បទយកការណ៍៖ មន្ត្រីជំនាញរកឃើញភូមិមួយទៀតជាប់រាជធានីផ្ទុះមេរោគអេដស៍

ការពិនិត្យ​ឈាម​រកមេរោគអេដស៍នៅខេត្តកណ្តាលកាលពីថ្ងៃទី​២២ខែកុម្ភៈ ក្រោយពីមានព័ត៌មានថា​ពលរដ្ឋច្រើននាក់ត្រូវបានរកឃើញ​ថា​មានផ្ទុកមេរោគអេដស៍

នៅប៉ុន្មានថ្ងៃនេះពលរដ្ឋច្រើនរយនាក់នៅភូមិមួយជាប់រាជធានីភ្នំពេញបានប្រមូលកូនចៅទៅពិ​​និ​ត្យឈាមនៅមណ្ឌល​សុខ​ភាព​ក្នុងតំបន់ដែលគេរស់នៅក្រោយពីមានព័ត៌មានថាពួកគេ​ជិត​២០​នាក់នៅក្នុ​ងភូមិនោះត្រូវ​គ្រូ​​ពេទ្យប្រាប់ថាបាន​ផ្ទុក​មេរោគអេដស៍។ គាត់បន្តថា៖ “ចេះតែឮល្បីៗថាបងប្អូនយើងពីរបីនាក់​ហ្នឹងគាត់កើត[អេដស៍]ចាស!​ ដល់ឥឡូវ​ហ្នឹងចេះ​មកជួសទៅបានអង្គការចុះ​មក​ជួ​ស​​ហើយចេះតែជួសទៅចាស! ចង់ដឹងលទ្ធផលគឺថាក្រុមគ្រួសារខ្ញុំហ្នឹងអត់មានទេខ្ញុំសប្បា​យ​រីករា​យ​ណា​ស់”។

នៅ​មិនឆ្ងាយប៉ុន្មានពីផ្សារព្រែកភ្នៅតែនៅត្រើយម្ខាងនៃទន្លេប៉ែកខាងកើតភូមិនោះឈ្មោះថាភូមិពាម ឃុំ​សំ​បូរ​មា​ស ស្រុក​មុខ​កំពូល ខេត្តកណ្តាល។

ភូមិ​ពាម ពេលនេះសំបូរទៅដោយមន្ត្រីជំនាញផ្នែកសុខាភិបាលកំពុងមមាញឹកចុះ​ពិនិ​ត្យ​ឈា​មស្វែ​ងរកអ្នក​មានផ្ទុ​កមេ​រោ​គ​​​អេដស៍​នៅតំបន់នោះ។

សំឡេងអ៊ឺងកងរបស់អ្នកភូមិលាយឡំនឹងសម្រែកក្មេងយំ​ពេលគ្រូ​ពេ​ទ្យចា​ក់ម្ជុលទម្លុះម្រាមដៃពួកគេយ​​ក​​​​ឈា​​ម​យកមកពិនិត្យ រក​មេរោគអេដស៍នេះធ្វើឲ្យភូមិនៅជាប់មាត់ទន្លេដែលធ្លាប់ត្រូវប៉ាន់​ដី​​មួយ​​​​នេះសំបូរ​ទៅ​ដោយ​​អ្នក​សារព័ត៌មានតាមផ្តិតយក​រូប​ភាពនៃព្រឹ​ត្តិការណ៍ផ្ទុះមេ​រោគអេដ​ស៍នេះ។

អ្នកភូមិដែលស្ម័គ្រ​ចិត្តមកពិ​និ​ត្យឈាមបា​នឲ្យអ្នកសារព័ត៌មានVODដឹងប្រហា​ក់​ប្រ​ហា​ក់ប្រហែលគ្នាថាពួកគេមិនទាន់ដឹងថា​ការ​ផ្ទុះ​មេរោគអេ​ដស៍នៅ​ភូមិនោះមកពីអ្វីពិតប្រា​កដទេ។

ប៉ុន្តែពួ​កគេបានអះអាងពីទម្លាប់របស់អ្នកភូមិថាប្រុសៗមួយចំនួនក្រោយពីលក់ដីបាន​ថ្លៃកាល​ពីច្រើ​នឆ្នាំមុន​ពួក​​​គេច្រើ​នទៅ​រកសេវា​កំសាន្តនៅក្រៅផ្ទះចំណែកឪពុកម្តាយចាស់ៗនិងស្ត្រីមេផ្ទះពេលមានជម្ងឺពួកគេ​ថាភាគច្រើនទៅព្យាបាល​នៅ​គ្រូពេទ្យ​ឯកជនដែលនៅជិតនោះ។

ពួកគេថា៖ “ពេលដែលយើងឈឺយើងទៅរកពេទ្យចាក់ ណាស់ត្រង់អាប្រកាណាមួយ(ឆ្លងជ​ម្ងឺអេដស៍)​​យើង​អ​​ត់ដឹង។​ ពេទ្យ​ឯកជន​ថ្លៃមែន​តែវាឆាប់ដូចថាទៅអញ្ចឹងប្រហែលជា១០នាទីអីគេហៅចូលចាក់ហ្នឹងហើ​យ​ដូច​​ពេទ្យរដ្ឋវិញមួយម៉ោងទៅ​ពីរ​ម៉ោង​អីណោះចាំលេខចាំឈ្មោះអត់ចង់មើលទេ ហើយថាមិន​ស្រួល​បើ​យើងទៅសួរច្រើនស្តីឲ្យទៀត”។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺសើស្បែកនិងកាមរោគនៃក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី ពេញស៊ុន ដែល​ចុះ​​ពិនិ​ត្យ​នៅតំបន់នោះឲ្យដឹងថាសំណាកឈាមដែលសង្ស័យថាមាន​​ផ្ទុក​មេ​រោ​គអេ​ដស៍លោកថានឹង​ត្រូវ​បញ្ជូ​ន​​​​ទៅ​ពិ​និត្យ​បន្ថែមនៅមន្ទីរពេទ្យបង្អែកសម្តេចឪ។ លោក​ថា​នៅមន្ទីរពេ​ទ្យ​នោះ​​​​​មា​នទាំង​សេវា​ថែទាំអ្ន​កផ្ទុកមេ​រោគអេដស៍ទៀតផង។

ប៉ុន្តែ​​​លោកមិនបានប្រាប់ឲ្យដឹងថាការផ្ទុះមេរោគអេដស៍នៅតំបន់នោះកើតចេញពីមូ​លហេតុអ្វីពិ​តប្រា​កដទេ។ លោកបន្ថែម​ថា៖ “គឺយើងអត់ដឹងៗ ប៉ុន្តែតាមអ្នកវិទ្យាសាស្ត្រវាអាចឆ្លងតាមការរួមភេទអាចតាម​ការប្រើ​សា​រ៉ាងម្ជុលរួមគ្នា អាចឆ្លងពីម្តាយ​ទៅកូន  ឬអាចមកពីការបញ្ចូលឈាមអីជាដើមមកដល់ឥ​ឡូវយើងអ​ត់ដឹ​ង​ៗ​”។

បើតាមលោក លី ពេញស៊ុន ឲ្យដឹងដែរថាគិតត្រឹមថ្ងៃទី២២ខែកុម្ភៈក្នុងចំណោមអ្នក​មកពិនិត្យឈា​មជិត​៣​០០​នាក់លោកថា រក​ឃើញមានអ្នកផ្ទុកមេរោគអេដស៍១៨នាក់ហើយ។

បើ​តាមមេឃុំសំបូរមាស លោកស្រី ណែម យ៉ង់ អះអាងថាភូមិពាមមានព​លរដ្ឋ​ជាង​១០​​០០​នា​ក់រស់​​នៅដូចនេះបើគិតត្រឹម​ថ្ងៃទី​២​២ខែកុម្ភៈព​លរដ្ឋជាង៧០០នាក់​ទៀតនៅមិន​ទាន់បា​នមកពិ​និត្យ​​ឈា​ម​នៅ​​ឡើយ។

ហើយមេឃុំរូបនោះក៏អះអាងដែរថាមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះមេរោគអេដស៍នេះដូចគ្នា។ នៅ​ឆ្នាំ២០​១៥​មន្ត្រីជំនាញ​របស់​ក្រសួងសុខាភិបាលក៏បានរកឃើញករណីផ្ទុះមេរោគអេដស៍ស្រដៀ​ល​​គ្នានេះនៅ​​ភូ​មិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ករណីផ្ទុះមេរោគអេដស៍នៅភូមិរកានេះមន្ត្រីជំ​នាញរ​កឃើញថាមានអ្នក​ភូមិ​ជិត៣០០នាក់បានឆ្ល​ងមេរោ​គអេ​ដស៍តគ្នាដែល​ក្រសួងថាតាមរយៈនៃការ​ព្យាបា​លគ្មា​ន​ជំនា​​ញច្បាស់លាស់ពីគ្រូ​ពេទ្យភូមិម្នាក់។

គ្រូពេទ្យនោះឈ្មោះ យ៉ែម ជ្រិន ត្រូវតុលាការបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ​​២៥និងពិន័យ​ជាប្រា​ក់៥​លាន​រៀល​និងប​ង្គាប់​ឲ្យសងជម្ងឺចិត្តដល់ជនរងគ្រោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី លើកឡើងថាការផ្ទុះមេរោគអេដស៍ផ្ទួនៗនេះបង្ហាញថារដ្ឋា​ភិបាល​បានបរាជ័យនិងការទប់ស្កាត់ការជួញដូរមនុស្ស ទប់ស្កាត់ចំណាកស្រុក និងចរាចរណ៍​គ្រឿង​ញៀន​​ជាដើមដែលលោកថា កត្តា​ទាំងនោះជាប្រភពចំឡងមេរោគអេដស៍។

លោកបន្តថា៖ “តាមពិតទៅបទអន្តរាគមន៍ស្តីពីការទប់ស្កាតមេរោគអេដស៍វាបរាជ័យតាំងពីឆ្នាំ២០១១ដោយ​សារតែយើង​បង្កើត​ច្បាប់ប្រឆាំងការជួញដូមនុស្សផ្លូវភេទដោយបិទបនបិទកន្លែងកំ​សាន្តស​ប្បាយមួ​យចំនួនអញ្ចឹងវាត្រូវបែកសំបុក។ បើបែកសំបុកបទអន្តរាគមន៍មួយចំ​នួនស្តីពីការទ​ប់ស្កាត់​ហ្នឹងអត់មា​នប្រ​សិទ្ធភាពពិសេសកម្មវិធីស្រោម​អនាម័យ១០០%ហ្នឹង ត្រូវបរាជ័យទាំងស្រុង។ ទី២ដោ​យសារមានកា​ររីករាលដាលនៃគ្រឿងញៀនរីកទៅដល់ផ្ទះពលរដ្ឋគ្រប់ទិសទីក្មេងដែលប្រើ​ប្រា​ស់​គ្រឿងញៀនទាំង​ចាក់ទាំងលេបពិសេសការចាក់ហ្នឹងមានការឆ្លងមេរោគអេដស៍ខ្ពស់ណាស់ហើ​យមជ្ឈមណ្ឌល​ប្រយុ​ទ្ធ​ជម្ងឺអេ​ដស៍សើស្បែកនិងកាមរោគគាត់ដឹងច្បាស់ណាស់”។

ប៉ុន្តែសម្រាប់មន្ត្រីក្រសួងសុខាភិបាលលោក លី ពេញស៊ុន វិញថាចំនួនរកឃើញថ្មីនេះអាចជា​ចំ​នួន​​មួ​យដែលលោកថា ក្រសួង​បានព្យាករណ៍ទុកថាអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាអាចមានដល់៧ម៉ឺន​៤​​ពា​ន់នាក់។ លោកថាពេលនេះអ្នក​ផ្ទុក​មេរោគ​ដែ​លស្ថិតក្រោមការមើល​ថែរបស់ក្រសួង​មានតែ​៥ម៉ឺន​៧​ពាន់​នា​​ក់​ប៉ុណ្ណោះ ដូចនេះលោកថាជាង១០ភាគរយទៀត ក្រសួង​កំពុងស្វែងរកយកមក​ព្យាបា​ល។

លោកបន្ថែមថា៖ “ឥឡូវនេះយើងបើកយុទ្ធនាការរកអ្នកឆ្លងថ្មីព្រោះថាយើងរកបានទ​ទួលការព្យា​បាលជាង៨​០%​ហើ​យ​ទូទាំងប្រទេសហើយយើងនៅតែរកអ្នកឆ្លងថ្មីៗដើម្បីលុបបំបាត់ការឆ្លងថ្មី។ កាល​ណាគា​ត់ទ​ទួ​ល​កា​​រ​ព្យាបាលហើយគាត់នឹង​មិន​ចម្លងទៀតទេអញ្ចឹងបានជាយើង​ខំប្រឹងប្រែងរក​គ្រប់ស្រុក​ប្រ​តិបត្តិ​ទាំង​អ​ស់មិនមែនតែទីនេះទេ”។

លោក កែម ឡី លើកឡើងថាការផ្ទុះមេរោគអេដស៍ជាថ្មីនេះអាចថាកន្លងទៅរដ្ឋាភិបាលមានមោទនាភាពហួស​ហេ​តុ ពីភាពជោគជ័យរបស់ខ្លួនលើយន្តការទប់ស្កាត់ការឆ្លងជម្ងឺអេដស៍នេះ ហើយភ្លេចគិតពីអានុសាសន៍រប​ស់​​ស​ង្គ​ម​ស៊ីវិលដែល​បានក្រើនរំឭកឲ្យប្រយ័ត្នរលកថ្មីនៃជម្ងឺនេះ។ លោកថា៖​ “តាមពិ​តទៅអារល​កទី២នៃ​រោគស​ញ្ញានៃការឆ្លងមេរោគអេដស៍ហ្នឹង មាន​រោគសញ្ញាតាំងពីឆ្នាំ២០១១។ ប៉ុន្តែយើង[រដ្ឋាភិបាល]បែជាថាអ្នកដែលថាមានរលកទី២បែរជាថាកាល​ហ្នឹងខ្ញុំនិង​ឯកឧត្តម ទៀ ផល្លា ហ្នឹងរិះគន់ផ្ទាល់ដែរថានឹងមានរោគសញ្ញារលកទី២ ប៉ុន្តែត្រូវបា​នរដ្ឋាភិបា​ល​ហ្នឹងថាយើងជា​អ្នកប្រឆាំង​ទៅវិញ។ កន្លែងហ្នឹងដែលជាហេតុផលហើយក៏​ជោគជ័យ​ទៅ។ ដល់​ពេល​ជោគ​ជ័យ​ទៅម្ចាស់ជំនួយដៃគូ​អភិវឌ្ឍន៍អីលែងផ្តល់ជំនួយទៅ“។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះជំរុញឲ្យរដ្ឋាភិបាលបើកការស្រាវជ្រាវលើពលរដ្ឋទូទៅឡើងវិញដោ​យ​មិនធ្វើការ​សិក្សា​ស្រា​វជ្រាវតែលើអ្នករកស៊ីផ្លូវភេទនិងអ្នកប្រើប្រាស់គ្រឿងញៀន​។ លោកថាពេល​បាន​ទិន្នន័​យជាក់ស្តែងត្រូវប្រកាស​ជា​ផ្លូវការស្វែងរកកិច្ចសហការពីដៃគូអភិវឌ្ឍន៍ឡើងវិញ។

ទោះជាយ៉ាងណាអ្នកភូមិពាមជាប់រាជធានីភ្នំពេញនោះគឺលោក អ៊ុក ស៊ួស អាយុ៦៦ឆ្នាំដែលបាន​ពិនិត្យ​ឈា​​ម​​ដែរ​​​នោះ​អះ​អាងថាព​ល​រ​ដ្ឋខ្លួនឯងក៏ត្រូវយល់ដឹងពីវិធី​បង្ការនិងទប់ស្កា​​ត់ជម្ងឺអេដស៍នេះដោយ​ខ្លួនឯងជាជាងពឹងផ្អែកតែលើរដ្ឋា​ភិបា​ល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ