កម្ពុជាប្រតិកម្មនឹងអាមេរិកដែលព្រួយបារម្ភពីការកែច្បាប់គណបក្សនយោបាយ

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លើកដៃបោះឆ្នោតគាំទ្រច្បាប់ស្តីគណបក្សនយោបាយនៅព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ (រូបភាពហ្វេសប៊ុករដ្ឋសភា)

កម្ពុជាប្រតិកម្មនឹងសហរដ្ឋអាមេរិក ដែលបានបង្ហាញការព្រួយបារម្ភពីយន្តការពង្រឹងប្រជាធិបតេយ្យ ក្រោ​​យពីតំណាងរាស្ត្របក្សកាន់អំណាច ធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយដ៍ចម្រូងចម្រាស ដោយ​​ថា​​ការព្រួយបារម្ភនោះ ជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២កុម្ភៈ ក្រសួងការបរទេសកម្ពុជាបានបង្ហាញ​ការខកចិត្តទៅ​នឹងការលើ​ក​ឡើង​ របស់ស្ថានទូតសហរដ្ឋអាមេរិក ដោយកម្ពុជាអះអាងថា ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ អនុវត្តជាទូទៅចំពោះគ្រប់​​គណបក្ស​នយោបាយទាំងអស់ ហើយថាវាជាតម្រូវការចាំបាច់ជាមូលដ្ឋាន ដែលប្រទេ​សកា​ន់​ល​ទ្ធិប្រ​ជាធិបតេយ្យត្រូវគោរពតាម។

រដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយថាត្រូវគោរពគោ​លការណ៍អ​ន្តរជា​តិ​នៃ​ការមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុង និងគោរពអធិបតេយ្យភាព​កម្ពុជា។

តំណា​ងរាស្ត្របក្សកា​ន់អំ​ណា​ច៦៦រូប បានធ្វើវិសោ​ធកម្មច្បាប់ស្តីពីគណបក្សនយោយ កាលពីថ្ងៃចន្ទដោយគ្មា​នតំណាងរាស្ត្រ​បក្សប្រ​​ឆាំង៥៥រូបចូលរួមនោះទេ។

ស្ថានទូត​អាមេរិក​បានលើកឡើងថា វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយនេះ មាន​ការ​ពិគ្រោះ​ឬ​ពិភាក្សា​គ្នា​ជា​សាធារណៈ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ថាវិសោធនកម្ម​នេះ «បាន​ផ្ដល់​អំណាច​យ៉ាង​ធំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​កំហិត​ដល់​សេរីភាព​បញ្ចេញ​មតិ និង​សកម្មភាព​ស្របច្បាប់​នានា​របស់​គណបក្ស​នយោបាយ» ហើយ​នឹង​កំណត់​លក្ខខណ្ឌ​មិន​ច្បាស់លាស់ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ​តែ​ម្ដង។

ក្រៅពីអាមេរិក ក៏មានស​ហគមន៍ជាតិនិងអន្តរជាតិ រិះគន់ថាច្បាប់ថ្មីនេះ​បាន «ផ្តល់អំណាចដ៏​លើ​សលប់ដល់រដ្ឋាភិបាលក្នុងការរំលាយគណបក្សណាមួយហើយឈានទៅរករបបឯកបក្ស»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ