អង្គការ​លើកលែង​ទោ​សអន្តរជាតិថា​សេរីភាពនៅ​កម្ពុជាកាន់​តែ​​អាក្រក់ចំពោះ​មុខ​ការ​​បោះ​ឆ្នោត

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ហៅ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​​នៅកម្ពុជា​ខណៈការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះថា​ កាន់​តែ​អា​ក្រក់ឡើង។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិប្រចាំ​ឆ្នាំ​២០១៦ ដែល​ទើបចេញផ្សាយថ្មីៗនេះ បាន​​ឲ្យ​ដឹង​ថា ​អាជ្ញា​ធរ​​កម្ពុជា​កំពុងធ្វើ​ទុក​បុក​ម្នេញ​ ទៅ​​លើ​​អង្គ​ការ​សង្គមស៊ីវិល បិទ​មាត់​អ្នក​វិភាគ មន្ត្រីសិទ្ធិម​នុស្ស​ និង​បក្ស​ប្រឆាំង តាម​រយៈ​កា​រប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់ និង​កម្លាំង​សន្តិសុខ​ខុសច្បាប់។​ អង្គការ​នេះបន្តថា​វិធាន​ការ​របស់​រដ្ឋាភិបាលកម្ពុជា​​ទៅ​​លើការ​បញ្ចេញមតិ និង​សេរីភាពនៃ​ការ​ជួប​ជុំ គឺ​កាន់​តែ​​ត្រូវបាន​រារាំង​ខ្លាំង​ឡើង​ខណៈ​ការ​​បោះ​ឆ្នោត​​ឆ្នាំ​២០១៧និង​២០១៨កាន់​តែ​ខិត​ជិត​ចូល​មក​ដល់នោះ​។​

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​លើកឡើង​នេះ​គ្រាន់​តែជាការ​ដែល​មើល​ឃើញ​កម្ពុជាពី​ខាង​ក្រៅ​​ប៉ុណ្ណោះ តែលោកថា​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​គឺ​នៅ​តែ​មាន​និង​នៅ​តែ​ទូលំទូលាយ​។ ​ចំពោះ​ការ​លើក​ឡើងថា​រដ្ឋាភិបាល​កំពុង​រារាំង​សិទ្ធិ​សេរីភាព​នៃ​ការជួប​ជុំ​នោះ ត្រូវ​បាន​លោក ខៀវ សុភ័គ ថា​ធ្វើ​ឡើងដើម្បី​ថែ​រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​ថា៖ «កន្លង​មក​យើង​ឃើញ​ដែរ​! ប្រើ​វិធាន​ហ្នឹងគឺ​ដើម្បី​ស្អី ដើម្បី​ថែ​រក្សា​សន្តិភាព​ ដែល​ពិ​បាក​រក​ណាស់​ព្រោះ​អង្គការ​សិទ្ធិ​មនុស្សស្អី​វា​មិន​ដែល​រក​ឲ្យ​យើង​ទេ កាល​យើង​នៅ​ក្នុង​គុក​អត់​ជញ្ជាំង វា​គ្មាន​អង្គការសិទ្ធិ​មនុស្ស​អី​រកសន្តិភាព​ឲ្យ​យើង​ទេមាន​តែ​យើង​ខ្លួនឯង​ហ្នឹង ខ្មែរ​​និង​ខ្មែរ​ជជែក​គ្នាបាន​សន្តិភាព​ដូច​រាល់​ថ្ងៃ​ដែល​យើង​ខំ​ថែរក្សា​ហ្នឹង សន្តិភាព​ និង​ស្ថេរភាព​ហ្នឹង​វា​សំខាន់​ណាស់!»។

អ្នក​ប្រឹក្សា​ឯក​រាជ្យ​ផ្នែក​អភិបាល​កិច្ច លោក សួន ប៊ុនស័ក្កិ យល់​ថា​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ​គឺ​អាចឆ្លុះបញ្ចាំងពីការពិត​បាន​ច្រើន​។ លោក​បន្ថែម​ថា​តាមរយៈវិធាន​ការ​​​របស់​រដ្ឋាភិបាល​ទៅ​លើ​អ្នក​ដែល​មិន​ស្ថិត​នៅ​ខាង​ខ្លួន ​កាលពី​កន្លង​ទៅ​វា​អាច​ជះ​ឥទ្ធិពលមិ​ន​ល្អ​ដល់​ការ​បោះ​ឆ្នោត​ខាង​មុខ​​។

លោក​ថា៖ «ខ្ញុំ​សង្កេតឃើញ​ថា​អាជ្ញាធរ​រដ្ឋ​យើង​ ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​ជួប​ជុំ​គ្នា​ដើម្បី​បញ្ចេញ​មតិ ជា​ច្រើន​លើក​ច្រើន​សារ​ដែរ ដូច្នេះ​មើល​ទៅ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មិន​សូវ​ជា​មាន​ការ​ប្រសើ​រ​ដែរ​ទេ ខ្ញុំ​គិត​ថា​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​របាយការណ៍​ហ្នឹង​គឺ​ថា វា​ដូច​ជា​សមស្រប​ទៅ​នឹង​សភាព​ការ​ជាក់​ស្តែង​នៅ​កម្ពុជា​»។​

ស្នងការ​នគរ​បាលរាជធានី លោក ជួន សុវណ្ណ ​បាន​អះអាង​ក្នុង​របាយការណ៍​ចុះ​ថ្ងៃ​ទី៩ មករា ឆ្នាំ​២០១៧ ដោយ​ឲ្យ​សមត្ថកិច្ច​​ត្រៀម​ពង្រឹង​វិធាន​ការ​គ្រប់​គ្រងនិង​​ក្តាប់​ព័ត៌មាន​ពី​និន្នាការ​ប្រឆាំងនានា​​នៅ​រាជធានី​ភ្នំពេញ ដើម្បី​​​ត្រៀម​បង្ក្រាប​ កុំ​ឲ្យ​មាន​ចលនា​​នេះ​​ចេញ​មក​ប្រឆាំង​និង​រដ្ឋាភិបាល រួម​ទាំង​បដិ​វត្ត​ន៍​ព័ណ៌និង​ការ​ញុះញង់​ផ្សេងៗផង​ដែរ ដើម្បី​រក្សា​សន្តិ​សុខ​​ដល់​លទ្ធ​ផល​​នៃ​ការបោះ​ឆ្នោត​នាពេល​ខាង​មុខនេះ ដែលការ​លើក​ឡើង​នេះ​ធ្វើ​ឲ្យ​បក្សប្រឆាំង​ និង​អ្នក​វិភាគ​មួយចំនួនបាន​ចាត់​ទុក​ថា​ជា​ការ​បំបាក់​ស្មារតី និង​បំពាន​រដ្ឋធម្មនុញ្ញ។

ការ​វិវត្តន៍​​ចុងក្រោយនៃ​នយោបាយកម្ពុជា​ គឺ​អនុម័ត​ច្បាប់​ស្តីពី​​បក្ស​នយោបាយ​ដែល​ចម្រូង​ចម្រាស​ បាន​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិមួយ​ចំនួន​យល់​ថា កម្ពុជា​កំពុង​ដើរ​ខុសពី​គន្លង​ប្រជា​ធិបតេយ្យ ហើយ​បក្សប្រជាជនកម្ពុជា​​កំពុង​តែ​ត្រៀម​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​នាថ្ងៃ​អនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ