ឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំមន្ត្រីការពារសិទ្ធិមនុស្សអាដហុក

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឲ្យបន្តឃុំខ្លួន មន្ត្រីអា​ដហុក៤រូប នៅពន្ធនាគារដដែល ដោ​យអះអាងថា បើឲ្យអ្នកការពារសិទ្ធិមនុស្សទាំងនោះនៅក្រៅឃុំ ពួកគេអាចនឹងមិនស​ហការជាមួយ​តុលាកា​រ ក្នុងការ​ស្វែ​ងរកពិតលើសំណុំរឿងចោទប្រកាន់។

មន្ត្រីសមាគមអាដហុក មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យឃុំខ្លួនបណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស កាលពីដើ​មឆ្នាំ​២០១៦ ចោទពីបទ សូកប៉ាន់សាក្សី ទាក់ទិននឹង​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាសមួយ ​ដែ​ល​​​​ម​ជ្ឈ​​​ដ្ឋាន​​​ជាតិនិងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ។

នៅថ្ងៃទី២៣ខែកុម្ភៈនេះ មន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូបនោះ បានចូលការពារបណ្តឹងសុំនៅក្រៅឃុំរបស់​ខ្លួ​ន​​ នៅសាលាឧទ្ធរណ៍។

មុនចូលការពារប្ដឹងនៅថ្ងៃនេះ លោក ណៃ វ៉ង់ដា ថ្លែងថា លោកគ្មានសង្ឃឹមបាននៅក្រៅឃុំនៅទេ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត៖ «ប្រជាជនទៅបោះឆ្នោត ហើយបោះឆ្នោតឲ្យចំគោលដៅ បានន័យថា បោះឆ្នោតដើម្បីការផ្លាស់ប្ដូរ តាមលក្ខណប្រជាធិតេយ្យ ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នាំគ្នាទៅបោះឆ្នោត សន្លឹកឆ្នោតមួយសន្លឹកៗវាមានសារៈសំខាន់ខ្លាំងណាស់ ទោះបីមានឧបគ្គសធ្ងន់ធ្ងរធំប៉ុណ្ណាក៏ដោយ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា»។

ប៉ុន្តែក្រោយពីបើកការសាកសួរដេញដោលរយៈពេលជាង១ម៉ោងមក ប្រធានចៅក្រ​ម​ក្នុ​​ង​អង្គ​ជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍លោក ភូ​ ពៅស៊ុន បានច្រានចោល បណ្តឹងសុំ​នៅក្រៅ​ឃុំ​នេះ​។

លោក ភូ ពៅស៊ុន​ អះអាងថា ការមិនអនុញ្ញាតឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំងនោះនៅក្រៅឃុំ លោកថាអាចពិបា​កដ​ល់ដំ​ណើ​រការ​នីតិ​វិធី​របស់តុលាការនិងថាសំណុំរឿងនោះ​ស្ថិតក្នុង​ដំ​​ណើ​​រ​​ការស៊ើ​បអង្កេ​តនៅឡើយ។ នេះបើតាមមេធាវីការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូប។

មុនពេលឆ្មាំនាំទៅពន្ធនាគារវិញមន្ត្រីការពារសិទ្ធិមនុស្សទាំងនោះលើកឡើងថា តុលាការមិនអាចផ្ដល់យុត្តិធម៌ឲ្យពួកគាត់បានទេ។

លោកមេធាវី ឡោ ជុនធី ដែលការពាក្តីឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុកចាត់ទុកថា ការ​​សម្រេ​ចនោះថាមិនយុត្តិធម៌សម្រាប់កូនក្តីលោកទេ។

លោកថា «ខ្ញុំយល់ឃើញថា បើតាមផ្លូវច្បាប់យើងអត់អាចលើកសំអាងហេតុជាបទឧក្រិដ្ឋ បទអី ដើម្បីធ្វើការ ឃុំបន្តបានទេ វាប៉ះពាល់ទៅដល់គោលការណ៍សន្មត់ជាទុកមុនថាមានទោស ព្រោះបទឧក្រិដ្ឋ ​បានន័យថាពី៥ទៅ១​០ឆ្នាំ ចឹងវាអាចមានផលពិបាកចំណុចហ្នឹង ខ្លាចពួកយើងមិនចូលទោះបីខ្លួនយើងធានាឲ្យដក password ​ធានាការចូលខ្លួនយ៉ាងម៉េចក៏ដោយ»។

មន្ត្រីការពារសិទ្ធិមនុស្សទាំង៥រូបនោះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសា ឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។

មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែលត្រូវគេទម្លាយថាមានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ