រដ្ឋាភិបាលថានឹងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនពលរដ្ឋឲ្យ​បាន​មុន​បោះឆ្នោត

រដ្ឋាភិបាលអះ​អាងថានឹងធ្វើ​អត្តសញ្ញាណប័ណ្ណគំរូ​ថ្មីជូន​ពល​រដ្ឋដែលនៅសេសសល់ជាង៣លាននាក់ឲ្យ​បានចប់តាមការគ្រោង​​ទុកដើម្បី​​ឲ្យ​ពួកគេ​បាន​​យក​​​​ទៅ​បោះឆ្នោត​នៅអាណត្តិក្រោយនេះ។

ក្រោយពីចូលរួមសន្និបាតការងារក្រសួង​មហាផ្ទៃនៅថ្ងៃអង្គារនេះលោក ស ខេង ថ្លែងប្រាប់អ្នកសារព័ត៌​មានថាប្រជាពលរដ្ឋជាង​៣លាន៦សែននាក់ទៀតមិនទាន់​ធ្វើអត្តសញ្ញាណប័ណ្ណនៅឡើយ។ ប៉ុន្តែលោកថាលោកនឹងជំរុញទៅស្ថាប័នពាក់ព័ន្ធជួយ​​ពន្លឿន​ធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានទំាងអស់គ្នាដើម្បី​យកទៅបោះឆ្នោតនៅអាណត្តិក្រោយនេះ។ លោកមានប្រសាសន៍ថា៖ នៅសេសសល់មួយចំនួននោះគឺយើងជំរុញឲ្យអាជ្ញាធរ​ពាក់ព័ន្ធនិយាយ​​រួមអភិបាលខេត្តក៏ដូចជានគរបាលខិតខំពន្លឿនជំរុញការងារនេះបន្តទៀត”។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថាបើអាជ្ញាធរ​នៅតែប្រើនីតិវិធីធ្វើអត្តសញ្ញាណប័ណ្ណ​ដូច​សព្វថ្ងៃគឺមានភាពស្មុគស្មាញគឺ​មិនអាចធ្វើទាន់តាមការគ្រោងទុក​នោះទេ។ ប៉ុន្តែលោកថាដើម្បីទទួលបានផលវិជ្ជមាន អាជ្ញាធរ​ពាក់ព័ន្ធត្រូវ​សហការគ្នា​ចុះទៅមូលដ្ឋានផ្សព្វផ្សាយ​ព័ត៌មានឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋជាពិសេសតំបន់ដែល​ពលរដ្ឋផ្លាស់ប្តូរទីលំនៅថ្មី។ លោកបន្តថា៖ “តាមខ្ញុំមើលសម្រាប់រាជធានីភ្នំពេញតំបន់ដែលមានការអភិវឌ្ឍអចលនទ្រព្យច្រើនគួរតែជាចំណុចចាប់អារម្មណ៍ ហើយនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយដូចជាការដាក់មេក្រូដូចជាការជូនដំណឹង ទំរង់ជាយុទ្ធនាការនៅតាមភូមិហ្នឹងទៅដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់អាចមកធ្វើបាន”។

អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃលោក ម៉ៅ ចាន់តារ៉ា ទទួលស្គាល់ថាអាជ្ញាធរមូលដ្ឋានមួយចំនួនធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវមែន​ដោយលោកថាដោយសារមានកំហុស​បច្ចេកទេសនិងកង្វះ​ខាត​មន្ត្រីជំនាញនៅថ្នាក់ក្រោម។ យ៉ាងណាក៏ដោយលោកថាក្រសួង​មហាផ្ទៃនឹង​ធ្វើការ​តាមដានដោយយកចិត្តទុកដាក់ និង​​រៀប​ចំឲ្យ​មានប្រព័ន្ធទំនាក់ទំនងតាមបែបបច្ចេកវិទ្យាទំនើបជាមួយប្រជាពលរដ្ឋនិងក្រសួងដើម្បីលុបបំបាត់មន្រ្តីអសកម្ម។លោកមានប្រសាសន៍ថា៖ អ្នក​ដែលធ្វើអត្តសញ្ញាណប័ណ្ណលើសពី៣០ថ្ងៃគឺគាត់បានបំពេញបែបបទហើយគាត់អាច​ចូលមក​ក្នុង​វេបសាយអត្តសញ្ញាណកម្មគាត់និង​ដឹងថាឥឡូវ​នេះផែនការ​របស់គាត់​កំពុង​នៅកន្លែង​ណាហើយ​មានលេខតេលេហ្វូន​សម្រាប់​ឲ្យគាត់ទាក់ទង ទី២ទៀតយើង​ក៏រៀប​ចំហ្វេសប៊ុក​របស់អគ្គនាយកដ្ឋាននេះដើម្បីរៀបចំCommentពាក់ព័ន្ធ​បញ្ហា​នេះ យើងដោះបញ្ហា​ហ្នឹង​ជូន​គាត់ ទី៣ទៀតគេមានរៀប​ចំ១៣ក្រុងត្រូវ​តាមដានមើលការ​បញ្ជូនទិន្នន័យ ការផលិត ហើយ​និង​ការ​បញ្ជូនអត្តសញ្ញាណប័ណ្ណនេះ នេះគឺដើម្បីកែលំអសេវាសាធារណៈនេះឲ្យវាកាន់តែល្អហើយ​ដើម្បីដេញជើង​មន្ត្រីខ្លះដែលគាត់ខិលខូច​ផង”។

រាជរដ្ឋាភិបាល​កម្ពុជាប្រកាស​ថា​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរនឹង​ត្រូវ​យក​តម្លៃ​១​ម៉ឺន​រៀលចាប់ពី​ថ្ងៃ​ទី​០១​ខែកក្កដាឆ្នាំ​២០១៤ដោយអះអាងថាដើម្បី​ជួ​យសម្រាល​ការចំណាយ​ដែល​ជា​បន្ទុក​របស់​រដ្ឋាភិបាល​។​

យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃចុះ​ខែកក្កដា​២០០៧ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បានត្រូវ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ ហើយ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ​។ នៅពេល​ផុត​សុពលភាព សា​ម៉ី​ខ្លួន​ត្រូវ​ស្នើសុំ​ធ្វើ​សារជាថ្មី​ឡើងវិញ​។

បើតាមក្រសួង​មហាផ្ទៃឲ្យដឹង​ថាតាមគម្រោង​អ្នកដែលត្រូវ​ទៅធ្វើអត្តសញ្ញាណប័ណ្ណមានជាង១០លាននាក់ ប៉ុន្តែបច្ចុប្បន្ននេះអ្នកដែលសេសសល់​មិនទាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណមានចំនួន៣លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ