សហគមន៍ជាតិនិងអន្តរជាតិបាននាំគ្នាសំដែងប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានលើកដៃអនុម័ត «ច្បាប់ដ៏ចម្រូងចម្រាស់និងប្រញាប់ប្រញាល់មួយ» នោះគឺការកែច្បាប់ស្តីពីគណបក្សនយោបាយ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ប្រទេសទាំងនោះកំពុងជ្រៀតជ្រែកកិច្ចរបស់កម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ថ្មីជាងគេចេញផ្សាយនៅថ្ងៃពុធទី២២កុម្ភៈនេះ ប្រតិភូសហភាពអឺរ៉ុបបានលើកឡើងនូវក្ដីបារម្ភអំពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ដោយថា ការធ្វើវិសោធនកម្មច្បាប់នយោបាយ ដែលត្រូវបានរដ្ឋសភាកម្ពុជារបស់គណបក្សប្រជាជន ទើបបានអនុម័តកាលពីថ្ងៃទី២០កុម្ភៈកន្លងទៅនេះ ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពលើគណបក្សនយោបាយនានា និងអាចឈានដល់រំលាយគណបក្សនយោបាយផ្សេងទៀតផងដែរ។
បើតាមសេចក្ដីថ្លែងការណ៍នេះ សហភាពអឺរ៉ុបបារម្ភថា ការអនុម័តច្បាប់គណបក្សនយោបាយនឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ដោយថា នាំឲ្យមានមន្ទិលសង្ស័យពីភាពស្របច្បាប់នៃការបោះឆ្នោត។
សហភាពអឺរុបបានទទូចឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសនយោបាយល្អប្រសើរមួយ ដោយអនុញ្ញាតឲ្យគណបក្សប្រឆាំង និងសង្គមស៊ីវិលអាចចូលរួមក្នុងដំណើរការបោះឆ្នោតដោយសេរី និងគ្មានការបំភិតបំភ័យ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា នេះជាសិទ្ធនៃការបញ្ចេញមតិរបស់គាត់(EU) ប៉ុន្តែលោកកម្ពុជា អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលឲ្យដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ។ លោកបន្តថា «ដូច្នេះ! វិសោធនកម្មច្បាប់នេះ គឺមិនអនុញាតឲ្យយកទណ្ឌិតជាប្រធានបក្សនយោបាយទេ។ នេះហើយជានីតិរដ្ឋ! ហើយប្រទេសណាក៏ដោយ ទោះសហគមន៍អឺរ៉ុបក៏ដោយ គឺមិនយកទណ្ឌិតមកធ្វើប្រធានគណបក្សទេ។ សុំឲ្យសភាអ៊ឺរ៉ុបឆ្លើយមើល៍ ថាតើគាត់ធ្លាប់យកទណ្ឌិតមកធ្វើជាប្រធានទេ?»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ និចហ្វិច គាំទ្រសេចក្តីថ្លែងការណ៍របស់សហភាពអ៊ឺរ៉ុប និងបារម្ភថានៅពេលអនុវត្តច្បាប់នេះ មិនត្រឹមតែប៉ះពាល់ប្រធានបក្សទេ អាចដល់រំលាយគណបក្ស ឬគ្រាន់តែនិយាយខុសឆ្គងតិចតួចក៏អាចប្រឈមនឹងបញ្ហា។ លោកថា សហភាពអ៊ឺរ៉ុបបានជួយលុយរាប់លានដុល្លារសំរាប់ដំណើរបោះឆ្នោត ដោយចង់ឃើញការបោះឆ្នោតដោយសេរី យុត្តិធម៌។ លោកបន្តថា «EU ទីមួយគេបញ្ចេញប្រតិកម្ម ទីពីរគេនឹងមានវិធីសាស្ត្រជជែគពិភាក្សាបន្ថែមពិស្តារលំអិតទៀតពីនីតិវិធី ពីច្បាប់ហ្នឹង! គេមិនអាចនៅព្រងើយកន្តើយបានទេ។ បន្ទាប់ពីប្រតិកម្ម និងមានការជួបពិភាក្សា គេអាចនឹងពិចារណារឿងហ្នឹងដែរមុននឹងផ្តាច់ជំនួយ។ គេក៏មិនចង់ផ្តាច់ដែរ គេតែងតែចង់ឃើញយើងធ្វើបានល្អ»។
កាលពីពេលថ្មីៗនេះ ទាំងក្រុមអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក ទាំងសមាជិកសភាអាមេរិក សមាជិកសភាអឺរ៉ុប និងតំណាងរាស្រ្តអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បាននាំគ្នារិះគន់ទៅលើច្បាប់នេះផងដែរ ថា អាចនាំកម្ពុជាឈានទៅរកការគ្រប់គ្រងផ្ដាច់មុខរបស់គណបក្សតែមួយទៅថ្ងៃអនាគត ដោយថាច្បាប់នេះ នឹងបើកសិទ្ធិឲ្យរដ្ឋាភិបាល មានអំណាចកាន់តែខ្លាំង ក្នុងការរារាំងបក្សនយោបាយដទៃ ដែលជាគូរប្រជែងខ្លួន ហើយទៅថ្ងៃមុខវាជាគ្រោះថ្នាក់មួយនៃដំណើការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែ ក្រសួងការបរទេសកម្ពុជា កាលពីម្សិលមិញ ចេញសេចក្តីថ្លែងការណ៍តបនឹងស្ថានទូតសហរដ្ឋអាមេរិក ដោយកម្ពុជាអះអាងថា ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ អនុវត្តជាទូទៅចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ហើយថាវាជាតម្រូវការចាំបាច់ជាមូលដ្ឋាន ដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យត្រូវគោរពតាម។
រដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយថាត្រូវគោរពគោលការណ៍អន្តរជាតិនៃការមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុង និងគោរពអធិបតេយ្យភាពកម្ពុជា។
តំណាងរាស្ត្របក្សកាន់អំណាច៦៦រូប បានធ្វើវិសោធកម្មច្បាប់ស្តីពីគណបក្សនយោយ កាលពីថ្ងៃចន្ទដោយគ្មានតំណាងរាស្ត្របក្សប្រឆាំង៥៥រូបចូលរួមនោះទេ។
ស្ថានទូតអាមេរិកបានលើកឡើងថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ មានការពិគ្រោះឬពិភាក្សាគ្នាជាសាធារណៈតែបន្តិចបន្តួចប៉ុណ្ណោះ ហើយថាវិសោធនកម្មនេះ «បានផ្ដល់អំណាចយ៉ាងធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ» ហើយនឹងកំណត់លក្ខខណ្ឌមិនច្បាស់លាស់ ដែលអាចឈានទៅរំលាយគណបក្សនយោបាយតែម្ដង។
ក្រៅពីអាមេរិក ក៏មានសហគមន៍ជាតិនិងអន្តរជាតិ រិះគន់ថាច្បាប់ថ្មីនេះបាន«ផ្តល់អំណាចដ៏លើសលប់ដល់រដ្ឋាភិបាលក្នុងការរំលាយគណបក្សណាមួយហើយឈានទៅរករបបឯកបក្ស»៕