លោក សម រង្ស៊ី ប្តេជ្ញាបង្កើតចលនាសង្គ្រោះជាតិ បើទោះបី​លោក កឹម សុខា ជំទាស់

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បាន​ប្ដេជ្ញា​​បង្កើ​ត​ច​ល​​នា​ស​ង្គ្រោះ​​​​​​ជា​តិឲ្យបាន បើ​ទោះបី​ជា​លោក កឹម សុខា បាន​អះអាង​ពី​ការ​ជំទាស់​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី។

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​ដើម្បី​គេច​ពី​បណ្ដឹង​នានា​នៅ​តុលាការ​កម្ពុជា​នោះ បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ អំពី​ការ​ផ្ដួច​ផ្ដើម​បង្កើត​នូវ​​​ «​ចលនា​សង្គ្រោះ​ជាតិ» បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ប៉ុន្តែ ទាំង​មេធាវី និង​កូន​ស្រី​របស់​លោក កឹម សុខា បាន​អះ​អាង​ជា​បន្ត​បន្ទាប់​ថា លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ បាន​សម្រេច​ចិត្ត​មិន​ចូល​រួម​ និង​មិន​គាំ​ទ្រ​​ចលនា​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក សម រង្ស៊ី នោះ​ទេ។

ក្រៅ​ពី​នៅ​តែ​បន្ត​ទាម​ទារ​យក​មកវិញ​នូវគណ​​​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង ៣​លាន​សំឡេង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ កូន​ស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា បាន​អះអាង​លើ​គណនី​ហ្វេសប៊ុក​របស់​នាង​​ថា ឪពុក​របស់​នាង​សម្រេច​ដោយ​ឈរ​លើ​ឆន្ទៈ​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្លាច​បញ្ហា​សុវត្ថិភាព​នោះ​ឡើយ។

ទោះជាយ៉ាងណា លោក លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក​របស់លោក​កាលពីម្សិលមិញថា ក្នុងឋានៈលោក​ជាបិតាស្ថា​បនិកគ​ណបក្សសង្គ្រោះជាតិ លោកត្រូវតែការពារគណបក្សនេះ មិនឲ្យស្លាប់បន្តិចម្តងៗ ដោយសារ​តែថ្នាក់ដឹ​កនាំបច្ចុប្បន្ន​ជាប់​គាំ​​​ង​​​ មិន​អាច​​ធ្វើអ្វី​បាននោះទេ។ លោកថា ចំណែកបិតាស្ថាបនិកមួយរូបទៀត គឺលោក កឹម សុខា ត្រូវលោក ហ៊ុន សែន ចាប់​យក​ទៅ​ឃុំ​​​ឃាំ​ង​ធ្វើជាចំណាប់ខ្មាំង។

លោ​ក​​រៀបរាប់ថា៖ «ដាច់ខាតត្រូវតែបង្កើត​ចលនាសង្គ្រោះជាតិ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិមាន​សន្ទុះឡើងវិញ ហើយយើង​ត្រូ​វ​​​​ត្រួ​សត្រា​យផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដណ្តើមយកជ័យជម្នះ​ផ្តាច់ព្រាត់​លើអំណាចផ្តាច់ការ ក្នុងគោលបំណ​ងសង្គ្រោះ​ជា​តិ​យើង»។

អ្នកវិភាគនយោបាយលោក​បណ្ឌិត​ មាស នី ព្រមានថា អតីតគណបក្សប្រឆាំង នឹងដើរដល់ចំនុចបែកបាក់ផ្ទៃក្នុង បើមេដឹកនាំ​អតីត​បក្ស​ប្រឆាំង មិនយកយន្តការដែលមានស្រាប់​មកធ្វើសេចក្តីសម្រេចចិត្ត​តាម​សំ​​ឡេ​​ងភាគច្រើននោះ។

លោកថា៖ «ទាំងក្រុមលោក កឹម សុខា ទាំងក្រុមលោក ​សម រង្ស៊ី នេះ អ្នកខ្លះទំនងជាមានចរិតបុគ្គលនិយម ឬហៅថា សម រង្ស៊ី និយ​ម កឹម សុ​ខា និយម ។ កាលណាយើងមានចរិតបែបហ្នឹងខ្លាំងពេក ធ្វើឲ្យយើងរកផ្លូវសង្រួម [សម្របសម្រួល] សម្រាប់ជា​តិ​មួ​យ​​​អត់ឃើញថា…»។

ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង បាន​ឈាន​ទៅ​ដល់​ការ​ខ្វែង​គំនិត​គ្នា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ផ្ដួច​ផ្ដើម​​បង្កើត​ចលនា​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​កន្លង​មក​នេះ។

ចលនា​ថ្មី​នេះ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ