ជប៉ុន​តវ៉ា​ទៅ​នឹង​ផែនការ​ពង្រាយ​ទ័ព​រុស្ស៊ី​នៅ​លើ​កោះ​មាន​ជម្លោះ

ប្រទេស​ជប៉ុន បាន​តវ៉ា​ទៅ​ប្រទេស​រុស្ស៊ី ជុំ​វិញ​ផែនការ​របស់​រុស្ស៊ី ដើម្បី​ពង្រឹង​កម្លាំង​ទ័ព​នៅ​លើ​បណ្ដា​កោះ​មាន​ជម្លោះ ដែល​នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​ថ្មី​បំផុត​នៅ​ក្នុង​ជម្លោះ​ដែនដី ដែល​លង់​បន្លាច​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២​មក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន។

ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋ​មន្ត្រី លោក យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្កា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​កំពុង​តែ​តាម​ដាន​សកម្មភាព​ប្រទេស​រុស្ស៊ី​យ៉ាង​ជិត​ដិត និង​កំពុង​តែ​វាយ​តម្លៃ​ព័ត៌មាន។

លោក​ថ្លែង​ថា ប្រសិន​បើ​ទង្វើ​បែប​នេះ​របស់​រុស្ស៊ី​នាំ​ទៅ​រក​ការ​ពង្រឹង​ទ័ព​រុស្ស៊ី​នៅ​លើ​បណ្ដា​កោះ​នានា​នោះ វា​មិន​សម​ស្រប​ទៅ​នឹង​ជំហរ​ប្រទេស​ជប៉ុន​នោះ​ឡើយ ហើយ​ជប៉ុន​សោក​ស្ដាយ ដោយសារ​តែ​កោះ​ទាំង​នោះ​ជា​ទឹក​ដី​ជប៉ុន។

លោក ស៊ូហ្កា បាន​ថ្លែង​ដូច្នេះ បន្ទាប់​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​ថា រដ្ឋ​មន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក សឺជី សុយហ្គូ (Sergei Shoigu) បាន​ជជែក​អំពី​ផែនការ​ដាក់​ពង្រាយ​កង​ទ័ព​ទៅ​កាន់​បណ្ដា​កោះ​នានា ក្នុង​ឆ្នាំ​នេះ ក្នុង​នោះ​មាន​ទាំង​បណ្ដា​កោះ​ដែល​ជប៉ុន​អះ​អាង​ជា​ម្ចាស់​ផង​ដែរ។

បណ្ដា​កោះ​នានា​ស្ថិត​នៅ​ភាគ​ខាង​លិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជប៉ុន​ហៅ​ថា ទឹក​ដី​ភាគ​ខាង​ជើង ហើយ​រុស្ស៊ី​ហៅ​ថា កោះ​គូរីល​ខាង​ត្បូង​នោះ ត្រូវ​បាន​កង​ទ័ព​សូវៀត​ដណ្ដើម​កាន់​កាប់​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ ហើយ​ពលរដ្ឋ​ជប៉ុន ១៧០០០​នាក់ នៅ​លើ​កោះ​ទាំង​នោះ ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ចេញ។

លោក ស៊ូហ្កា បាន​ថ្លែង​ថា ផែនការ​យោធា​រុស្ស៊ី នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ នៅ​ពេល​រដ្ឋ​មន្ត្រី​ការពារ​ជាតិ និង​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ