សកម្មជនជាប់គុក៖ គុកព្រៃសហាមមិនឲ្យអ្នកទោសស្តាប់វិទ្យុផ្ទុយនឹងច្បាប់ពន្ធនាគារ

សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា កាលពីពេលកន្លងទៅ

សកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំឲ្យដឹងថា ឆ្មាំពន្ធនាគារនឹងចាត់វិធានការដកហូតវិទ្យុពីអ្នកទោសគ្រប់ប្រភេទ មិនអោយស្តាប់ព័ត៌មានទេ ដោយអ្នកជាប់ចាត់ទុកថានេះជាការផ្ទុយនឹងច្បាប់ពន្ធនាគារ។នេះបើតាមហ្វេសប៊ុកលោក មាជ សុវណ្ណរ៉ា ដែលគ្រប់​គ្រង​ដោយជំនួយការរបស់លោក។

បើតាមប្រភពដដែលនេះ «ពួកឆ្មាំគុកព្រៃសមិនបានបញ្ជាក់ពីមូលហេតុអ្វីឲ្យច្បាស់លាស់នោះទេ» ចំពោះការដកហូតវិទ្យុនេះ។

មាត្រា៣៧នៃច្បាប់ពន្ធនាគារបានចែងថា «ជនជាប់ឃុំត្រូវបានអនុញ្ញាតិឲ្យទទួលដំណឹង​និងព័ត៌មានសំខាន់ៗតាមរយៈកម្មវិធីផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី សារព័ត៌​មាន និងទំនាក់ទំនងទូរស័ព្ទជាមួយក្រុមគ្រួសារដែលរៀបចំឡើងដោយពន្ធនាគារ។ ជនជាប់ឃុំអាច​អនុញ្ញាតិឲចូលសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យពន្ធនាគារឬអាចអនុញ្ញាតិឲ្យខ្ចីសៀវភៅយក​ទៅស្រាវជ្រាវនៅក្នុងបន្ទប់ឃុំឃាំងដើម្បីបង្កើនចំណេះដឹង»។

នៅលើហ្វេសប៊ុកលោក មាជ សុវណ្ណរ៉ា បានសរសេរថា «ពួកអ្នកទោសដាក់ចម្ងល់និងសំណួរថាតើវិធានការដកហូតវិទ្យុឬបិទសិទ្ធិមិនឲ្យមានវិទ្យុស្តាប់វាជាហេតុផលនយោបាយមិនឲ្យអ្នកទោសស្តាប់បានដឹងពីព័ត៌មានពិតនានាដែលជាចំណុចរសើបរបស់រដ្ឋអំណាចឬយ៉ាងណា? តើច្បាប់ពន្ធនាគារអនុវត្តមានន័យអ្វី បើបទបញ្ជារំលោភច្បាប់ទៅហើយនោះ? តើជាបទបញ្ជារបស់ក្រសួងមហាផ្ទៃឬក៏ត្រឹមតែគុកព្រៃស?»។

លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងពន្ធនាគារគឺបទបញ្ជារផ្ទៃក្នុង ហាមប្រើគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ រួមទាំងវិទ្យុ។ នៅពេលសួរបញ្ជាក់ពីមាត្រា៣៧ ច្បាប់ស្តីពីពន្ធនាគារនោះ លោកបញ្ជាក់ថា «អនុញាតិឲ្យស្តាប់ ក៏ប៉ុន្តែពន្ធនាគារគេរៀបចំជាអុបប៉ាលឺ[Speaker] ដាក់តាមបន្ទប់ឲ្យស្តាប់ គេអ្នកចាក់ឲ្យស្តាប់ យល់ទេ? ច្បាប់ហ្នឹងគេឲ្យកាន់វិទ្យុម្នាក់មួយក៏អី?»។

នៅពេលអ្នកយកព័ត៌មានទូរសព្ទទៅបញ្ជាក់បន្ថែមទៀតថា ហេតុអ្វីកាលពីមុនអ្នក​ជាប់​ឃុំមានវិទ្យុស្តាប់ផ្ទាល់ខ្លួន? លោក ចាន់ គឹមសេង មិនបានទទួលទូរសព្ទនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ