ប្រមុខ​កាទូត​ម៉ិកស៊ិក​ច្រាន​ចោល​ផែនការ​បណ្ដេញ​ជន​អន្តោ​ប្រវេសន៍របស់​អាមេរិក

ប្រទេស​ម៉ិកស៊ិក បាន​ថ្កោល​ទោស​ទៅ​លើ​សេចក្ដី​ណែនាំ​ថ្មី​មួយ ដែល​ចេញ​ដោយ​សហរដ្ឋ​អាមេរិក សម្រាប់​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​ដឹក​ដី​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

ស្ថិត​ក្រោម​ផែនការ​ថ្មី​ដែល​ទើប​តែ​បញ្ចេញ​ដោយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ដែល​ស្នាក់នៅ​លើ​ទឹក​ដី​អាមេរិក​ដោយ​ខុស​ច្បាប់​នោះ នឹង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​អាមេរិក។

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ិកស៊ិក លោក ល្វីស វីដេហ្ការ៉ាយ បាន​និយាយ​ថា ប្រទេស​របស់​លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​អត្តនោម័ត​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក​តែ​ម្ខាង​នោះ។

ជម្លោះ​នេះ បាន​កើត​ឡើង​ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ២​រូប កំពុង​រៀបចំ​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​ប្រទេស​ម៉ិកស៊ិក។

សេតវិមាន​អាមេរិក បាន​និយាយ​ថា រដ្ឋ​មន្ត្រី​កាបរទេស​អាមេរិក លោក Rex Tillerson និង​រដ្ឋ​មន្ត្រី​សន្តិសុខ​ជាតិ លោក John Kelly នឹង​ជជែក​ជាមួយ​ក្រុម​មន្ត្រី​ម៉ិកស៊ិក និង​អនុវត្ត​សេចក្ដី​ណែនាំ​ថ្មី​នេះ។

ផែនការ​ថ្មី​របស់​រដ្ឋបាល​លោក ត្រាំ រួម​មានការ​អនុវត្ត​តាម​ច្បាប់​​ស្ដី​ពី​សញ្ជាតិ និង​អន្តោ​ប្រវេសន៍​របស់​អាមេរិក ដែល​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាមេរិក​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​ម៉ិកស៊ិក ដោយ​មិន​ខ្វល់​ថា ជន​អន្តោប្រវេសន៍​នោះ​មាន​ប្រភព​មក​ពី​ណា​នោះ​ឡើយ។

គេ​មិន​ច្បាស់​ថា តើ​អាមេរិក​មាន​អំណាច​បង្ខំ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ទទួល​យក​ជន​បរទេស ឬ​យ៉ាង​ណា​នោះ​ទេ។

ប៉ុន្តែ លោក វីដេហ្ការ៉ាយ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​លោក​នឹង​មិន​ទទួល​យក​នោះ​ឡើយ ដោយថា វា​មិន​ស្ថិត​ក្នុង​ផល​ប្រយោជន៍​របស់​ប្រទេស​ម៉ិកស៊ិក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ