អាជីវករលក់ត្រីនៅផ្សារថៃតវ៉ាបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត

អាជីវករលក់ត្រីនៅផ្សារថៃតវ៉ាបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត (នគរបាលក្រុងប៉ោយប៉ែត)

អាជីវករនាំត្រីទៅលក់នៅផ្សារថៃតវ៉ាបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឲ្យភាគីថៃបញ្ចុះតម្លៃយកភាស៊ីលើខេងត្រីរបស់ពួកគេ។

អាជីវករម្នាក់លោក អឿន វិត ឲ្យដឹងថា អាជីករលក់ត្រីនៅផ្សារថៃរាប់រយនាក់នៅថ្ងៃព្រហស្បតិ៍នេះបាននាំគ្នាតវ៉ាដោយចាក់ត្រីបិទច្រកទ្វាអន្តរជាតិ បន្ទាប់ពីភាគីថៃយកថ្លៃភាស៊ីខ្ពស់ដោយមិនបានជូនដំណឹងមុន។

លោកថា ជាធម្មតាថៃយកភាស៊ីត្រី១០០គីឡូតែ៣៥០បាតប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃនេះបានឡើងដល់១៥០០បាតហើយមិនបានជូនដំណឹងមុនឡើយ ដែលជាហេតុធ្វើឲ្យក្រុមអាជីវករមិនអាចទទួលយកបាន។

លោកបន្ថែមថា «កាលមុនគេយក១ទេះមានត្រី១០០គីឡូ៣៥០បាត ដល់ពេលព្រឹកម៉ិញនេះគេយក១៥០០បាត ដល់ពេលអញ្ចឹងថ្លៃពេក ដល់ពេលអញ្ចឹងយើងទៅម៉េចរួច បងគិតមើលទៅ ដល់ពេលអញ្ចឹងនាំគ្នាបិតផ្លូវតែម្តងទៅកុំឲ្យចូលរួចទាំងគ្នា»។

លោកបន្តថា អាជីវករបាននាំគ្នាតវ៉ាបិតផ្លូវជាង៣ម៉ោងទើបមានការសម្របសម្រួសពីអាជ្ញាធរនៃ ប្រទេសទាំងពីរ។

អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ មានប្រសាសន៍ថា បន្ទាប់ពីមានការកកស្ទះអាជ្ញាធរកម្ពុជាបានសម្របសម្រួលជាមួយភាគីថៃ ដោយសុំឲ្យភាគីថៃរក្សាការយកថ្លៃភាស៊ីនៅដដែល ហើយក្រុមអាជីវករក៏សម្រេចបើកផ្លូវធម្មតាវិញ។

លោកបន្ថែមថា «ភាគីគយថៃហ្នឹង គាត់តម្លើងលើសតម្លៃសព្ទដងហើយមិនបានប្រាប់មុន និងតម្លើងខ្ពស់រហូតដល់ប្រជាពលរដ្ឋមិនអាចទទួលយកបាន។ ក្រោយតវ៉ានេះ អាជ្ញាធរខ្មែរនិងអាជ្ញាធរថៃឲ្យកម្មករគាត់ឆ្លងកាត់ធម្មតាវិញ ដោយសារភាគីថៃគាត់មានកំហុសដែលឡើងថ្លៃ ដោយមិនបានជូនដំណឹងមុន ព្រោះរាល់ពេលឡើងថ្លៃត្រូវមានការជូនដំណឹងដល់ភាគីម្ខាងមុន»។

អាជីវករអះអាងថា ប្រសិនបើភាគីថៃនៅតែបន្តឡើងថ្លៃភាស៊ីច្រើន​បែបនេះ ពួកគេនឹងនាំតវ៉ាបិទផ្លូវម្តងទៀត ហើយពួកគេស្នើឲ្យអាជ្ញាធរកម្ពុជាត្រូវជាដោះស្រាយឲ្យទាន់ពេលវេលា នៅពេលបញ្ហាកើតឡើងភ្លាមៗ។

កាលពីឆ្នាំ២០១៥ កម្មករអូសរទេះរាប់រយនាក់បានធ្វើបាតុកម្មបិទផ្លូវជាតិ៥នៅចំណុចមុខ ការិយាល័យ និងរដ្ឋាករក្រុងប៉ោយប៉ែតដោយទាមទារមិនឲ្យមានការបង់ពន្ធសម្រាប់ទំនិញនាំចូល ដោយបាតុកម្មនោះបានឈានដល់អំពើហិង្សា និងបានបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ