វៀតណាម​ប្រកាស​ដាក់​ទោស​មន្ត្រី​ជាន់​ខ្ពស់​ជុំ​វិញ​ករណី​ត្រី​ពុល​ស្លាប់​រាប់​ពាន់​តោន

ប្រទេស​វៀតណាម​បាន​និយាយ​ថា ខ្លួន​នឹង​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់ ១១​រូប ដែល​បាន​ប្រព្រឹត្ត​ខុស ជុំវិញ​ករណី​កាក់​សំណល់​ពុល​កាល​ពី​ឆ្នាំ​មុន ដែល​បាន​សម្លាប់​ត្រី​រាប់​ពាន់​តោន និង​ជា​មហន្តរាយ​បរិស្ថាន​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា ក្រុមហ៊ុន​ផលិត​ដែក​ថែប​របស់​តៃវ៉ាន់ Formosa ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​នេះ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​នេសាទ​​នៅ​តំបន់​ឆ្នេរ​សមុទ្រ ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ផាក​ពិន័យ​ជា​ប្រាក់ ៥០០​លាន​ដុល្លារ។

ក្រុម​ប្រជា​នេសាទ និង​សកម្មជន​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ចេញ​តវ៉ា​ដោយ​កម្រ ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​នេះ​បាន​កើត​ឡើង ហើយ​ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ខាង​លើ ដោយ​ទាមទារ​សំណង​សមរម្យ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​នៅ​លើ​វេបសាយ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ឲ្យ​ដឹង​ថា មន្ត្រី​ចំនួន ១១​រូប ក្នុង​នោះ​មាន​ទាំង​អតីត​រដ្ឋ​មន្ត្រី​បរិស្ថាន​ និង​អតីត​អភិបាល​ក្រុង​ផង​ដែរ បាន​រំលោភ​លើ​ច្បាប់ និង​គ្រប់​គ្រង​បញ្ហា​នេះ​មិន​បាន​ល្អ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បាន​រៀបថា ទង្វើ​រំលោភ​ច្បាប់​នេះ មាន​កម្រិត​ធ្ងន់​ធ្ងរ និង​ត្រូវ​តែ​ទទួល​ការ​ពិន័យ ប៉ុន្តែ គេ​ពុំ​បាន​ដឹង​ពី​របៀប​ដែល​គេ​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​ទាំង​នោះ​ឡើយ។

ត្រី​រាប់​ពាន់​តោន ក្នុង​នោះ​មាន​ទាំង​ប្រភេទ​ត្រី​កម្រ​ផង​ដែរ ត្រូវ​គេ​ប្រមូល​បាន​នៅ​តាម​ឆ្នេរ​សមុទ្រ បន្ទាប់​ពី​ពុលកាក់​សំណល់​គីមី ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​មាន​កំហឹង​ពី​សាធារណជន​នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ