ​ជាតិ​ ជា​ចលនា​ខុស​ច្បាប់ ហើយ​នឹង​ត្រូវ​ទប់​ស្កាត់​កុំឲ្យ​កើត​មាន​នៅ​កម្ពុជា។

លោក ទៀ បាញ់ ត្រូវ​បាន​ដក​ស្រង់​ចុះ​ផ្សាយ​ថា៖ «ឥលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយ វាថា រៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះ ត្រៀមឲ្យហើយទៅ គឺថា បង្កើតហិង្សាអត់បានទេ បើឃើញថា រៀបចំបង្កើតយើងដាក់មុនហើយ»។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ ​លោក ឈុំ សុជាតិ បាន​ឲ្យ​វី​អូ​ឌី​ដឹងបន្ថែម​ថា ​ក្រសួង​បាន​​ចាត់​ទុក​ចលនា​សង្គ្រោះ​ជាតិ​នេះ​ ជា​ឧទ្ទាម​ក្រៅ​ច្បាប់ ដោយ​មិន​អនុញ្ញាតឲ្យ​កើតមាន​នៅ​កម្ពុជា​នោះ​ទេ។ លោក​បន្ថែម​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​នៃ​ការ​ក​កើត​ចលនា​នេះ​នៅ​ក្នុងប្រទេ​ស​នៅ​ឡើយ​ទេ ខណៈ​កង​ទ័ព​បាន​ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​បង្ក្រាប។

លោកថា៖ «អាហ្នឹង​យើង​ចាប់​ចង​តាម​ផ្លូវ​ច្បាប់ បើ​អ្នក​ខុស​ច្បាប់​ យើង​ប្រើ​ច្បាប់។ បើ​ប្រឆាំង​នឹង​យើង​ដោយ​អាវុធ​ យើង​មាន​ផែន​ការ​ទៅ​តាម​ហ្នឹង! ទៅ​តាម​រូប​ភាព​អ្នក​ដែល​ធ្វើ​ហ្នឹង។ […] មក​ដល់​ឥឡូវ​ព័ត៌មាន​ជា​ផ្លូវ​ការ ​យើង​អត់​ទាន់​មាន​ទេបញ្ហា​ដែល​កើត​មាន​នៅ​ស្រុក​ខ្មែរ​នោះ​ ប៉ុន្តែ​ បើមាន​ យើង​មិន​ឲ្យ​កើត​មាន​ជាដាច់​ខាត! នៅ​កន្លែង​ណា​ក៏​ដោយ ​ពេល​ណា​ក៏​ដោយ ​គឺ​យើង​មិន​អនុញ្ញាតទេ»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ ចន្ថា មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​បង្កើត និង​ចូល​រួម​ក្នុង​ចលនា​ផ្សេងៗ ដែល​ដំណើរការ​ដោយ​អហិង្សា ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។ ខណៈ​ចលនា​សង្គ្រោះ​ជាតិ​មិន​ទាន់​ឃើញ​មាន​នៅ​កម្ពុជានៅ​ឡើយ​ លោក​យល់​ថា​ ការ​ព្រមាន​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​នេះ ​ជា​ការ​ព្យាយាមបំបិទ​សិទ្ធិ​សេរី​ភាព​​របស់​ពល​រដ្ឋ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​កំពូល​ប្រទេស​​។

លោក​ថា៖ «ផ្អែក​តា​​ម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ជា​ប្រទេស​ប្រជា​ធិបតេយ្យប្រកាន់​របប​សេរីពហុបក្ស ហើយ​ក៏​បាន​បើក​សិទ្ធិ​សេរីភាព​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរក្នុង​ការ​បង្កើត​ ចូល​រួម​បក្ស​នយោបាយ ឬ​បង្កើត​អង្គការ​សង្គម​ស៊ីវិលសម្រាប់​​ជួយ​ជំរុញ​កម្ពុជា​ដើរ​លើ​របប​ប្រជា​ធិបតេយ្យ​ផង​ដែរ។ អញ្ចឹង​ការ​តស៊ូ​មតិ​នោះ​មិន​មែន​សម្រាប់​តែ​គណបក្ស​នយោបាយ​នោះ​ទេ តែ​អង្គការ​សង្គម​ស៊ីវិល​ជា​អ្វី​ដែល​ជម្រុញ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ​»។

ខណៈ​ដែល​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​ព្រមាន​បែប​នេះ ចលនា​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​​ខ្វែង​គំនិត​រវាង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី  និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

ចលនា​សង្គ្រោះ​ជាតិ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​ការ​ហាម​ឃាត់​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ