រាជ​ទាយាទ​ជប៉ុន​ថ្លែង​ថា ទ្រង់​នឹង​យក​លំនាំ​តាម​ព្រះ​បិតា​ទ្រង់​ជា​ព្រះ​ចៅ​អធិរាជ​ថ្មី

រាជ​ទាយាទ​ជប៉ុន Naruhito បាន​ឈាន​ដល់​ព្រះជន្ម ៥៧​ឆ្នាំ​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​ទ្រង់​ថ្លែង​ថា ទ្រង់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​បន្ត​តំណែង​ពី​ព្រះ​បិតា​ទ្រង់ ដែល​អាច​នឹង​ដាក់​រាជ្យ​សម្បត្តិ​នា​ឆាប់ៗ​នៅ​ឆ្នាំ​ក្រោយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា រាជ​ទាយាទ Naruhito នឹង​ក្លាយ​ជា​ព្រះចៅ​អធិរាជ​មួយ​អង្គ ដែល​នឹង​ចែក​រំលែក​ភាព​ឈឺ​ចាប់ និង​ភាពរីក​រាយ​ជាមួយ​ប្រជាជន​ជប៉ុន។

គណៈកម្មការ​មួយ​របស់​រដ្ឋាភិបាល​ជប៉ុន កំពុង​តែ​ជជែក​គ្នា​អំពី​វិធី​សម្រាប់​ព្រះចៅអធិរាជ Akihito អាច​ដាក់​រាជ្យ​សម្បត្តិ បន្ទាប់​ពី​ទ្រង់​បាន​លើក​ឡើង​ពី​បញ្ហា​នេះ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន។

ព្រះចៅ​អធិរាជ Akihito ព្រះ​ជន្ម ៨៣​ឆ្នាំ កំពុង​ប្រឈម​នឹង​វ័យ​ជរា ដោយ​ត្រូវ​ទទួល​យក​ការ​វះ​កាត់​បេះដូង និង​ព្យាបាល​ជំងឺ​មហារីក​ក្រពះ។

ការ​ដាក់​រាជ្យ​សម្បត្តិ​ចុង​ក្រោយ​បំផុត​របស់​ព្រះចៅ​អធិរាជ​ជប៉ុន កើត​ឡើង​នៅ​ឆ្នាំ​១៨១៧ ប៉ុន្តែ ច្បាប់​ប្រទេស​ជប៉ុន​សព្វថ្ងៃ​នេះ មិន​អនុញ្ញាត​ឲ្យ​ព្រះចៅ​អធិរាជ​ដាក់​រាជ្យ​សម្បត្តិ​នោះ​ឡើយ។

កាល​ពី​ខែ​មករា​កន្លង​មក​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​ផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​តែ​ពិចារណា​អំពី​វិធី​ដែល​នឹង​អនុញ្ញាត​ឲ្យ​ព្រះចៅអធិរាជ Akihito ដាក់​រាជ្យ​សម្បត្តិ និង​អនុញ្ញាត​ឲ្យ​រាជ​ទាយាទ Naruhito ឡើង​សោរាជ្យ​សម្បត្តិ​បន្ត នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ